(កឹងធើ)- សប្ដាហ៍កន្លង គណៈចង្អុលការបង្ការប្រឆាំងជំងឺ COVID-១៩ ក្រុងកឹងធើ បានប្រជុំតាមប្រព័ន្ធអនឡាញជាមួយ នឹងខ័ណ្ឌ ស្រុកនានាក្នុងក្រុងកឹងធើ។
សមមិត្ត ឡេក្វាងម៉ាញ់ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
យោងតាមនោះ ភាពលំបាករបស់ក្រុង ក្នុងការងារបង្ការប្រឆាំងជំងឺ COVID-១៩ គឺតួលេខអ្នកវិជ្ជមាន F0 កើនឡើងយ៉ាងកំហុកនៅតាមមន្ទីរពេទ្យកម្រិត ១ ត្រូវរៀបចំគ្រែបន្ថែមឱ្យលើសចំនួនដើម្បីទទួលយកអ្នកជំងឺ; នៅមានមនុស្សអាយុលើ ១៨ ឆ្នាំ ជិត ៣៩.០០០ នាក់ មិនទាន់បានចាក់វ៉ាក់សាំង។ល។ ទីបញ្ជាការបានស្នើគណៈចង្អុលការ អនុញ្ញាតឱ្យប្រើប្រាស់ប្រភពវ៉ាក់សាំង Pfizer ដែលបានផ្ដល់ជូន ដើម្បីដំណើរការចាក់ឱ្យកុមារអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ; អនុញ្ញាតសាកល្បងដាក់អ្នក F1 ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ; សាកល្បងគ្រប់គ្រង ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកវិជ្ជមាន F0 នៅនឹងផ្ទះ និងបង្កើតក្រុមសុខាភិបាលចល័ត ៨៣ ក្រុម ដើម្បីជំនួយដល់ការងារគ្រប់គ្រងអ្នក F1 នៅនឹងផ្ទះ និងគ្រប់គ្រងធ្វើចត្តាឡីស័ក ព្យាបាលអ្នកវិជ្ជមាន F0 នៅនឹងផ្ទះ។ល។
ថ្លែងក្នុងកិច្ចប្រជុំ សមមិត្ត ឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បញ្ជាក់៖ ការងារបង្ការប្រឆាំងជំងឺ COVID- ១៩ ប្ដូរពី “Zero COVID” មកសម្របខ្លួន សុវត្ថិភាព ឈ្លាសវៃ គ្រប់គ្រងជំងឺ COVID- ១៩ ប្រកបដោយប្រសិទ្ធភាព។ នោះគឺប្ដូរពីវិធានការគម្លាតសង្គម បិទខ្ទប់។ល។ មកប្រើវិធានការសុខាភិបាលជាចម្បង។ ផ្នែកសុខាភិបាលត្រូវធ្វើការឱ្យអស់ទំហឹង ធ្វើសេនាធិការដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អំពីវិធានការបង្ការប្រឆាំងជំងឺ សម្របខ្លួនជាមួយនឹងដំណាក់កាលនេះ។ ដើម្បីព្យាបាលអ្នកវិជ្ជមាន F0 នៅនឹងផ្ទះ ក្រុមសុខាភិបាលចល័តត្រូវមានបុគ្គលិកច្បាស់លាស់ ត្រូវរៀបចំថ្នាំ បរិក្ខារពេទ្យនិងមានលក្ខន្ដិកៈ សហការជាមួយដំណាក់សុខាភិបាលមជ្ឈមណ្ឌលសុខាភិបាល។ ព្រមជាមួយនោះ ប្រគល់ភារកិច្ចឱ្យបានច្បាស់លាស់ពីការត្រួតពិនិត្យ តាមដាននូវការអនុវត្តតាមសេចក្ដីកំណត់របស់អ្នក F1, F0 នៅនឹងផ្ទះ។
សមមិត្តលេខាគណៈកម្មាធិការបក្សក្រុង ចង្អុលការផ្នែកសុខាភិបាល ត្រួតពិនិត្យឡើងវិញប្រភេទថ្នាំព្យាបាលជំងឺ COVID-១៩ និងសម្ភារៈសម្រាប់មន្ទីរពេទ្យព្យាបាលអ្នកវិជ្ជមាន F0 នៅកម្រិត១, ២, ៣ និងអ្នកវិជ្ជមាន F0 ព្យាបាលនៅនឹងផ្ទះ។ អនុគណៈកម្មការសុខាភិបាល ផ្ដុំកម្លាំងដោះស្រាយបញ្ហាជាប់ទាក់ទិនអ្នកវិជ្ជមាន F0 ប្តូរកម្រិតព្យាបាល។ ប្រកាសជាសាធារណ៍លេខទូរស័ព្ទទាន់ហេតុការណ៍របស់មន្ទីរពេទ្យ ខណៈពេលមានអាការៈធ្ងន់ត្រូវបញ្ជូនជាបន្ទាន់។ ព្រមជាមួយនោះ ត្រៀមបម្រុងបន្ថែមគ្រែនិងបរិក្ខារពេទ្យចាំបាច់សម្រាប់ព្យាបាលអ្នកវិជ្ជមាន F0 ធ្ងន់។ល។ សមមិត្ត លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរគ្រប់អង្គភាព ភូមិភាគគប្បីជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ណែនាំ; បង្កើនការត្រួតពិនិត្យតាមដានការអនុវត្តសេចក្ដីកំណត់នៃការបង្ការ ប្រឆាំងជំងឺចំពោះស្ថាប័ន អង្គការ បុគ្គល បំផុតគឺការអនុវត្តសារ ៥K នៅកន្លែងផ្ដុំគ្នាច្រើន។ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រាល់ករណីប្រព្រឹត្តល្មើស បំផុតគឺប្រព្រឹត្តល្មើសធ្វើឱ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍។ គ្រប់អង្គភាពសុខាភិបាលជំរុញខ្លាំងការធ្វើតេស្ដ PCR មិនត្រូវទុកឱ្យការធ្វើតេស្ដ និងផ្ដល់លទ្ធផលយឺតនោះទេ៕
ហ.ហ្វា - ថាច់ធី