09/10/2023 - 16:06

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់ "កាមេរ៉ា​សន្តិ​សុខ"

បច្ចុប្បន្ន ទម្រង់​កាមេរ៉ា​សន្តិ​សុខ​នៅ​ខេត្ត​បាក​លីវ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​​បទ​ល្មើ​ស​គ្រប់​ប្រភេទ។ កាមេរ៉ា​សន្តិ​សុខបាន​ជួយ​ឱ្យ​ស្ថាប័ន​នគរ​បាល​សើុប​អង្កេត ស្វែង​រក​និង​បំ​បែក​​ករណី​ល្មើស​ច្បាប់​បាន​ឆាប់​រហ័ស រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅមូល​ដ្ឋាន។

ទម្រង់ “កាមេរ៉ា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់” ជួយ​កម្លាំង​នគរ​បាល​ងាយ​ស្រួល​ក្នុង​ការ​ងារ​
ស៊ើប​អង្កេត​ជន​ល្មើស។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​បម្រុង ហ្វាង​ង៉ុក​ដាវ ប្រ​ធាន​ការិយា​ល័យ​​ប៉ូលិស​ព្រហ្មទណ្ឌ នគរ​បាល​ខេត្ត​បាក​លីវ ៦ ខែ​ដើម​ឆ្នាំ២០២៣ ស្ថា​ប័ន​សើុប​អង្កេត​គ្រប់​លំ​ដាប់​ថ្នាក់​បាន​សើុប​អង្កេត រក​ឃើញ​និង​បំ​បែក​ករណី​លួច​ទ្រព្យ​សម្បត្តិ​៦២​ករណី ចាប់​ឃាត់​ខ្លួន​និង​ចាត់​វិធាន​ការ​៧៥​មុខ​សញ្ញា​ដែល​ជាប់​ពាក់​ព័ន្ធ។ ពិសេស នគរ​បាល​ខេត្ត​បង្ក្រាប​បាន​ជោគ​ជ័យ​រឿង​ក្តី​ពិសេស ដោយ​មាន​បក្ខ​ពួក លួច​ទ្រព្យ​សម្បត្តិ​នៅ​តាម​ខេត្ត​ ក្រុង​តីណាម​បូ ជាង​១៤០​ករណី។

គណៈកម្ម​ការ​រឿង​ក្តី​ពិសេស កំពុង​កសាង​សំ​ណុំ​រឿង កំ​ណត់​ច្បាស់​មុខ​សញ្ញា​ដែល​បង្ក​ឡើង​ករណី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ជាង​ ១,៥​ពាន់​លាន​ដុង នៅ​ហាង​លក់​ទូរ​ស័ព្ទ​ដៃ​មួយ​កន្លែង នៅ​អនុសង្កាត់​២ សង្កាត់​៨ ក្រុង​បាក​លីវ វេលា​ម៉ោង​២​រំលង​អធ្រាត្រ កាល​ពី​ថ្ងៃទី​២៤ ​ខែមីនា ឆ្នាំ​២០២៣។  តាម​រយៈ​ទិន្ន​ន័យ​ដែល​ស្រង់​ចេញ​ពី​កាមេរ៉ា​របស់​ហាង កម្លាំង​សើុប​ការណ៍​ព្រហ្ម​ទណ្ឌ​​ក៏​បាន​កំណត់​តំ​បន់សើុប​អង្កេត​និង​ចាប់​ខ្លួន​ជា​បន្ទាន់​មុខ​សញ្ញា​៣​នាក់​ដែល​បង្ក​ឡើង​ករណី​លួច​ទ្រព្យ​សម្បត្តិ​ខាង​លើ។  ទន្ទឹម​នឹង​នោះ បើក​ទូលាយ​ការ​សើុប​អង្កេត​ និងចាប់​បាន​មុខ​សញ្ញា​ជា​ច្រើន​នាក់​ទៀត​កំ​ពុង​រត់​គេច​ខ្លួន​នៅ​ខេត្ត​ ក្រុង​នានា។ តាម​រយៈ​នោះ បំបែក​ជោគ​ជ័យ​ក្រុម​លួច​ប្លន់​ឆ្លង​ខេត្ត​ អា​ស្រ័យ​មុខ​សញ្ញា​ឈ្មោះ​ត្រឹង​មិញ​ថៀង (អា​យុ​២៧​ឆ្នាំ) នៅ​ភូមិ​បា​ចាំង​ A, ឃុំ​ចូវ​ថឺយ ស្រុក​វិញ​ឡើយ ជា​មេ​ខ្លោង។

