មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/08/2025 - 08:47

កសិករ​ចេះ​អនុវត្ត​ទម្រង់​រក​ស៊ី​ធ្វើ​មាន​ 

ដោយ​ឆន្ទៈ​ព្យា​យាម​និង​ស្មារតី​ជម្នះ​ការ​លំ​បាក​ បង​លី​ថុង នៅ​ភូមិ​ទំ​ពក់​សក់​A ឃុំ​មីទូ ទីក្រុង​កឹង​ធើ ជា​គំរូ​កសិករ​ខ្មែរ​ឆ្នើម​ឈាន​ឡើង​ធ្វើ​មាន​ពី​ការ​ធ្វើ​ស្រែ។​ ជា​មួយ​ទម្រង់​រួម​ផ្សំ​រវាង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​ធ្វើ​សេវា​កសិកម្ម​ រាល់​ឆ្នាំ​បង​ថុង គាត់​អាច​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១ ពាន់​លាន​ដុង។​

បង​លី​ថុង កំ​ពុង​លាង​ជម្រះ​ម៉ា​ស៊ីន​ច្រូត​ស្រូវ។​

បច្ចុប្បន្ន​ បង​ថុង មាន​ដី​ស្រែ​៨០​កុង​ ម៉ា​ស៊ីន​ភ្ជួរ​រាស់​៤​គ្រឿង​ និង​ម៉ា​ស៊ីន​ច្រូតស្រូវ​២​គ្រឿង​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជិត​២ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ​ បង​នៅ​ទាំង​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​ជិត​២​ពាន់​លាន​ដុង។​ តាម​ការ​រៀប​រាប់​របស់​បង​លី​ថុង ឆ្នាំ​១៩៩៦ ប្តី​ប្រ​ពន្ធ​បង​បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ ស្រែ​ឱ្យ​៦​កុង​ និង​ដី​មួយ​ធារ​សម្រាប់​សង់​ផ្ទះ​ពេល​ចេញ​រស់​នៅ​ដោយ​ឡែក។​ កាល​នោះ​ ក្រៅ​ពី​ធ្វើ​ស្រែ​បង​នៅ​ទាំង​ឆ្លៀត​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ ចំ​ណែក​ប្រ​ពន្ធ​នៅ​ផ្ទះ​បិត​ស្រា​និង​ចិញ្ចឹម​ជ្រូក។​ រៀង​រាល់​ឆ្នាំ​ ប្តី​ប្រ​ពន្ធ​បង​សន្សំ​សំ​ចៃ​ទិញ​បាន​ដី​ស្រែ​ពី​២-៥​កុង។​ បង​ថុង ឱ្យ​ដឹង៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​គិត​ថា​ បើ​រស់​នៅ​តំ​បន់​ជន​បទ​ត្រូវ​តែ​មាន​ដី​ស្រែ​ច្រើន​ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​សន្សែ​សន្សំ​ប្រាក់​ពេល​មាន​អ្នក​ណា​បញ្ចាំ​ដី​ ឬ​លក់​ដី​យើង​មាន​ប្រាក់​ទិញ​ភ្លាម។​ ក្រៅ​ពី​នោះ​ ដើម្បី​ប្រិត​សំ​ចៃ​ក្នុង​ការ​ផលិត ខ្ញុំ​ធ្វើ​ការ​ងារ​ដោយ​ខ្លួន​ឯង​តាំង​ពី​ព្រោះ​ស្រូវ​ បាច​ជី ឆ្លូក​ស្រូវ​។ល។​ ដូច្នេះ​ ទើប​ការ​ផលិត​ស្រូវ​ចំ​ណេញ​ច្រើន”។​

សម្រាប់​ការ​ផលិត​ស្រូវ​វិញ​ បង​ថុង បាន​ជ្រើស​រើស​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ដូច​ជា​ OM ៥៤៥១ OM១៨ ដាយ​ថើម​៨​។ល។​ និង​អនុវត្ត​បច្ចេក​ទេស​ព្រោះ​រង្វើល​អនុវត្ត​ IPM ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​គោល​ការណ៍​៤​ត្រូវ (ត្រូវ​ថ្នាំ​ ត្រូវ​បរិ​មាណ​និង​កម្រិត​អង្សា​ត្រូវ​ពេល​ និង​ត្រូវ​របៀប) ម៉្លោះ​ហើយ​ ទិន្ន​ផល​ស្រូវ​សម្រេច​ជា​មធ្យម​ជាង​៨​តោន​ក្នុង​មួយ​ហិក​តា។​ ទន្ទឹម​នឹង​នោះ​ បង​ថុង នៅ​ទាំង​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​រាស់ ម៉ា​ស៊ីន​ច្រូត​ស្រូវ​សម្រាប់​ធ្វើ​ស្រែ​ផ្ទះ​ផង​និង​ធ្វើ​សេវា​កម្ម​ផង​ដើម្បី​រក​ប្រាក់​ចំ​ណូល។​ បង​ថុង ឱ្យ​ដឹង​បន្ថែម៖ “សព្វ​ថ្ងៃ​មាន​ម៉ា​ស៊ីន​ភ្ជួរ​រាស់ ម៉ា​ស៊ីន​ច្រូត​ស្រូវ​ ដូច្នេះ​ យើង​ម្ចាស់​ការ​បាន​ពេល​វេលា​ចុះ​ពូជ។​ ក្រៅ​ពី​ស្រែ​ផ្ទះ​ ខ្ញុំ​នៅ​ទាំង​ស៊ី​ឈ្នួល​ភ្ជួរ​រាស់ ច្រូតស្រូវ​ឱ្យ​មា​មីង​ជា​រួម​ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​៦០០​លាន​ដុង​។​ សរុប​ក្នុង​មួយ​ឆ្នាំ​ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ផលិត​ស្រូវ​និង​ធ្វើ​សេវា​កសិកម្ម​គឺ​ជាង​១​ពាន់​លាន​ដុង”។​

មិន​ត្រឹម​ធ្វើ​មាន​តែ​ខ្លួន​ឯង​ បង​នៅ​ទាំង​បង្ក​ការ​ងារ​ធ្វើ​ឱ្យ​ពលករ​ចំ​នួន​១៦​នាក់​នៅ​ក្នុង​ភូមិ​ ក្នុង​នោះ​ ពល​ករ​១៤​នាក់ធ្វើ​ការ​តាម​រដូវ​ស្រូវ​ និង​ពល​ករ​២​នាក់​ធ្វើ​ការ​ជុំ​ឆ្នាំ។​ ឆ្នាំ​២០២៤ បង​លី​ថុង ទទួល​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ (ចាស់​) ទទួល​ស្គាល់​កិត្តិ​នាម​ជា​កសិករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត៕​

                                  យ្វី​អាញ់-ដា​លីន

ចែករំលែកអត្ថបទ