ខណៈពេលធ្វើជាជាងសាងសង់អាងចិញ្ចឹមអន្ទង់ លោកថាច់កឿង នៅពីភូមិ ៥ ឃុំសាភៀង ស្រុកឡុងម៉ី ខេត្តហូវយ៉ាង រៀនសូត្របានពីវិធីចិញ្ចឹមអន្ទង់ដោយមិនប្រើភក់យ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន គ្រួសារគាត់បានរួចផុតពីភាពក្រីក្រឈានឡើងធូរធារផ្ដើមពីការចិញ្ចឹមអន្ទង់នេះឯង។
លោកថាច់កឿងកំពុងផ្តល់ចំណីអន្ទង់។
ឆ្នាំ ២០១៩ លោកថាច់កឿង បានកែប្រែទ្រុងចិញ្ចឹមជ្រូក ដោយក្រាលឥដ្ឋកាចា សាងសង់បំពង់បង្ហូរទឹកនិងទិញសំណាញ់សម្រាប់ចិញ្ចឹមអន្ទង់។ លោកកឿង បានឱ្យដឹង៖ “ខ្ញុំធ្វើជាងកំបោរ ម៉្លោះហើយតែងមានមនុស្សជាច្រើនហៅទៅសង់អាងចិញ្ចឹមអន្ទង់ ដោយឃើញអ្នកទាំងនោះចិញ្ចឹមប្រកបដោយប្រសិទ្ធភាព ទើបខ្ញុំសួរពីរបៀបចិញ្ចឹម។ ការចិញ្ចឹមអន្ទង់ ដោយមិនប្រើភក់ងាយស្រួលចិញ្ចឹម សមស្របជាមួយនឹងអ្នកក្រ និងអ្នកគ្មានដីផលិត ទើបខ្ញុំសម្រេចចិត្តចិញ្ចឹមសាកល្បង។ ឆ្នាំ ២០១៩ ខ្ញុំបានទិញអន្ទង់ចំនួន ១៣.០០០ ក្បាល ក្នុងតម្លៃ ៤.៤០០ ដុង/ក្បាល យកមកចិញ្ចឹម។ ខ្ញុំថែទាំឱ្យចំណីតាមវិធីដូចបានណែនាំ និងមើលវីដេអូចិញ្ចឹមអន្ទង់តាមប្រពន្ធអីុនធឺណែត។ បន្ទាប់ពីចិញ្ចឹមបាន ១១ ខែអន្ទង់ក៏ធាត់ធំ ប្រមូលផលបានជាង ២,៤ តោនអន្ទង់ពាណិជ្ជកម្ម លក់ក្នុងតម្លៃ ១៥៥.០០០ ដុង/គីឡូក្រាម។ ក្រោយពីទូទាត់ចំណាយរួចរាល់ ខ្ញុំនៅបានចំណេញបានជាង ១២០ លានដុង”។
ជោគជ័យដំបូងបានជួយឱ្យលោកថាច់កឿង កាន់តែមានទំនុកចិត្តក្នុងការចិញ្ចឹមអន្ទង់។ ទន្ទឹមនឹងនោះ គាត់ក៏មានបទពិសោធច្រើនក្នុងការចិញ្ចឹមអន្ទង់ឱ្យមានប្រសិទ្ធភាពជាង។ តាមប្រសាសន៍លោកកឿង ការចិញ្ចឹមអន្ទង់ដោយមិនប្រើភក់គឺងាយស្រួលណាស់ សំខាន់គឺធានាទឹកក្នុងអាងឱ្យបានស្អាត អន្ទង់ស៊ីចំណីពូកែគឺ ឆាប់ធំហើយ។ ដំបូងឡើយចង់ដឹងថាអន្ទង់ស៊ីចំណីបានប៉ុន្មាននោះ ពេលទិញអន្ទង់មកព្រលែងចុះទៅក្នុងអាង ទុកអន្ទង់ឱ្យលំនឹងជាមុនសិន រួចហើយឱ្យអន្ទង់ស៊ីចំណីដោយសេរី។ ប្រសិនបើអន្ទង់ស៊ីអាហារបាន ១ ពែង ថ្ងៃបន្តបន្ទាប់គឺឱ្យអាហារប្រហែល ៨០% នៃពែងនោះ។ ប្រភេទអាហារ និងបរិមាណអាហារនឹងផ្លាស់ប្តូរទៅតាមខែនីមួយៗនៃការលូតលាស់របស់អន្ទង់។ ចំណែកកម្រិតទឹកបើអន្ទង់មានដងខ្លួនវែងប្រហែល ១៥ សង់ទីម៉ែត្រ គឺត្រូវបង្ហូរទឹកលិចប្រហែល ១២ សង់ទីម៉ែត្រ ហើយដាក់សំណាញ់ឱ្យអន្ទង់លំនឹង (ជាមធ្យមអាង ៦ម២ គឺត្រូវការទឹកប្រមាណ ២ ពាន់លីត្រ)។ លោកថាច់កឿង សង្កត់ធ្ងន់៖ “អន្ទង់ត្រូវការផ្តល់ចំណីពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹកនិងពេលរសៀល។ ផ្លាស់ប្តូរទឹក ៣ ដង/ថ្ងៃ (ទឹកស្អាត)។ តាមធម្មតា នៅម៉ោង ៤ ព្រឹកគឺផ្លាស់ប្តូរទឹកជាលើកទី ១; រហូតដល់ម៉ោង ៧ ព្រឹក គឺផ្តល់ចំណី ក្រោយពីផ្តល់ចំណីប្រហែល ៤ ម៉ោង ទើបប្តូរទឹកជាលើក ទី២។ ចំណែកពេលរសៀល បន្ទាប់ពីឱ្យចំណីអន្ទង់រួច ប្រមាណជា ៤ ម៉ោងក្រោយ ទើបប្តូរទឹកជាលើកទី ៣ ដើម្បីធានាទឹកឱ្យបានស្អាត។ ខណៈពេលប្តូរទឹកត្រូវសង្កេតឱ្យច្បាស់ បើឃើញអាហារសល់ច្រើន អន្ទង់ហែបទៅហែបមក ត្រូវកាត់បន្ថយបរិមាណអាហារ ហើយទិញថ្នាំរំលាយអាហារមកលាយជាអាហារឱ្យអន្ទង់ស៊ី។ អន្ទង់ងាយចិញ្ចឹម មិនសូវមានជំងឺ ដូច្នេះអន្ទង់រំលាយអាហារបានល្អ ឱ្យតែស៊ីពូកែគឺឆាប់ធំ។ អន្ទង់ចិញ្ចឹមក្នុងរយៈពេលពី ១០-១២ ខែគឺអាចលក់បានហើយ។
លោកកឿង ទើបតែប្រមូលផលអន្ទង់ចំនួន ៦ អាង ដោយមានអន្ទង់ចំនួន ២០.០០០ ក្បាល សម្រេចទម្ងន់ជាង ៣,៥ តោន លក់ក្នុងតម្លៃ ១១៤.០០០ ដុង/គីឡូក្រាម។ បន្ទាប់ពីទូទាត់ ចំណាយរួចរាល់ គាត់នៅរកបានប្រាក់ចំណេញជាង ២៥០ លានដុង។ បច្ចុប្បន្ន កូនទាំង ២ នាក់របស់លោកកឿង ក៏មានជីវភាពលំនឹងផ្ដើមពីការចិញ្ចឹមអន្ទង់ដោយមិនប្រើភក់នេះដែរ៕
យ្វីអាញ - ប្រែសម្រួល៖ វ៉ានតឹន