ខេត្តសុកត្រាំង អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយវិនិយោគរបស់បក្ស គិតគូរពីជីវភាពសម្ភារៈ និងស្មារតីដល់ជនរួមជាតិខ្មែរ ម្ល៉ោះហើយជនរួមជាតិកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស។
គណៈជនជាតិខេត្តសុកត្រាំង ជូនផ្ទះដល់គ្រួសារខ្មែរក្រីក្រ។
តាមប្រសាសន៍លោក ត្រឹងខាក់ទ្រុង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឆ្នាំ ២០២២ ប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច សរុបជិត ២៤៣ ពាន់លានដុង។ នេះ គឺជាកម្មវិធីធំ វិនិយោគអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិច ម្ល៉ោះហើយគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការយ៉ាងម៉ឺងម៉ាត់ដល់ភូមិភាគនានាផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគម្រោង កម្មវិធីដែលបានផ្ដល់សច្ចានុមតិ។ ក្រៅពីនោះ ខេត្តនៅទាំងអនុវត្តមានប្រសិទ្ធភាពនូវគម្រោង “កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត ស្ថានភាពរៀបការមិនទាន់គ្រប់អាយុ និងរៀបអាពាហ៍ពិពាហ៍រវាងញាតិជាប់សែលោហិតក្នុងតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៥-២០២៥”; គម្រោង “ឧបត្ថម្ភសកម្ម សមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៨-២០២៥” បានរួមចំណែកលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរអាកប្បកិរិយារបស់ជនជាតិភាគតិច ចលនាលុបបំបាត់ការប្រកាន់មាំ ទស្សនៈអន់ថយអំពីយេនឌ័រ និងទប់ស្កាត់ កាត់បន្ថយស្ថានភាពវិសមភាពយេនឌ័រក្នុងជនជាតិភាគតិច។ គណៈជនជាតិខេត្ត សាងសង់ផ្ទះបាន ១០ ខ្នងជូនគ្រួសារខ្មែរជួបលំបាកអំពីលំនៅឋាន (ផ្ទះមួយខ្នងៗបានឧបត្ថម្ភ ៥០ លានដុង)។ អ្នកមីងលីធីតាំង នៅឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ខ្ញុំធ្វើការឈ្នួលបានត្រឹមទប់ទល់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ទើបមិនហ៊ានស្រមៃបានរស់នៅផ្ទះឥដ្ឋនឹងគេនោះទេ។ ឥឡូវ បានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះឥដ្ឋឱ្យ ខ្ញុំត្រេកអរខ្លាំងណាស់ និងខិតខំធ្វើការរកស៊ីចាកផុតពីភាពក្រីក្រ ដើម្បីជីវភាពកាន់តែប្រសើរឡើង”។
គោលនយោបាយជនជាតិជាច្រើន បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ម្ល៉ោះហើយតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តសុកត្រាំង មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនោះ ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា។ល។ ខេត្តសុកត្រាំង តែងរៀបចំពិធីជួបជុំ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់វីរមាតាវៀតណាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី គ្រួសារមានគុណបំណាច់ចំពោះបដិវត្តន៍ ព្រះសង្ឃនៅតាមវត្តអារាម កម្មាភិបាលចូលនិវត្តន៍ និងអ្នកមានប្រជាប្រិយក្នុងជនជាតិខ្មែរ។ លោកត្រឹងខាក់ទ្រុង ឱ្យដឹង៖ “ច្រើនឆ្នាំកន្លង អាស្រ័យមានគោលនយោបាយជាច្រើនបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ឃើញថាស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចមានជំហានវិវឌ្ឍន៍យ៉ាងខ្លាំងក្លា; វិស័យសុខាភិបាល អប់រំ វប្បធម៌ សង្គមមានជំហានវិវឌ្ឍន៍ជាវិជ្ជមាន។ ជាមួយនឹងគោលនយោបាយជាច្រើនបានផ្សព្វផ្សាយអនុវត្ត ព្រមជាមួយការយកចិត្តទុកដាក់គិតគូររបស់ខេត្ត ម្ល៉ោះហើយជនរួមជាតិខ្មែរកាន់តែជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងអនុវត្តល្អនូវគោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែករក្សាលំនឹងសន្តិសុខតំបន់ជនជាតិភាគតិច”៕
យ្វីអាញ-វិមាន