19/10/2023 - 17:29

ក្ដី​បារម្ភ​របស់​អ្នក​ចូល​ចិត្ត​កីឡា​វាយ​សី​នៅ​ក្រុង​កឹង​ធើ

ពាន​រង្វាន់​វាយ​សីប្រ​ពៃណី​ក្រុង​កឹង​ធើ លើក​ទី​មួយ​ ឆ្នាំ​២០២៣ អា​ស្រ័យ​សហព័ន្ធ​កីឡា​វាយ​សី ក្រុង​កឹង​ធើ រៀប​ចំ​ឡើង​បាន​សម្រេច​ជោគ​ជ័យ។​ ប៉ុន្តែ​ ក្រោយ​ពី​ចប់​ការ​ប្រ​កួត​អ្នក​ស្រ​ឡាញ់​កីឡា​នេះ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង។​

វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ខ្លឹម​សារ​គូបុរស​កម្រិត​អា​យុ​១៨​ឆ្នាំ​។​

យើង​ទទួល​ស្គាល់​ថា​ គណៈ​ប្រតិ​បត្តិ​ការ​សហព័ន្ធ​អា​ណត្តិ​ថ្មី​នេះ​ មាន​ភាព​ទម្លុះ​ទម្លាយ​ជាង​មុន​ ពេល​ដែល​រៀប​ចំ​បាន​ពាន​រង្វាន់​ប្រ​ពៃណី​ជា​លើក​ដំ​បូង។​ ពាន​រង្វាន់​នេះ​ ទាក់​ទាញ​អត្ត​ពលិក​ជាង​៣០០​នាក់ មក​ពី​៣០​ក្លឹប​ក្នុង​ក្រុង​ចូល​រួម​ប្រ​កួត។​ អត្ត​ពលិក​ ប្រ​កួត​ខ្លឹម​សារ​ជា​គូ មាន​ច្រើន​កម្រិត​អា​យុ។​ ដើម្បី​បាន​ចូល​រួម​ប្រ​កួត​នោះ​ អត្ត​ពលិក​ម្នាក់ៗ​ ត្រូវ​បង់​ថ្លៃ​ផ្ទាល់​ខ្លួន​ ដូច្នេះ​ការ​ប្រ​កួត​បង្ហាញ​ ពី​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិត​ស្វាញ​ ធ្វើ​ឱ្យ​ការ​ប្រ​កួត​មាន​ភាព​ទាក់​ទាញ​ ព្រោះ​អត្ត​ពលិក​ម្នាក់ៗ​ចង់​បង្ហាញ​ពី​សមត្ថ​ភាព​ និង​វាយ​តម្លៃ​ពី​កម្រិត​ជំ​នាញ​រៀង​ៗ​ខ្លួន។​ លោក​ឡេ​ហ្វាង​យ៉ុង ប្រ​ធាន​សហព័ន្ធ​កីឡា​វាយ​សី​ក្រុង​កឹង​ធើ បាន​និយាយ៖ “យើង​រៀប​ចំ​ការ​ប្រ​កួត​ ដើម្បី​បង្កើត​ទីលាន​ប្រ​កួត​សម្រាប់​អត្ត​ពលិក​និង​ក្លឹប​នា​នា​ សំ​ដៅ​បំ​ផុស​ចលនា​ និង​បង្ក​ការ​រីក​សាយ​ភាយ​សម្រាប់​កីឡា​វាយ​សី”។​

