អនុវត្តគម្រោង “អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ប្រពៃរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បានបើកថ្នាក់បង្រៀនសិល្បៈរបាំ ភ្លេងពិណពាទ្យ រាំវង់ ដល់អ្នកនិយមចូលចិត្តសិល្បៈ។
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ប្រគំភ្លេងពិណពាទ្យ។
សិល្បការិនីនៃក្រុមសិល្បៈខ្មែរសុកត្រាំង បង្ហាត់របាំក្នុងវត្តផ្តៅពេន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ។
តាមប្រសាសន៍លោក ឡឺវថាញហ៊ុង ប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឆ្នាំ២០២៣ ក្រុមបានរៀបចំបើកថ្នាក់បង្រៀន សិល្បៈរបាំ ភ្លេងពិណពាទ្យ និងរាំវង់ដល់សិក្ខាកាមជាង១៥០នាក់ ដែលជាសិល្បករ-ការិនី សិស្សសាលា តន្រ្តីករនិងអ្នកស្នេហាសិល្បៈ របាំ-បទភ្លេងមកពីក្រុម ក្លឹបសិល្បៈផ្សេងៗនៅតាមវត្តខ្មែរនិងសាលាជនជាតិអន្តេវាសិកនានាលើភូមិសាស្រ្តខេត្ត។ ម្យ៉ាងទៀត ថ្នាក់បង្រៀនភ្លេងពិណពាទ្យនិងរបាំ សិក្ខាកាមរៀនក្នុងរយៈពេល៦០ថ្ងៃ; ថ្នាក់រៀនរាំវង់នឹងបង្រៀនក្នុងរយៈពេល៣០ថ្ងៃ។
លោកឡឺវថាញហ៊ុង ឱ្យដឹង៖ “សិល្បៈប្រគំបទភ្លេងពិណពាទ្យ រាំវង់និងសិល្បៈរបាំត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ជាមោទនភាពរបស់ជនរួមជាតិខ្មែរ ម្ល៉ោះហើយអ្នកណាក៏និយមចូលចិត្តចង្វាក់រាំនិងបទភ្លេងដែរ។ បញ្ចប់វគ្គសិក្សា អ្នកណាក៏ចេះរាំ ចេះប្រគំបទភ្លេងទាំងអស់ ពីព្រោះសុទ្ធសឹងតែស្រឡាញ់ចូលចិត្តនិងមោទនភាពចំពោះវប្បធម៌ប្រពៃណីរបស់ជនជាតិ”។
ប្អូនគឹមខាញ់ង៉ុក សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “ឮថាមានថ្នាក់បង្រៀនរាំវង់ ប្អូនពេញចិត្តណាស់ ម្ល៉ោះហើយ ចុះឈ្មោះរៀនតែម្តង។ មិនត្រឹមតែបង្រៀនរាំវង់ប៉ុណ្ណោះទេ គ្រូបង្រៀនថែមទាំងបង្រៀនចង្វាក់រាំប្រពៃណីរបស់ជនជាតិ ហេតុនោះ ប្អូនបានរៀនចង្វាក់រាំរបស់ជនជាតិខ្មែរស្ទើរតែទាំងអស់ ហើយបានចូលរួមក្រុមសិល្បៈរបស់សាលាទៀតផង។ ពិសេស ចង្វាក់រាំវង់និងរាល់ចង្វាក់រាំប្រពៃណីផ្សេងៗរបស់ជនជាតិប្រកបដោយភាពអស្ចារ្យណាស់ កាន់តែរាំកាន់តែជក់ចិត្ត”។ ចំណែកគឹមដារី គ្រូបង្រៀនអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឱ្យដឹង៖ “ក្រោយពីរយៈពេលរៀនមួយខែ ខ្ញុំក្តាប់បានមូលដ្ឋានពីទម្រង់បទភ្លេង ចេះប្រគំបានបទភ្លេងជាច្រើនបទ ម្ល៉ោះហើយយកទៅបង្រៀនបន្តដល់សិស្ស។ ភ្លេងពិណពាទ្យគឺមានវត្តមានស្ទើរគ្រប់ពិធីបុណ្យរបស់ជនរួមជាតិខ្មែរ ការបង្រៀនបន្តដល់សិស្សានុសិស្ស ដើម្បីប្អូនៗយល់ដឹងពីតម្លៃវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិហើយព្រួតដៃគ្នាអភិរក្សនិងពង្រីក”។
បច្ចុប្បន្ន ខេត្តសុកត្រាំងមានកេរដំណែលចំនួន៥របស់ជនរួមជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាវប្បធម៌អរូបីថ្នាក់ជាតិ រួមមាន៖ ពិធីប្រណាំងទូក-ង; សិល្បៈសម្តែងល្ខោនយូរកេរ; សិល្បៈសម្តែងប្រជាប្រិយរបាំរាំវង់; សិល្បៈប្រគំបទភ្លេងពិណពាទ្យនិងសិល្បៈរបាំ។ អាស្រ័យហេតុនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានកសាងគម្រោងអភិរក្សនិងប្រគល់ទៅឱ្យក្រុមសិល្បៈបង្ហាត់បង្រៀនដោយផ្ទាល់ ជួយឱ្យកូនចៅជនរួមជាតិខ្មែរយល់កាន់តែច្បាស់ជាងទៀតពីទម្រង់សិល្បៈប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិ ហើយព្រួតដៃគ្នាអភិរក្សនិងពង្រីក៕
លីធាន-លីសៀ