គ្រឿងញៀនប្រភេទថ្មីមួយចំនួន ត្រូវបានលាក់បាំងក្រោមផ្លាកសញ្ញាសូកូឡា Chill Max មានរូបភាពនិងពណ៌ដ៏ទាក់ទាញ បង្កនូវការចាប់អារម្មណ៍ចំពោះយុវវ័យ។
គ្រឿងញៀនលាក់បាំងក្រោម ផ្លាកសញ្ញាសូកូឡា Chill Max ត្រូវបានផ្សាយលក់ជាសាធារណៈលើគេហទំព័របណ្តាញសង្គម។ រូបថត៖ TTXVN
នគរបាលក្រុងហាណូយបានព្រមានថា អង្គភាពទើបរកឃើញនិងរឹបអូសគ្រឿងញៀនប្រភេទថ្មីមួយចំនួន ដែលលាក់បាំងក្រោមផ្លាកសញ្ញាសូកូឡា Chill Max ផ្សាយលក់ជាសាធារណៈលើបណ្តាញសង្គម។
មុននោះ កាលពីថ្ងៃទី ៣០ ខែឧសភា មន្ទីរពេទ្យត្រូពិកមជ្ឈិមមូលដ្ឋាន ២ បានទទួលនិងព្យាបាលអ្នកជំងឺចំនួន ៥ នាក់ ដែលមានអាការៈរវើរវាយ ពិបាកដង្ហើម។ បន្ទាប់ពីសាកសួរ ទើបដឹងថា អ្នកជំងឺក្រោយពីទទួលទានសូកូឡាប្រហែល ២០ នាទី ក៏មានអាការៈរអាក់រអើ ពិបាកដង្ហើម រួចសន្លប់បាត់ស្មារតីនិងបានគេដឹកទៅមន្ទីពេទ្យសង្គ្រោះជាបន្ទាន់។ នគរបាលស្រុកដុងអាញ (ហាណូយ) បានមកធ្វើកំណត់ហេតុ និងយកសំណាកសូកូឡាបញ្ជូនទៅការិយាល័យបច្ចេកទេសព្រហ្មទណ្ឌ នគរបាលក្រុងហាណូយពិនិត្យវាយតម្លៃសារធាតុគ្រឿងញៀនក្នុងសំណាកដែលទទួលពីករណីខាងលើ។
បន្ទាប់ពីទទួលបានសំណើរពីនគរបាលស្រុកដុងអាញ កងកម្លាំងសមត្ថកិច្ចបានរកឃើញសារធាតុ ADB-BUTINACA ក្នុងគ្រាប់សូកូឡា។ ADB-BUTINACA គឺជាសារធាតុដែលត្រូវបានរកឃើញក្នុងសំណាក “ស្មៅអាមេរិក”។ ADB-BUTINACA មានប្រសិទ្ធភាពធ្វើឱ្យមានភាពស្រមើស្រមៃស្រដៀងនឹងគ្រឿងញៀនចំណុះក្រុមកញ្ឆាចម្រុះត្រូវបានលាយជាមួយសំណាកភូតគាម ប៉ុន្តែមិនមានឈ្មោះក្នុងបញ្ជីសារធាតុគ្រឿងញៀន យោងតាមអនុក្រឹត្យលេខ ៧៣/២០១៨/NĐ-CP ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ និងអនុក្រឹត្យលេខ ៦០/២០២០/NĐ-CP ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល។
តាមការសើុបអង្កេត សំណាកគ្រាប់សូកូឡាខាងលើ ត្រូវបានវេចខ្ចប់ដាក់ក្នុងប្រអប់ក្រដាស មានផ្លាកសញ្ញា chocolate Chill Max ហើយផ្សាយលក់សាធារណៈ ទូលំទូលាយលើបណ្តាញសង្គម។ គ្រឿងញៀនប្រភេទថ្មីនេះ មានរូបភាព និងពណ៌ដ៏ទាក់ទាញ បង្កការចាប់អារម្មណ៍ចំពោះយុវវ័យ ដូច្នេះមានហានិភ័យក្លាយជាគ្រឿងញៀនក្នុងសាលារៀន។
គ្រោះថ្នាក់បំផុតគឺនៅលើវេទិកាមួយចំនួន មានក្រុមបណ្តាញសង្គម មុខសញ្ញាជាច្រើនបានបើក topic ចែករំលែកពីការឆ្លងកាត់បទពិសោធន៍ ពេលប្រើប្រាស់សារធាតុញៀន ដើម្បីលើកទឹកចិត្ត អូសទាញមនុស្សឱ្យប្រើគ្រឿងញៀនប្រភេទថ្មីដូច ”ស្មៅអាមេរិក” (ភូតគាមត្រាំជាតិគីមីមានប្រសិទ្ធភាពធ្វើឱ្យមានភាពស្រមើស្រមៃ ដូចជាកញ្ឆា) “តែមក្រដាស” និង “ផ្សិតវេទមន្ត”។ រឿងរ៉ាវ “ពីការឆ្លងកាត់បទពិសោធន៍” ត្រូវបានរៀបរាប់យ៉ាងទាក់ទាញអារម្មណ៍ដូចជាដំណើរទេសចរណ៍ស្វែងយល់អីុចឹង។ល។
ជាមួយនឹងស្ថានភាពដ៏ស្មុគស្មាញនៃគ្រឿងញៀនប្រភេទថ្មីនេះ កងកម្លាំងនគរបាលក្រុងហាណូយកំពុងធ្វើសកម្មភាពប្រយុទ្ធនិងចាត់វិធានការ។ ទន្ទឹមនឹងការសើុបអង្កេត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់រាល់បទល្មើសពីសំណាក់ ស្ថាប័នសមត្ថកិច្ច ការរកឃើញ ដកហូតនូវគ្រឿងញៀនប្រភេទថ្មីមួយចំនួននាពេលកន្លង គឺជាការព្រមានចំពោះយុវវ័យនិងអាណាព្យាបាលសិស្សក្នុងការគ្រប់គ្រងកូនចៅរបស់ខ្លួន ដើម្បីប្រទះឃើញទាន់ពេល បង្ការ ទប់ស្កាត់ការនាំចូលនូវគ្រឿងញៀនប្រភេទថ្មីដោយរូបភាពកាន់តែប៉ិនប្រសប់ពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ TTXVN-មុនី