តាមការសិក្សាស្រាវជ្រាវថ្មី ដែលចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្រ្តកីឡាអង់គ្លេស ការដើរលឿនអាចនឹងជួយកាត់បន្ថយបានជិត៤០% ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។
អ្នកដែលដើរលឿនមានមុខងារសរីរៈនិងសុខភាពទូទៅល្អប្រសើរជាង។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងសុខភាពដ៏ធំលើពិភពលោក ដោយមានករណីកើតជំងឺកើនឡើង ជាលំដាប់ក្នុងរយៈពេល៣០ឆ្នាំកន្លង។ ថ្វីដ្បិតដូច្នោះក្តី មានមនុស្សជាង៥៣៧លាននាក់បានធ្វើរោគវិនិច្ឆ័យនិងធ្វើការព្យាបាល ប៉ុន្តែតាមការប៉ាន់ស្មានមានមនុស្សរាប់លានផ្សេងទៀត មិនដឹងថាខ្លួនកើតជំងឺប្រភេទនេះទេ។
ក្នុងពេលនោះ ការដើរត្រូវបានគេដឹងថា គឺជាសកម្មភាពមួយអាចនឹងជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលនឹងបណ្តាលឱ្យមានការប្រែប្រួលដ៏គ្រោះថ្នាក់ ដូច៖ ងងឹតភ្នែក ខ្សោយតម្រងនោម ឈឺបេះដូង ដាច់សរសៃឈាមខួរក្បាលនិងត្រូវកាត់ជើងជាដើម។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវចង់ស្វែងយល់ថា តើល្បឿននៃការដើរបានផ្តល់ផលប្រយោជន៍ក្នុងការបង្ការជំងឺរុាំរ៉ៃនេះដែរឬទេ។
ដើម្បីធ្វើឱ្យច្បាស់ទំនាក់ទំនងរវាងល្បឿននៃការដើរនិងហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រុមអ្នកឯកទេសអន្តរជាតិ មកពីសាកលវិទ្យាល័យចក្រភពឡុងដ៏(ប្រទេសអង់គ្លេស) សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (អ៊ីរ៉ង់) និងសាកលវិទ្យាល័យ Oslo New (ន័រវែស) បានវាយតម្លៃឡើងវិញការស្រាវជ្រាវចំនួន១០ ដែលអនុវត្តក្នុងដំណាក់កាល១៩៩៩-២០២២ មានពេលវេលាតាមដានចាប់ពី៣-១១ឆ្នាំ ដោយមានការចូលរួមពីអ្នកជំងឺសរុប ៥០៨.១២១នាក់ នៅអាមេរិក អង់គ្លេស និងជប៉ុន។
ក្រុមអ្នកសិក្សាស្រាវជ្រាវ ឱ្យដឹង៖ បើប្រៀបនឹងល្បឿននៃការដើរយឺត-ក្រោម៣គ.ម/ម៉ោង ចំពោះអ្នកដើរដោយល្បឿន “ធម្មតា” ចាប់ពី៣-៥គ.ម/ម៉ោង កាត់បន្ថយបាន១៥%ហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្នុងពេលនោះ អ្នកដែលដើរល្បឿន“លឿន” - ចាប់ពី៥-៦គ.ម/ម៉ោង-កាត់បន្ថយបាន២៤% ហានិភ័យកើតជំងឺទឹកនោមផ្អែម។ ហើយអ្នកដែលដើរដោយល្បឿនលឿនជាងទៀតនោះ អាចនឹងកាត់បន្ថយបាន៣៩%ហានិភ័យសុខភាពទាំងនេះ។ ឆ្លងតាមរយៈនោះ ក្នុងមួយគ.ម កើនឡើងក្នុងមួយម៉ោងនៃការដើរបានពាក់ព័ន្ធដល់ការកាត់បន្ថយ៩%ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូច្នេះ ក្រុមអ្នកសិក្សាស្រាវជ្រាវ ឱ្យដឹង៖ ចំពោះអ្នកដែលដើរដោយល្បឿនលឿនជាងមាននិន្នាការមាំមួនជាង មានកម្រិតសាច់ដុំធំជាងនិងសុខភាពទូទៅល្អប្រសើរជាង។
ក្នុងវេជ្ជសាស្ត្រ ល្បឿនដើរលឿនគឺជាសូចនាករមួយដ៏សំខាន់អំពីសុខភាពទូទៅ ហើយក៏ជាសូចនាករដ៏សំខាន់អំពីមុខងារសរីរៈផងដែរ។ ម្យ៉ាងទៀត ល្បឿននៃការដើរលឿនសបញ្ជាក់៖ ស្ថានភាពសុខភាពសរសៃឈាម បេះដូងនិងការដកដង្ហើមល្អប្រសើរជាង-កត្តាពីរយ៉ាងតែងមានការពាក់ព័ន្ធដល់ហានិភ័យកើតជំងឺទឹកនោមផ្អែម។ ដើរលឿនក៏ល្អដល់ការសម្រកទម្ងន់ ជួយសម្រួលកម្រិតល្បឿន insulin ផងដែរ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ ក៏បានបញ្ជាក់៖ ចំពោះអ្នកដើរលឿនភាគច្រើនមានដងខ្លួនសមសួនជាង៕
កាសែតកឹងធើ-ប្រែសម្រួល៖ លីសៀ