មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងអប់រំប្រចាំស្រុកថ្វយសើុង ខេត្តអាងយ៉ាង បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនទីប្រជុំអុកអែវ ស្រុកថ្វយសើុង រៀបចំបើកវគ្គសិក្សាត្បាញហូលខ្មែរ កម្រិតបឋមដល់សិក្ខាកាមជាជនជាតិខ្មែរ ៣០ នាក់។
ដើម្បីត្បាញបានផលិតផលសំពត់ហូលមួយក្បិន ត្រូវចំណាយពេលនិងកម្លាំងច្រើន។
“វគ្គសិក្សានេះ សំដៅស្តារឡើងវិញរបរត្បាញហូលរបស់ជនរួមជាតិខ្មែរកំពុងរស់នៅលើភូមិសាស្ត្រ។ ក្នុងរយៈពេល ៤ ខែ សិក្ខាកាមនឹងបានសិក្សាពីចំណេះដឹងនិងបំណិននៃការត្បាញហូលរបស់ជនរួមជាតិខ្មែរ ដើម្បីបង្កើតបានផលិតផលក្រោយពីបញ្ចប់ការសិក្សា។ ផ្តើមពីនោះ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រមជាមួយនោះ រកបានប្រាក់ចំណូលស្របច្បាប់សម្រាប់ខ្លួនឯងនិងគ្រួសារ” - លោកម៉ាយស្វឹងធ្វី ប្រធានគណៈកម្មការអនុសង្កាត់តឹងដុង (ទីប្រជុំជនអុកអែវ) បានឱ្យដឹងដូច្នេះ។
របរត្បាញហូល ផ្តើមពីតម្រូវការដេរសម្លៀកបំពាក់ ដូចជា សារុង អាវ កាបូប ។ល។ ប៉ុន្តែ ដើម្បីបង្កើតបានផលិតផល ជាងតម្បាញត្រូវមានព្យាយាមនិងអត់ធ្មត់។ បងស្រី នាងចន្ធី (គ្រូបង្រៀនត្បាញហូល នៅទីរួមខេត្តទិញបៀង) ចែករំលែក៖ “ទម្រាំបានហូលមួយក្បិន គឺត្រូវឆ្លងកាត់ជាច្រើនដំណាក់ការតាំងពីការជ្រលក់ពណ៌ល័ក្ដ ចងគាត លើកគោមបែងក្រឡាបង្កើត ជាក្បាច់រចនាវិចិត្រផ្សេងៗ។ល។ អំបោះសូត្រ បន្ទាប់ពី “ចងគាត” ត្រូវបានជ្រលក់ពណ៌ល័ក្ដឡើងវិញតាមបែបគំរូយ៉ាងសម្បូរបែប។ ដើម្បីត្បាញបានហូលមួយក្បិន ត្រូវឆ្លងកាត់ ១៧ ដំណាក់ការ ហើយដំណាក់ការនីមួយៗមានសារៈសំខាន់ដូចគ្នា គ្រាន់តែធ្វើខុសដំណាក់ការណាមួយគឺត្រូវធ្វើឡើងវិញពីដំបូង”។
សំពត់ហូលរបស់ជនរួមជាតិខ្មែរ ត្រូវបានប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជា៖ សម្លៀកបំពាក់ កន្សែង វាំងនន កាបូប ។ល។ ផលិតផលមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងជីវភាពប៉ុណ្ណោះទេ ថែមទាំងជាគ្រឿងអលង្ការដ៏ពិសេស បង្ហាញពីលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរ។ ដើម្បីក្រេបយកចំណេះដឹងបានឆាប់ សិក្ខាកាមម្នាក់ៗតាំងចិត្តសិក្សាឱ្យបានល្អ បង្កើតផលិតផលហូលដ៏ប្រណីត។ សម្រាប់ពួកគេ ដំបូងគឺថែរក្សាវប្បធម៌របស់ជនជាតិខ្លួន បន្ទាប់មកគឺរំពឹងថានឹងបានចាកផុតពីភាពក្រីក្រតាមរយៈការលក់នៅផលិតផលហូលដែលពួកគាត់ផលិត។
