យោងតាមគណៈជនជាតិខេត្តវិញឡុង កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ ត្រូវបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត ជំហានដំបូងពង្រីកបានប្រសិទ្ធភាពជាវិជ្ជមាន។
ការជួយឧបត្ថម្ភដើមទុនប្រកបមុខរបររកស៊ីបានពង្រីកប្រសិទ្ធភាព ជួយគ្រួសារជនរួមជាតិភាគតិចជាច្រើនចាកផុតពីភាពក្រីក្រ។
តាមផែនការប្រភពទុនមជ្ឈិមបែងចែកឱ្យខេត្តវិញឡុង ក្នុងឆ្នាំ ២០២២ ប្រមាណជាង ១៦ ពាន់លានដុង រួមមាន៖ ទុនវិនិយោគអភិវឌ្ឍជាង ១០ ពាន់លានដុង ទុនបុព្វហេតុជិត ៦ ពាន់លានដុង។ ដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិប្រកបដោយប្រសិទ្ធភាព សម្រេចតាមផែនការដាក់ចេញ ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចចិត្តលេខ ៥៨/NQ-HĐND ចុះថ្ងៃទី ១៥/៧/២០២២ ស្តីពីការអនុម័តិគម្រោងបែងចែកផែនការទុនវិនិយោគ អភិវឌ្ឍពីប្រភពថវិកាមជ្ឈិមសម្រាប់អនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥។ អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត គ្រប់មន្ទីរ គណៈ ផ្នែកនិងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្តនានា បានផ្សព្វផ្សាយអនុវត្តគម្រោង អនុគម្រោង ខ្លឹមសារដំណើរការនៃគម្រោងសមាសភាពចំនួន ៨ ចំណុះកម្មវិធី; រហូតដល់ដំណាច់ឆ្នាំ ២០២២ សម្រេចបាន ៨៣% នៃផែនការទុន។ ក្នុងនោះ អនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយតាមសេចក្តីសម្រេចលេខ ១២/QĐ-TTg ចុះថ្ងៃទី ០៦/៣/២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គណៈជនជាតិខេត្ត បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណាយដល់អ្នកមានប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងថ្ងៃបុណ្យទានផ្សេងៗជាដើម។
ការដែលភូមិភាគធានាបានប្រភពទឹកស្រោចស្រព ជួយឱ្យមាមីងកសិករជាច្រើននៅឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ មានលក្ខណៈកែប្រែចម្ការចាស់។
ក្រៅពីនោះ គណៈជនជាតិក៏បានធ្វើសេនាធិការអនុវត្តសេចក្តីសម្រេចលេខ ៧៧១/QĐ-TTg ចុះថ្ងៃទី ២៦/៦/២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចាប័នលើគម្រោង “បំប៉នចំណេះដឹងជនជាតិដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ដំណាក់កាល ២០១៨-២០២៥” រៀបចំវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងជនជាតិបានចំនួន ៣ វគ្គដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាង ៧០ នាក់ ជូនក្រុមមុខសញ្ញា ៣ មុខសញ្ញា ៤ លើភូមិសាស្ត្រស្រុកតាមប៊ិញ ត្រាអូង ទីរួមខេត្តប៊ិញមិញ ក្រុងវិញឡុង។ ទន្ទឹមនឹងនោះ អនុវត្តសេចក្តីសម្រេចលេខ ៤៥/QĐ-TTg ចុះថ្ងៃទី ០៩/០១/២០១៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តល់ជូនកាសែតនិងទស្សនាវដ្តីមួយចំនួនដល់តំបន់ជនជាតិភាគតិច។ បងគឹមកាន់ កម្មាភិបាលការិយាល័យក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជនស្រុកតាមប៊ិញ ឱ្យដឹង៖ “បន្ទាប់ពីបានចូលរួមវគ្គហ្វឹកហ្វឺន ចំណេះដឹងខាងការងារជនជាតិរបស់ខ្ញុំក៏បានពង្រឹង។ ផ្តើមពីនោះ ខ្ញុំអនុវត្តកាន់តែបានល្អនូវភារកិច្ចរបស់ខ្លួន”។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ “ការកំណត់ទិសដៅដែលត្រូវអនុវត្តមុន បានជួយឱ្យការអនុវត្តកម្មវិធីនានាសម្រេចបានប្រសិទ្ធភាព។ ភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចទាំងឡាយដែលគណៈជនជាតិសហការអនុវត្ត នោះគឺផ្សព្វផ្សាយកសាងសេចក្តីសម្រេចចិត្តកំណត់ពីកម្រិតបទដ្ឋានគាំពារសង្គម កម្រិតគាំពារសង្គមនិងក្រុមមុខសញ្ញា ដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រខេត្ត; ផ្សព្វផ្សាយការពិនិត្យផ្ទៀងផ្ទាត់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ដែលមានក្នុងឆ្នាំ ២០២២។ ជាពិសេស គឺគ្រួសារជនរួមជាតិភាគតិចក្រីក្រ ដើម្បីបន្តធ្វើសេនាធិការជូនគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ ស្វែងរកទិសដៅជួយឧបត្ថម្ភ ឱ្យបានសមស្រប ជួយមាមីងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព”៕
ហាថាញ-មុនី