មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនខ័ណ្ឌកៃរុាំង ទើបដាក់ចេញផែនការសហការរៀបចំទិវាទេសចរណ៍វប្បធម៌ ផ្សារអណ្ដែតកៃរុាំង លើកទី ៦ ឆ្នាំ ២០២២ ។
ផ្សារអណ្ដែតកៃរុាំង គោលដៅទេសចរណ៍ដ៏ពិសេសនិងល្បីឈ្មោះនៅកឹងធើ។ រូបថតៈ យ៉ីខូយ
ទិវាទេសចរណ៍វប្បធម៌ឆ្នាំនេះ ក្រោមប្រធានបទ “អភិរក្សនិងពង្រីកវប្បធម៌ផ្សារអណ្ដែតកៃរុាំង ប្រារព្ធឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកក្កដា នៅគោលដៅទេសចរណ៍កៃរុាំង (វិថីវ៉តាញ់ សង្កាត់លេប៊ិញ ខណ្ឌកៃរុាំង)។ ជាក់ស្ដែង ពិធីបើកទិវាទេសចរណ៍វប្បធម៌នឹងប្រព្រឹត្តឡើងនៅវេលាម៉ោង ៨ ថ្ងៃទី ៨ ខែកក្កដា និងបិទបញ្ចប់នៅវេលាម៉ោង ១៩ ថ្ងៃទី ១០ ខែកក្កដា។ ទិវាទេសចរណ៍វប្បធម៌ មានសកម្មភាពដ៏សម្បូរបែប ប្រកបដោយភាពទាក់ទាញ ដូចជាក្បួនដង្ហែកប៉ាល់លើដងទន្លេ; ដាក់តាំងនាវាផ្កា និងស្អិតស្អាងតុបតែងលម្អទូក កប៉ាល់ ក្បូនបណ្ដែតទឹក; បម្រើដោយឥតគិតថ្លៃផ្លែឈើនិងនំប្រពៃណីដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅផ្សារអណ្ដែត; ឧទ្ទេសនាមមណ្ឌលទេសចរណ៍; ឧទ្ទេសនាមផលិតផលកសិកម្ម; ចាត់តាំងពានរង្វាន់កីឡាដូចជាប្រណាំងទូកនាគ ប្រកួតតៃក្វាន់ដូ (Taekwondo)។ល។ ក្នុងរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តឡើងនៃទិវាទេសចរណ៍វប្បធម៌ គណៈកម្មការរៀបចំកម្មវិធីនឹងរៀបចំសម្ដែងសិល្បៈបម្រើជូនភ្ញៀវទេសចរ; ទន្ទឹមនឹងនោះ ចាប់ពីម៉ោង ៥,៣០ នាទី ដល់ម៉ោង ៧ ថ្ងៃទី ៨, ៩, ១០ ខែកក្កដា នឹងមានកម្មវិធីសម្ដែងសិល្បៈដើន-កា-តៃ-ទឺ លើដងទន្លេផ្សារអណ្ដែតកៃរុាំង។ ក្រៅពីនោះ ទិវាទេសចរណ៍វប្បធម៌នៅទាំងមានសកម្មភាពសុខុមាលភាពសង្គម គិតគូរដល់ជីវភាពល្មួញតូចតាចនៅផ្សារអណ្ដែត និងសកម្មភាពស្រង់សំរាមលើដងព្រែកជាដើម។ល។ ស្របក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខ័ណ្ឌកៃរុាំងក៏បានដឹកនាំសហការជាមួយមន្ទីរ ផ្នែកដែលពាក់ព័ន្ធ រៀបចំកិច្ចប្រជុំបូកសរុប ៥ ឆ្នាំ អនុវត្តគម្រោងអភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្ដែតកៃរុាំង។
ទិវាទេសចរណ៍វប្បធម៌ សំដៅអបអរសាទរទិវាទេសចរណ៍វៀតណាម (ថ្ងៃទី ៩ ខែកក្កដា) រួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌ ផ្សារអណ្ដែតកៃរុាំង ដែលបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ៕
យ៉ីខូយ-ពេជ្រសឿន