មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/04/2024 - 16:21

តំបន់​ជន​បទ​ផ្លាស់​ប្ដូរ​មុខ​មាត់

តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ បន្ត​ផ្លាស់​ប្ដូរ​មុខ​មាត់ អា​ស្រ័យ​គោល​នយោ​បាយ​ពិសេស ដោយ​ឡែក​និង​កម្មវិធី គម្រោង​នានា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ ជន​រួម​ជាតិ​ភាគ​តិច​បាន​អនុវត្ត​នូវ​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជា​ច្រើន ដើម្បី​មាន​ជីវ​ភាព​លំ​នឹង ចាក​ផុត​ពីភាព​ក្រី​ក្រ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​កឹង​ធើ បន្ត​ត្រូវ​បាន​វិនិយោគ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង។

ឃុំ​ទ្រឿង​ថាញ់ ស្រុក​ធើយ​ឡាយ ទើប​បាន​ទទួល​ស្គាល់​ជា​ឃុំជន​បទ​ថ្មី​ខ្នាត​គំរូ។ នេះ​ជា​ឃុំ​ទី ២ របស់​ស្រុក​ដែល​សម្រេច​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ខ្នាត​គំរូ។ ប្រ​ការ​ដែល​គួរ​រីក​រាយ​នោះ គឺ​ឃុំ​ទាំង ២ នេះ សុទ្ធ​តែ​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ តាម​ថេរ​ដីកា​របស់ព្រះ​ឧបជ្ឈាយ៍ ម៉ាយ​សែ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ ដោយ​សារ​លក្ខឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ​ទាំង​នេះ បាន​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​មាន​ឱកាស​ធ្វើ​ការ​រក​ស៊ី ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​រីក​ចម្រើន។ ប្រ​ការ​ដែល​ងាយ​ឃើញ​បំ​ផុត គឺ​នៅ​ពេល​អគ្គិសនី ផ្លូវ​ថ្នល់ អគារ​សិក្សា​ដំ​ណាក់​សុខាភិ​បាល​សម្រេច​បទដ្ឋាន ពុទ្ធ​បរិស័ទ​មាន​លក្ខណៈ​ធ្វើ​ដំ​ណើរ​ទៅ មក​លក់​ដូរ បង្វែរ​ទម្រង់​ផលិត​កម្ម៘ ពេល​ឈឺ​ថ្កាត់​គឺ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិបាល មាន​គ្រូ​ពេទ្យ​ពិនិត្យ​ព្យា​បាល។

តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ធើយ​ដុង និង​ឃុំ​ធើយ​ស្វឹង ក៏​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ដែរ។ ពូ​ដាវ​សុខ នៅ​ភូមិ​ធើយ​ទ្រឿង ២ ឃុំ​ធើយ​ស្វឹង ឱ្យ​ដឹង៖ “សព្វ​ថ្ងៃ ចង់​ទិញ​ឥវ៉ាន់ គ្រាន់​តែ​ទូរ​ស័ព្ទ ហៅ​គឺ​មាន​មនុស្ស​យក​មក​ដល់​ផ្ទះ​ភ្លាម ងាយ​ស្រួល​ខ្លាំង​ណាស់ បាន​ដូច្នេះ​គឺ​អា​ស្រ័យ​រដ្ឋវិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​តភ្ជាប់ ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​ដោយ​ទោ​ចក្រ​យាន និង​ទាំង​រថ​យន្ត​ដឹក​ជញ្ជូន​ខ្នាត​តូច​ទៀត​ផង។ ហេតុ​នោះ ខ្ញុំ​លក់​ស្រូវ​បាន​ថ្លៃ​ដោយ​មិន​បាច់ ចំ​ណាយ​ច្រើន​លើ​ថ្លៃ​ដឹក​ជញ្ជូន”។

តាម​ប្រ​សាសន៍​លោក ង្វៀង​ហ្វាង​ហាយ អនុប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ-ដ គ្រប់​ឃុំ​ទាំង​អស់​លើ​ភូមិ​សាស្ត្រ​ស្រុក តែង​បាន​និង​កំពុង​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ម្ល៉ោះ​ហើយ​លក្ខណៈ​រស់​នៅ​របស់​ជន​រួម​ជាតិ​ក៏​រីក​ចម្រើន​ឡើង​ផង​ដែរ។ ពូ​ចូវ​ណាំ នៅ​ភូមិ​ធើយ​ហ្វា B ទី​ប្រ​ជុំ​ជន​កើ-ដ ឱ្យ​ដឹង៖ “ខ្ញុំ​កើត​និង​ធំ​ដឹង​ក្តី នៅ​ទី​នេះ ម្ល៉ោះ​ហើយ ខ្ញុំ​ត្រេក​អរ​ដោយ​ឃើញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ផ្លាស់​ថ្មី គឺ៖ ផ្ទះ​សម្បែង​រឹង​មាំ ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល អគ្គិសនី​គ្រប់​គ្រាន់​សិស្ស​បាន​រៀន​ក្នុង​សា​លា​សម្រេច​បទដ្ឋាន​ជាតិ ការ​ផ្លាស់​ថ្មី​ទាំង​អស់​នេះ​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះដើម្បី​ជន​រួម​ជាតិ​ខ្មែរ ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

តាម​ប្រ​សាសន៍​លោក ឡេ​ទ្រុង​កៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ក្រុង​រយៈ​ពេល​កន្លង ត្រូវ​បាន​អនុវត្ត​ល្អ​ប្រ​សើរ ពិសេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន តំបន់​ជន​ជាតិ​កាន់​តែ​រឹង​មាំ និង​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ផ្តើម​ពី​នោះ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​ជន​រួម​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល​ឈាន​ឡើង​ធ្វើ​មាន។ គិត​មក​ដល់​ចុង​ឆ្នាំ ២០២៣ ទូទាំង​ក្រុង​នៅ​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ​តែ ០,៥៤% ប៉ុណ្ណោះ៕

                                ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