លោកថាច់ធាសិរី មានស្រុកកំណើតនៅទីប្រជុំជនចូវថាញ់ ខេត្តត្រាវិញ ឆ្នាំនេះមានអាយុ៦៥ឆ្នាំ ប៉ុន្តែគាត់បានផ្សារភ្ជាប់នឹងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរជាង៤៥ឆ្នាំ។ តាំងពីអាយុ ១៩ឆ្នាំ គាត់បានចូលប្រឡូកក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ហើយក៏បានរួមចំណែកយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៃអង្គភាពនេះ។ ឆ្នាំ១៩៨៩ គាត់រៀបការ ហើយមកសាងជីវភាពនៅភូមិលិចក្តី ឃុំភូកឹង ស្រុក ទីវកឹង រហូតមកទល់នឹងសព្វថ្ងៃ។
លោកថាច់ធាសិរី។
ទោះបីរស់នៅទីណាក៏ដោយការស្រឡាញ់ ចូលចិត្តខាងវិស័យសិល្បៈប្រពៃណីសម្រាប់គាត់ គឺមិនដែលផ្លាស់ប្តូរឡើយ។ អស់រយៈកាលជាច្រើនឆ្នាំ គាត់បានជួយភូមិភាគកន្លែងដែលគាត់រស់នៅ ចងក្រងឈុតឆាករាំច្រៀងសម្រាប់ចូលរួមប្រឡងសមោសរសិល្បៈខ្មែរនៅក្នុងខេត្តនិងនៅតំបន់ណាមបូ ដោយទទួលបានរង្វាន់ជាច្រើន។ តួយ៉ាងដូច៖ មេដាយប្រាក់ក្នុងពិធីមហោស្រពសិល្បៈជំនាញ ឆ្នាំ១៩៨៥ អាស្រ័យក្រសួងវប្បធម៌និងសមាគមសិល្បករមហោស្រពវៀតណាមផ្តល់ជូន។ ចំណែករង្វាន់សមូហភាព គាត់ក៏បានដំឡើងកម្មវិធីឱ្យអង្គភាពស្រុកទីវកឹងចូលរួមប្រឡងសមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញ ទទួលបានរង្វាន់លេខ១ ទូទាំងក្រុម២ ឆ្នាំបន្តបន្ទាប់ ឆ្នាំ២០១២និង២០១៣ ព្រមទាំងរង្វាន់ផ្សេងៗទៀត។
លោកថាច់ធាសិរី កំពុងណែនាំសិក្ខាកាមប្រគំឧបករណ៍ភ្លេងប្រពៃណី។
លោកថាច់ធាសិរី ឱ្យដឹង៖ “ខ្ញុំបាទស្រឡាញ់ចូលចិត្តសិល្បៈប្រពៃណីខ្មែរតាំងពីយុវវ័យមកម៉្លេះ។ សម្រាប់ខ្ញុំ តន្ត្រីគឺជាការស្រឡាញ់ចូលចិត្តនិងជាផ្នែកមួយនៃអាជីពផងដែរ។ ឆាកជីវិតរបស់ខ្ញុំតែងផ្សារភ្ជាប់នឹងតូរ្យតន្ត្រី។ រយៈពេលកន្លង មានវត្តអារាមខ្មែរជាច្រើនក្នុងខេត្តបានអញ្ជើញខ្ញុំទៅជួយបង្រៀនភ្លេងពិណពាទ្យ។ ក្រៅពីការបង្ហាត់ភ្លេងពិណពាទ្យ ខ្ញុំនៅទាំងបង្ហាត់ដល់យុវវ័យជំនាន់ក្រោយឱ្យចេះប្រគំនូវឧបករណ៍ភ្លេងផ្សេងៗទៀត។ ក្នុងនោះ មានសិស្សរបស់ខ្ញុំ ជាច្រើននាក់ចេះលេងឧបករណ៍ភ្លេងមួយចំនួន បានយ៉ាងស្ទាត់ជំនាញ ហើយក៏បានទៅចូលរួមសម្តែងប្រគំភ្លេងប្រពៃណីនៅសមោសរ ពិធីប្រឡងទទួលបានរង្វាន់ជាច្រើន”។ បងថាច់ចម្រុង សិស្សរបស់លោកថាច់ធាសិរី ឱ្យដឹង៖ “ខ្ញុំបានរៀនភ្លេងតាំងពីឆ្នាំ២០១៤មក ខ្ញុំអរគុណលោកគ្រូធាសិរីខ្លាំងណាស់ គាត់តែងបង្ហាត់បង្រៀនអស់ពីចិត្តពីថ្លើម មិនចំពោះតែរូបខ្ញុំទេ គឺសិក្ខាកាមទាំងអស់តែងបានលោកគ្រូជួយបង្ហាត់បង្ហាញពីបំណិននៃការប្រគំឧបករណ៍ភ្លេងផ្សេងៗ”។
លោកថាច់ហ្វាងណាម អនុលេខាគណៈកម្មាធិការបក្សឃុំភូកឹង ឱ្យដឹង៖ “លោកថាច់ធាសិរី បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ នេះគឺជាគំរូល្អសម្រាប់យុវវ័យជំនាន់ក្រោយរៀនសូត្រតាម”៕
សើុងម៉ាល័យ-មុនី