ទម្រង់​“កាមេរ៉ា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់” កំពុង​បាន​រដ្ឋ​អំណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​
អនុវត្តលើដងផ្លូវជនបទនៃស្រុកហ្វាប៊ិញ។

ម៉្យាង​ដូច​ករណី​លួច​ម៉ាស៊ីន​ម៉ូទ័រ​បូម​ទឹក​១​គឿង នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា  ​នៅ​ភូមិ​កៃ​ត្រាម A2, ឃុំ​ឡុង​ថាញ់ ស្រុក​វិញ​ឡើយ តាម​រយៈ​កាមេរ៉ា​គ្រួសារ​ថត​ជាប់ ជួយ​ឱ្យ​ស្ថា​ប័ន​នគរ​បាល​កំណត់​បាន​ភិន​ភាគ វិធី​លួច​លប​ចូល  ផ្ដើម​ពី​នោះ ក៏​ប្រ​ញាប់​ធ្វើ​ការ​សើុប​អង្កេត កំ​ណត់​ច្បាស់​ មុខ​សញ្ញា។ គ្រាន់​តែ​ពីរ​បី​ម៉ោង​ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ប្រ​ជា​ជន​ នគរ​បាល​ឃុំ​ឡុង​ថាញ់ ស្រុក​វិញ​ឡើយ ក៏​បាន​រក​ឃើញ​ជន​ល្មើស​ ឈ្មោះ​ឡឹម​សើុន (អា​យុ​៥៤​ឆ្នាំ) នៅ​ភូមិ​ទី​ប្រ​ជុំ​ជន B1, ទី​ប្រ​ជុំ​ជន​ហ្វា​ប៊ិញ ស្រុក​ហ្វា​ប៊ិញ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រ​ព្រឹត្ត​បទ​ល្មើស​៤​លើក ពី​បទ “លួច​ទ្រព្យ​សម្បត្តិ” និង​កំ​ពុង​ចិញ្ចឹម​ជីវិត​ដោយ​ការ​ “លួច​របស់​របរ​កំ​ប៉ិក​កំ​ប៉ុក”។

តាម​វរសេនីយ៍​ឯក​បម្រុង ហ្វាង​ង៉ុក​ដាវ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ពីកាមេរ៉ា​សន្តិ​សុខ នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ កំ​ពុង​ផ្តុំ​កម្លាំង​ឃោស​នា​ផ្សព្វ​ផ្សាយ ចលនា​គ្រួសារ​ប្រ​ជា​ជន មណ្ឌល​ផ្ទះ​សំ​ណាក់​ ផ្ទះ​ជួល​បំ​ពាក់​ប្រ​ព័ន្ធ​កាមេរ៉ា​សន្តិ​សុខ  រួម​ចំ​ណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ “ស្វ័យ​បង្ការ ស្វ័យ​គ្រប់​គ្រង និង​ស្វ័យ​ការ​ពារ” ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ នៅ​តាម​តំ​បន់​ជន​បទ កម្លាំង​នគរ​បាល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ចលនា​ប្រ​ជា​ជន​ចូល​រួម​ទម្រង់  “កាមេរ៉ា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់” នៅ​តាម​ដង​ផ្លូវ​ជាប់​ឃុំ ជាប់​ភូមិ​គ្នា​និង​ភ្ជាប់​រូប​ភាព​បន្ត​ផ្ទាល់​២៤/២៤ ​ម៉ោង ទៅ​ម៉ា​ស៊ីន​មេ​ដែល​ដំ​ឡើង​នៅ​ទី​ស្នាក់​ការ​នគរ​បាល​ឃុំ។ ឆ្លង​តាម​រយៈ​នោះ បាន​ជួយ​ឱ្យ​កម្លាំង​នគរ​បាល​រក​ឃើញ​បាន​ទាន់​ពេល​ វិនិច្ឆ័យ​ឆាប់​រហ័ស​រាល់​ហេតុ​ការណ៍​នៃ​បទ​ល្មើស ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​តំបន់​ជន​បទ៕

                                       យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