មានភ្ញៀវទេសចរជាច្រើន មិនអាចបកស្រាយពីមូលហេតុដែលខ្លួនចូលចិត្តទៅដាណាំង។ អ្នករាល់គ្នាគ្រាន់តែនឹកមមៃថា ដោយសារភាពស្រស់ស្អាតនៃសមុទ្រមីខេ និងសម្រស់ធម្មជាតិដ៏បរិសុទ្ធនៅបាណាហីល។ល។ ឬក៏សាមញ្ញបំផុត ដ្បិតនៅទីនេះមានរហស្សនាមថា ក្រុងគួរជាទីមនោរម្យ។
ភ្ញៀវទេសចរ ថតរូបនៅឧទ្យានបេតិកភណ្ឌពិភពលោក។
ចំណាប់អារម្មណ៍ដំបូងខណៈពេលមកកាន់ក្រុងដាណាំងរបស់ភ្ញៀវទេសចរ គឺឃើញក្រុងស្អាតបាត។ នៅទីនេះតិចប្រទះឃើញថង់សំរាមបោះចោលតាមផ្លូវ ឬបោះចោលជាគំនរតាមចិញ្ចើមថ្នល់។ ក្រុងដាណាំង ក្រឡេកឃើញតែទិដ្ឋភាពលម្ហសមុទ្រ ម្ល៉ោះហើយញុាំងឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ។ បងស្រីថៃហុងតឺយ នៅក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំយល់ឃើញថា អ្នករៀបគម្រោងប្លង់ទេសចរណ៍ក្រុងដាណាំង បានប្រើប្រាស់យ៉ាងជោគជ័យនូវឧត្ដមភាពខាងភូមិសាស្រ្ដ ឆ្លើយតបបានតម្រូវការ ”ឡើងភ្នំ ចុះសមុទ្ររបស់ភ្ញៀវទេសចរ”។
នៅកោះសើុងត្រា សម្លឹងទៅក្រុងដាណាំង។
ពិតជាដូច្នោះមែន ប្រសិនបើភ្ញៀវទេសចរមិនចង់ខាតពេលដើម្បីឡើងភ្នំបាណាហីលទេ គឺអាចទៅស្រូបយកខ្យល់អាកាសត្រជាក់ក្រោមម្លប់ឈើនៅកោះសើុងត្រាក៏បាន។ ភ្ញៀវទេសចរច្បាស់ជាមានអារម្មណ៍រីករាយ ខណៈពេលជួលម៉ូតូ ១ គ្រឿង បើកបរតាមផ្លូវបត់បែនជុំវិញកោះ។ នៅទីតាំងសំចត ភ្ញៀវទេសចរអាចចោលភ្នែកក្រឡេកមើលឆ្នេរសមុទ្រមីខេ និងអាគារខ្ពស់ៗរបស់ក្រុងដាណាំង។ នេះក៏ជាចំណុចលេចធ្លោនៃក្រុងមនោរម្យសម្រាប់ភ្ញៀវទេសចរ ព្រោះថាភ្ញៀវទេសចរឋិតនៅលើអាគារខ្ពស់ៗ របស់ក្រុងក៏អាចសម្លឹងឃើញកោះសើុងត្រា យ៉ាងស្រស់ស្អាតផងដែរ ពិសេសគឺ ដងផ្លូវបត់បែនឡើងទៅទីកម្ពស់នៃកោះសើុងត្រា។
នៅឆ្នេរសមុទ្រមីខេ សម្លឹងចេញទៅកោះសើុងត្រា។
ជាក្រុងទេសចរណ៍ ម្ល៉ោះហើយប្រជាជនក្រុងដាណាំង តែងមានភាពជិតស្និទ្ធ រាក់ទាក់ភ្ញៀវ ចាប់តាំងពីការធ្វើដំណើរទៅមករហូតដល់តម្លៃម្ហូបអាហារ។ បើភ្ញៀវទេសចរចាប់អារម្មណ៍ ច្បាស់ជាដឹងថា នៅតាមភោជនីយដ្ឋានថែមទាំងបានប្រើគ្រឿងទេសសម្រាប់មុខម្ហូបអាហារ ទៅតាមនិយមរបស់តំបន់នីមួយៗទៀតផង។ ងូតទឹកសមុទ្រមីខេ ទស្សនាកម្សាន្តភ្នំងូហាញសើុង ថតរូបនៅឧទ្យានបេតិកភណ្ឌពិភពលោក គន់មើលស្ពាននាគព្រួសភ្លើង។ល។ ក៏ជាជម្រើសគាប់ប្រសើរសម្រាប់ភ្ញៀវទេសចរខណៈពេលមកទស្សនាកម្សាន្តនៅដាណាំង។
អាកាសយានដ្ឋានដាណាំង ឋិតនៅមជ្ឈមណ្ឌលក្រុង មានជើងហោះហើរតភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលនៃភូមិភាគខាងត្បូងនិងខាងជើង ម្ល៉ោះហើយ រយៈពេលហោះហើរមធ្យមភាគត្រឹមជាង ១ ម៉ោង គឺភ្ញៀវទេសចរអាចមកដល់ក្រុងសមុទ្រនេះពុំខាន។ ទិដ្ឋភាពស្រស់ស្អាត ម្ហូបអាហារឆ្ងាញ់ពិសា ផ្លូវងាយស្រួលធ្វើដំណើរ។ល។ ម្ល៉ោះហើយទើបដឹងថា ព្រោះហេតុអ្វី ក្រុងដាណាំងតែងទាក់ទាញភ្ញៀវទេសចរដូច្នោះ៕
ហាថាញ-ថាច់ធី