25/11/2024 - 15:20

ហូវ​យ៉ាង ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច 

ច្រើន​ឆ្នាំ​កន្លង ខេត្ត​ហូវ​យ៉ាង បាន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​អំ​ពី​ការ​ងារ​ជន​ជាតិ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ។ ទន្ទឹម​នឹង​នោះ ជា​មួយ​ការ​ខិត​ខំ​ឈាន​ឡើង ឃើញ​ថា ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ជា​វិជ្ជ​មាន។

មាន​គ្រួសារ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​ហូវ​យ៉ាង បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​អា​ស្រ័យ​
ទម្រង់ចិញ្ចឹមអន្ទង់ដោយមិនប្រើភក់។

មុន​ឆ្នាំ​២០១៥ គ្រួ​សារ​លោក លីនី នៅ​ភូមិ​៥ ឃុំ​សា​ភៀង ស្រុក​ឡុង​មី ឋិត​ក្នុង​ក្រម​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ។ ចាប់​ពី​ឆ្នាំ​២០១៥ ដោយ​ការ​ជំ​នួយ​ដើម​ទុន​ពី​ភូមិ​ភាគ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​បទ​ពិសោធន៍ គ្រួ​សារ​របស់​គាត់​ចាប់​ផ្តើម​បង្កើត​ហ្វូង​ជ្រូក។ ក្រោយ​ពី​លក់​និង​ទូទាត់​រួច​ស្រេច គ្រួ​សារ​គាត់​នៅ​ចំ​ណេញ​បាន​ប្រាក់​ពី ៨០ ទៅ ៩០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ មិន​ឈប់​ត្រឹម​នេះ នៅ​ឆ្នាំ​២០១៩ គាត់​បាន​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​អន្ទង់ និង​ធ្វើ​ការ​ឈ្នួល​នៅ​ពេល​ទំ​នេរ។ ហេតុ​នេះ គ្រួ​សារ​គាត់​បាន​រួច​ចាក​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។

លោក​លីនី បាន​ចែក​រំលែក​ថា អស់​រយៈ​ពេល​ប្រ​ហែល​៣​ឆ្នាំ​មក​នេះ ផ្តើម​ពី​ការ​ចិញ្ចឹម​ជ្រូក អន្ទង់ និង​ធ្វើ​ការ​ឈ្នួល គ្រួ​សារ​លោក​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ១៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំៗ។ នា​ពេល​ខាង​មុខ លោក​នឹង​ពង្រីក​ផ្ទៃ​ដី​ចិញ្ចឹម​អន្ទង់ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ។ បើ​តាម​លោក​លីនី ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​សម្រាប់​គ្រួ​សារ​ដែល​មាន​ដី​តិច​តួច និង​ខ្វះ​ដើម​ទុន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ពី​គោល​នយោ​បាយ ត្រូវ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​សង្កេត​សិក្សា និង​ជ្រើស​រើស​បាន​ទម្រង់​រក​ស៊ី​ល្អៗ​ដែល​មាន​ប្រ​សិទ្ធ​ភាព។

លោក​ដាំង​ហ្វាង​វ៉ូវ អនុ​ប្រ​ធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​មី បាន​ឱ្យ​ដឹង​ថា ឡុង​មី​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាង២.៤០០​ គ្រួ​សារ ដោយ​មាន​ប្រ​ជា​ជន​ជាង​៩.៦២០ នាក់។ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​មាន​ជាង៩.០៦០ នាក់ ជន​ជាតិ​ចិន​មាន​ជាង​៥៥០​ នាក់។ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ស្រុក​ឡុង​មី តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​ជន​ជាតិ​លើ​វិស័យ​ជា​ច្រើន អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន។

យោង​តាម​ប្រ​សាសន៍​លោក ត្រឿង​កាញ់​តៀង អនុ​ប្រ​ធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង មក​ទល់​ពេល​នេះ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ទូទាំង​ខេត្ត​នៅ៩៤៨ គ្រួ​សារ ស្មើ​នឹង​១០,៧% នៃ​ចំនួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ស្មើ​នឹង​១៤,៣៤% នៃ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​សរុប​ក្នុង​ខេត្ត; គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​ជាង៥០០ គ្រួ​សារ ស្មើ​នឹង៦,២% និង៧,៤៨% រៀង​គ្នា។ បើ​ប្រៀប​នឹង​ឆ្នាំ២០១៩ គិត​តែ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ៤១,៣% ហើយ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​បាន​ថយ​ចុះ២៣,៦៣%។ នា​ពេល​ខាង​មុខ ខេត្ត​នឹង​បន្ត​ផ្តល់​អា​ទិ​ភាព​ដល់​ការ​កៀរ​គរ និង​រួម​បញ្ចូល​ប្រ​ភព​វិនិ​យោគ​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម ធា​នា​ថា គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​បាន​ប្រើ​ប្រាស់​បណ្តាញ​អគ្គិសនី​ជាតិ ទទួល​បាន​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ដើម្បី​បម្រើ​ដល់​ការ​ផលិត​និង​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ។ ខេត្ត​បាន​ពង្រីក​ប្រ​ភព​ធន​ធាន ទាញ​យក​សក្តា​នុភាព និង​ឧត្តម​ភាព​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ជំ​រុញ​ការ​បង្វែរ​ចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិកម្ម​ជន​បទ​និង​បង្វែ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​នៅ​តំបន់​ជន​ជាតិភាគ​តិច ឆ្ពោះ​ទៅ​រក​ការ​ផលិត​មុខ​ទំនិញ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទីផ្សារ៕

យោង​តាម​កា​សែត​ជន​ជាតិ​និង​តំបន់​ភ្នំ - សុ​ផន

ចែករំលែកអត្ថបទ