“ត្បាញហូលជារបរមួយទាមទារត្រូវមានភាពប៉ិនប្រសប់ ព្យាយាមនិងអត់ធ្មត់។ អ្នកតម្បាញត្រូវតែស្ទាត់ជំនាញបច្ចេកទេសត្បាញ ទន្ទឹមនឹងនោះ ត្រូវមានសមត្ថភាពច្នៃប្រតិដ្ឋក្នុងការត្បាញ ដើម្បីបង្កើតបានជាផលិតផលហូលដ៏ប្រណីត។ ការរវៃអន្ទងផ្ទៃសូត្រ ចងគាត លើកគោមជាក្រឡាក្បាច់។ល។ សម្រាប់ខ្ញុំគឺពិបាកទាំងអស់ ព្រោះខ្ញុំទើបតែចាប់ផ្តើមរៀន” បងស្រីម៉ាយធីសង (ស្នាក់នៅអនុសង្កាត់តឹងដុង) បានឱ្យដឹងដូច្នេះ។
កំពុងចាប់ផ្តើមត្បាញ ប៉ុន្តែបងស្រី ចៅកឹមហ៊ុង (កើតឆ្នាំ ១៩៨៤ នៅអនុសង្កាត់តឹងដុង) ឱ្យដឹង៖ នាងខ្ញុំយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀនណែនាំ ដើម្បីធ្វើតាមឱ្យបានល្អ។ “ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះបានចូលរួមវគ្គសិក្សាត្បាញហូល។ ក្រោយពីបញ្ចប់វគ្គសិក្សា នាងខ្ញុំមានអាជីពត្បាញហូលប្រពៃណីដើម្បីប្រកបការរកស៊ីចិញ្ចឹមជីវិតក្នុងការត្បាញនិងលក់ផលិតផល ហូលរបស់ជនជាតិខ្លួន។ នាងខ្ញុំអរគុណរដ្ឋអំណាចភូមិភាគបានបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីខ្ញុំបានចូលរួមវគ្គសិក្សានេះ”- បងស្រីកឹមហ៊ុង បានឱ្យដឹងដោយក្តីរីករាយ។
របរត្បាញហូលរបស់ជនរួមជាតិខ្មែរ គឺជារបរប្រពៃណីប្រកបដោយលក្ខណៈវប្បធម៌និងមានតម្លៃសេដ្ឋកិច្ចដ៏សំខាន់។ តាមសម្តីបងស្រីនាងចន្ធី សំពត់ហូលមួយក្បិន ថ្លៃលក់ចាប់ពី៣០០.០០០ដុងឡើងទៅ។ ចំពោះផលិតផលហូលមានខ្នាតធំ អាចលក់ក្នុងតម្លៃពី១ ដល់ ៣ លានដុងក្នុងមួយក្បិន។ “បញ្ចប់វគ្គសិក្សាត្បាញហូល នាងខ្ញុំនឹងតភ្ជាប់ផលិតផលរបស់សិក្ខាកាមដល់គ្រប់កន្លែងទេសចរណ៍លើភូមិសាស្ត្រទីរួមខេត្តទិញបៀងបង្កលក្ខណសម្បត្តិប្រើប្រាស់ផលិតដល់អតិថិជន”- បងស្រីនាងចន្ធី បានឱ្យដឹងដូច្នេះ។
ដោយមានអត្ថន័យដ៏ជ្រាលជ្រៅ ឃើញថារបរត្បាញហូលរបស់ជនរួមជាតិខ្មែរ ទាមទារត្រូវមានការអភិរក្សនិងពង្រីក៕
យោង៖ កាសែតអាងយ៉ាង-មុនី