ប៉ុន្មានឆ្នាំជិតៗនេះ វិញ្ញាសាកីឡាប៉េតង់នៅសុកត្រាំងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា មានក្លិបកីឡាប៉េតង់ជាច្រើន ត្រូវបានបង្កើតឡើងនៅតាមស្រុក ទីរួមខេត្ត និងក្រុងក្នុងខេត្ត ទាក់ទាញប្រជាជនចូលរួមកាន់តែច្រើន។
អត្តពលិកចូលរួមប្រកួតដណ្តើមពានជើងឯកកីឡាប៉េតង់រវាងបណ្ដាក្លិបក្នុងខេត្តសុកត្រាំង។
ក្នុងការប្រកួតដណ្តើមពានជើងឯករវាងបណ្តាក្លិបក្នុងខេត្តសុកត្រាំង ឆ្នាំ ២០២២ កន្លងហើយថ្មីៗនេះ គឺមានចំនួន ២៤ ក្លិបមកពីស្រុក ទីរួមខេត្ត និងក្រុងក្នុងខេត្តចូលរួម ដោយមានអត្តពលិកជិត ១៧០ នាក់។ អត្តពលិកចូលរួមប្រកួតប្រជែងចំនួន ៩ វិញ្ញាសា រួមមាន៖ ឯកត្តជនបុរស ឯកត្តជននារី គូបុរស គូនារី គូបុរស-នារី ក្រុមបុរស ៣ នាក់ ក្រុមនារី ៣ នាក់ បច្ចេកទេសបោះគ្រាប់ប៉ូលផ្នែកបុរសនិងបច្ចេកទេសបោះគ្រាប់ប៉ូលផ្នែកនារី។ យោងតាមប្រសាសន៍លោកឡឹមថាញយុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ប៉េតង់គឺជាវិញ្ញាសាកីឡាសាមញ្ញ មិនសូវបង់ខាត ទើបគ្រប់គ្នាចូលចិត្តលេង។ អាស្រ័យហេតុនេះ ចលនាកីឡាប៉េតង់នៅស្រុកឡុងភូ មីស្វៀង ចូវថាញ់ ក្រុងសុកត្រាំង។ល។ កាន់តែរីកចម្រើន។
បងថាច់ប៊ិញឡុង នៅអនុសង្កាត់ ៤ សង្កាត់ ៨ ក្រុងសុកត្រាំង ឱ្យដឹង៖ “រយៈពេលជាង ១០ ឆ្នាំ ដែលខ្ញុំបានលេងកីឡាប៉េតង់នៅតាមភូមិស្រុកជាច្រើន និងបានចូលរួមប្រកួតដណ្តើមពាននៅថ្នាក់ឃុំ ស្រុក ទីរួមខេត្ត ក្រុងនិងខេត្ត។ ឥឡូវ ខ្ញុំទៅលេងកីឡាប៉េតង់ជារៀងរាល់ថ្ងៃនៅក្លិបក្រុងសុកត្រាំង ហើយតែងបានជ្រើសរើសចូលរួមប្រកួតដណ្តើមពានថ្នាក់ខេត្ត និងឈ្នះបានរង្វាន់ខ្ពស់ៗជាច្រើន។ បច្ចុប្បន្ន ក្រៅពីលេងឱ្យក្លិប ខ្ញុំនៅទាំងជួយណែនាំរបៀបលេងនិងបច្ចេកទេសបោះប៉ូលដល់ប្អូនៗក្នុងភូមិទៀតផង”។ ចំណែកលោកថាច់ភឿក អាយុ ៧០ ឆ្នាំ មកពីឃុំវៀងអាង ចូលរួមប្រកួតដណ្តើមពានជើងឯកកីឡាប៉េតង់រវាងបណ្ដាក្លិបក្នុងខេត្ត ឱ្យដឹង៖ “វិញ្ញាសាកីឡាប៉េតង់ខ្ញុំចេះលេងតាំងពីយកគល់ឫស្សីក្រឡឹងធ្វើគ្រាប់ឃ្លីម៉្លេះ។ ប៉េតង់គឺជាវិញ្ញាសាកីឡាងាយលេងណាស់ និងមានភាពសាមគ្គីខ្ពស់បំផុត គឺពេលប្រកួតជាគូនិងប្រកួតជាក្រុម គឺត្រូវផ្តុំគំនិត ផ្តោតអារម្មណ៍ខ្ពស់បំផុត ទើបអាចទទួលបានលទ្ធផលល្អ។ ពេលប្រកួតវិញ្ញាសាបច្ចេកទេសបោះគ្រាប់ប៉ូល ត្រូវគិតគូរហ្មត់ចត់បោះឱ្យចំគោលដៅ នេះហើយជាមូលហេតុដែលខ្ញុំចូលចិត្តកីឡាប៉េតង់។ បច្ចុប្បន្ន នៅតាមភូមិនៃឃុំវៀងអាង មានប្រលានប៉េតង់ស្ទើរតែគ្រប់ភូមិ ទាក់ទាញប្រុសស្រីគ្រប់វ័យចូលរួម”។
លោកឡឹមថាញយុង ឱ្យដឹង៖ “ពានរង្វាន់ជើងឯកកីឡាប៉េតង់រវាងបណ្តាក្លិបក្នុងខេត្ត ជាសួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់អ្នកចូលចិត្តកីឡាប៉េតង់មានឱកាសប្រកួតប្រជែង ប្ដូរបទពិសោធទៅវិញទៅមក។ តាមរយៈការប្រកួតនេះ គឺជាឱកាសល្អសម្រាប់មជ្ឈដ្ឋានជំនាញ ជ្រើសរើសអត្តពលិក ដែលមានរបៀបលេងនិងបច្ចេកទេសល្អៗ ដើម្បីជ្រើសចូលក្រុមជម្រើសខេត្ត។ ពិសេស ការប្រកួតបានទាក់ទាញកីឡាករ កីឡាការិនីគ្រប់វ័យ ដូច្នេះអាចបញ្ជាក់ថា ចលនាកីឡាប៉េតង់នៅខេត្តសុកត្រាំងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា”៕
យ្វីអាញ-មុនី