ចុងឆ្នាំ ២០២៤ ខេត្តបាកលីវនឹងរៀបចំ Festival របរផលិតអំបិលវៀតណាម ដើម្បីផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់កសិករផលិតអំបិល ផ្សារភ្ជាប់នឹងរបរផលិតអំបិលប្រពៃណី។
កសិករបាកលីវកំពុងប្រមូលផលអំបិល។
តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ របរផលិតអំបិលនៅបាកលីវមានប្រមាណ ២០០ ឆ្នាំ បានក្លាយជារបរប្រពៃណីនៅភូមិភាគ។ ផលិតផលអំបិលបាកលីវ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តឆ្នាំ២០១៣។ ឆ្នាំ ២០២០ របរផលិតអំបិលខេត្តបាកលីវ បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ បច្ចុប្បន្ន ខេត្តមានផ្ទៃដីផលិតអំបិលប្រមាណ១.៥០០ហិកតា ប្រមូលផ្តុំនៅស្រុកហ្វាប៊ិញនិងដុងហាយ ដោយមានពលករប្រមាណជាង១.៥២០ នាក់។ ជារៀងរាល់ឆ្នាំ ផលិតផលអំបិលទូទាំងខេត្តសម្រេចជាង២៧.០០០តោន។ សម្រេចទិន្នផលមធ្យមភាគជិត១៧តោន/ហិកតា (សម្រាប់ការផលិតអំបិលប្រពៃណី) និងសម្រេចជាង៣៧តោន/ហិកតា (សម្រាប់ស្រែអំបិលក្រាលតង់កៅស៊ូ)។ មកទល់ពេលនេះ ខេត្តមានផលិតផលអំបិលចំនួន ១០ បានទទួលស្គាល់សម្រេចវិញ្ញាបនបត្រ OCOP ហើយផលិតផលនេះ ទាក់ទាញបានទីផ្សារទម្រើស មានដូចជប៉ុន និងកូរ៉េជាដើម។
វាលស្រែអំបិលនៅខេត្តបាកលីវ។
លោកង្វៀងវ៉ាន់ណាម នៅស្រុកដុងហាយ ផ្សារភ្ជាប់នឹងរបរផលិតអំបិលជាង ៣០ ឆ្នាំ។ យោងតាមសម្តីលោកណាម ចង់រក្សាបានរបរផលិតអំបិល មាមីងត្រូវតែឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ពីព្រោះការផលិតអំបិលតែងស្ថិតក្រោមកម្តៅមេឃក្តៅខ្លាំង។ រដូវផលិតអំបិលនៅបាកលីវ ចាប់ពីខែកក្តិកដល់ខែចេត្រ។ ជំហានដំបូង នៅលើស្រែអំបិលកសិកររៀបចំបង្ហាប់ធារឱ្យរឹង ដើម្បីកាត់បន្ថយទាបបំផុតការជ្រាបទឹកសមុទ្រចូលទៅក្នុងដី។ បន្ទាប់មកបញ្ចូលទឹកសមុទ្រ ហាលស្ងួតដើម្បីធ្វើឱ្យដីស្រែឡើងកម្រិតប្រៃ។ ពេលធារស្រែអំបិលសម្រេចតាមតម្រូវការ មាមីងបូមទឹកសមុទ្របញ្ចូលស្រែ។ ក្រោមឥទ្ធិពលនៃកម្តៅព្រះអាទិត្យ ទឹកហួតនឹងធ្វើឱ្យកម្រិតប្រៃនៃទឹកសមុទ្រនៅស្រែហាលកើនឡើង។ បន្ទាប់មក កសិករបង្ហូរទឹកប្រៃនោះទៅអំពកស្រែក្រោមដើម្បីបណ្តុះអំបិល។ ពេលដែលអំបិលដុះឡើង មាមីងយកខ្នៀសកៀសពូនជាដុំៗ ធ្វើតាមរបៀបនេះ រហូតដល់បានប្រមូលផល។
តាមប្រសាសន៍លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ខេត្តបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ផ្តល់ថវិកាជិត១៣០ពាន់លានដុង សម្រាប់វិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍរបរផលិតអំបិល។ ខេត្តនឹងអភិវឌ្ឍផ្នែកអំបិលតាមទិសដៅប្រសិទ្ធភាព ចីរភាព ផ្អែកលើមូលដ្ឋានគ្រឹះ ឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាពនៃឧត្តមភាពរបស់ភូមិភាគនីមួយៗ ដែលមានប្រពៃណីផលិតអំបិលដើម្បីបង្កើនទិន្នផល គុណភាពនិងធ្វើពិពិធកម្មប្រភេទផលិតផលអំបិល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអំបិលក្នុងប្រទេសនិងការនាំចេញ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល លំនឹងជីវភាពនៃអ្នកផលិតអំបិល។ ពិសេសក្នុងឱកាសរៀបចំ Festival របរផលិតអំបិលវៀតណាម ខេត្តរំពឹងថា នឹងទាក់ទាញអាជីវកម្មក្នុងនិងក្រៅប្រទេសប្រើប្រាស់ផលិតផលអំបិល ដើម្បីកសិករប្រកបរបរផលិតអំបិលមានជីវភាពធូរធារ៕
យ្វីអាញ់-មុនី