និយាយ​តាម​ត្រង់​ នេះ​គឺជា​សួន​កម្សាន្ត​ដ៏​ល្អ​និង​មាន​ប្រ​យោជន៍​ ដែល​ជំ​រុញ​ការ​បង្កើត​ក្លឹប។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ខ្លឹម​សារ​នៃ​ការ​ប្រ​កួត​ គឺគ្រាន់​តែ​មាន​មួយ​ខ្លឹម​សារ​អា​យុ​ក្រោម​១៨​ឆ្នាំ​ប៉ុណ្ណោះ។​ ខណៈ​ពេល​ដែល​នៅ​តាម​ខេត្ត​ និង​ក្រុង​ផ្សេង​ទៀត​ គណៈ​ចាត់​តាំង​តែង​តែ​បំ​បែក​ ខ្លឹម​សារ​ជា​ច្រើន​សម្រាប់​អត្ត​ពលិក​អា​យុ​តូចៗ​ ដើម្បី​បង្កើត​ប្រ​ភព​ធន​ធាន​មនុស្ស។​ លោក​ង្វៀង​ វ៉ាន់​កុង​ នៅ​ស្រុក​ប៊ិញ​ធ្វី បាន​និយាយ៖ “កូន​ខ្ញុំ​ រៀន​ថ្នាក់​ទី​៤ មាន​អា​យុ​ត្រឹម​តែ១១​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្លាប់​បាន​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់​ថ្នាក់​តំ​បន់​ជា​ច្រើន​ ប៉ុន្តែ​មាឌ​និង​កម្លាំង​របស់​ក្មួយ​ មិន​អាច​ប្រ​ដូច​នឹង​អត្ត​ពលិក​អា​យុ​១៧​ឆ្នាំ​បាន​ឡើយ។​ ព្រោះ​នេះ​ជា​ទីលាន​ប្រ​កួត​មិន​ជំ​នាញ​ ការ​រៀប​អា​យុ​បែប​នេះ​មិន​សម​ស្រប​ទេ។​ ពិសេស​ គឺ​មិន​បាន​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​កីឡា​ករ​វ័យ​ក្មេង​អភិវឌ្ឍ​នោះ​ទេ”។​ ក្នុង​ចំ​ណោម​ក្លឹប​ប្រ​កួត​ប្រ​ជែង​ជាង​៣០​នោះ​ មាន​តែ​ក្លឹប​សាលា​រៀន​ ចំ​នួន​៤ គឺវិទ្យា​ល័យ​ត្រឹង​ដាយ​ងៀ (ខណ្ឌ​កៃ​រុាំង) វិទ្យា​ល័យ​ង្វៀង​វៀត​ហុង​ វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម (ខណ្ឌ​និញ​កេវ​) និង​វិទ្យា​ល័យ​ប៊ូយ​ហឺវ​ងៀ (ខណ្ឌ​ប៊ិ​ញ​ធ្វី)។​  ទោះ​បី​មាន​ឈ្មោះ​ថា​ ក្លឹប​សាលា​រៀន​ក៏​ដោយ​ ប៉ុន្តែ​អត្ត​ពលិក​ទាំង​នេះ​ ភាគ​ច្រើន​ត្រូវ​ជួល​ទីលាន​ខាង​ក្រៅ​សម្រាប់​ការ​ហ្វឹក​ហាត់។​

រយៈ​ពេល​ថ្មី​ៗ​នេះ​ នៅ​ក្រុង​កឹង​ធើ​មាន​ទីលាន​វាយ​សីឯក​ជន​ជា​ច្រើន​។​  ទីលាន​ថ្មី​ទាំង​នេះ​ សុទ្ធ​តែ​ជា​ទីលាន​កម្រាល​ព្រំ​ដែល​មាន​គ្រប់​លក្ខណៈ​សម្រាប់​រៀប​ចំ​ការ​ប្រ​កួត។​ ក្នុង​អំ​ឡុង​ពេល​ម៉ោង​ពេញ​បន្ទុក​ ទីលាន​ភាគ​ច្រើន​ ត្រូវ​បាន​គេ​កក់​អស់​ ប្រ​ការ​នេះ​បាន​បញ្ជាក់​ថា​ កីឡា​វាយ​សី​គឺជា​កីឡា​ដែល​មាន​ភាព​ទាក់​ទាញ​អ្នក​លេង​ច្រើន។​ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​នឹង​ការ​អភិវឌ្ឍ​ទីលាន​ប្រ​កួត​ រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ នៅ​ក្រុង​កឹង​ធើ គ្មាន​កម្លាំង​អត្ត​ពលិក​ចូល​រួម​ប្រ​កួត​ ក៏​ដូច​ជា​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​ប្រ​កួត​ថ្នាក់​ជាតិ​ឡើយ។​ នេះ​ពិត​ជា​ក្តី​បារម្ភ​របស់​អ្នក​ស្រ​ឡាញ់​កីឡា​នេះ​នៅ​ក្រុង​កឹង​ធើ៕

​                 ហា​ថាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