លោកគ្រូ គឹមវ៉ាន់ង៉យ នាយករងនិងជាប្រធានក្រុមផ្នែកនិរុត្តិសាស្រ្តនៅសាលាជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង ជាគ្រូបង្រៀនពូកែ ហើយមានវិធីសាស្ត្របង្រៀនថ្មីៗ ជួយប្អូនៗសិស្សានុសិស្សខ្មែរយល់មុខវិជ្ជានិរុត្តិសាស្ត្របានល្អ។
លោកគ្រូ គឹមវ៉ាន់ង៉យ ទទួលប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្ត ពិសេស ឆ្នាំ ២០១៨ លោកគ្រូទទួលប័ណ្ណសរសើរអំពី “ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ។
កើតក្នុងគ្រួសារក្រកំព្រាឪពុកតាំងពីតូច ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យ លោកគ្រូង៉យ ទៅធ្វើកម្មករកាត់ដេរនៅក្រុងហូជីមិញ។ ក្រោយរយៈពេល ៤ ឆ្នាំ ធ្វើកម្មករសន្សែសន្សំបានប្រាក់ វ៉ាន់ង៉យ ក៏ដាក់ពាក្យប្រឡងចូលផ្នែកគរុកោសល្យ មុខវិជ្ជានិរុត្តិសាស្ត្រនៃសាកលវិទ្យាល័យកឹងធើ។ រៀនបណ្តើរនិងបង្រៀនបន្ថែមបណ្ដើរ ប៉ុន្តែលោកង៉យ នៅតែសកម្មចូលរួមសកម្មភាពសម្ពន្ធយុវជនសាលានិងសម្រេចនិទ្ទេសជានិស្សិតឆ្នើម ទទួលបានអាហារូបករណ៍របស់សាលា ។ “ឆ្នាំទី ៤ ខ្ញុំបានចូលកងជួរបក្ស នេះជាកិត្តិយសជាកម្លាំងចិត្តដ៏ធំជួយឱ្យខ្ញុំកាន់តែខិតខំក្នុងការរៀនសូត្រនិងលត់ដំ” - លោកគ្រូង៉យ បានឱ្យដឹងដូច្នេះ។ ឆ្នាំ ២០១០ ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ លោកគ្រូង៉យ ត្រូវបានចាត់ឱ្យទៅបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង។ នៅទីនេះ លោកគ្រូបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងអប់រំនៅឆ្នាំ ២០១៨ ។
លោកគ្រូ គឹមវ៉ាន់ង៉យ ជូនអំណោយដល់សិស្ស និស្សិត ។
ជាជនជាតិខ្មែរ ម៉្លោះហើយលោកគ្រូង៉យ តែងយល់ពីការលំបាករបស់ប្អូនៗសិស្សានុសិស្សខ្មែរ នៅពេលសិក្សាមុខវិជ្ជានិរុត្តិសាស្ត្រ។ ផ្ដើមពីនោះ លោកគ្រូក៏ស្រាវជ្រាវវិធីសាស្ត្របង្រៀនសមស្រប ដើម្បីឱ្យសិស្សងាយយល់និងធ្វើមេរៀនបានល្អ។ ប្អូនថាច់ធីថាញ់តៀង សិស្សថ្នាក់ ទី ១១ កំពុងត្រៀមប្រឡងសិស្សពូកែថ្នាក់ខេត្ត ឱ្យដឹង៖ “លោកគ្រូង៉យ គាត់បង្រៀនដោយភ្ជាប់ជាមួយនឹងទំនាក់ទំនងជាក់ស្តែងក្នុងសង្គម ដូច្នេះម៉ោងសិក្សាមានភាពរស់រវើក។ លោកគ្រូតែងយកចិត្តទុកដាក់ណែនាំសិស្សបង្កើតកម្រងអត្ថបទតែងសេចក្ដី ជាមួយនឹងវិធីសាស្រ្តផ្សេងៗគ្នា លើកទឹកចិត្តសិស្សឱ្យអានសៀវភៅ ដើម្បីយល់ដឹងពីការប្រើពាក្យ ធ្វើមេរៀនបានល្អ។ អាស្រ័យលោកគ្រូណែនាំបានជាឆ្នាំកន្លង ប្អូនទទួលបានរង្វាន់លេខ ២ ថ្នាក់ខេត្ត វិញ្ញាសានិរុត្តិសាស្ត្រ” ។
លោក ថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ឱ្យដឹង៖ “ លោកគ្រូ គឹមវ៉ាន់ង៉យ គឺជាអ្នកគ្រប់គ្រងពូកែ។ លោកគ្រូង៉យ តែងរៀបចំសិក្ខាសាលាស្តីពីនិរុត្តិសាស្រ្តក្នុងប្រព័ន្ធសាលាជនជាតិអន្តេវាសិកខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងវិធីសាស្រ្តបង្រៀនអក្សរសាស្ត្រដល់ប្អូនៗសិស្សានុសិស្សខ្មែរ។ ដោយហេតុនោះ រយៈពេល ៣ ឆ្នាំបន្តបន្ទាប់ សាលានាំមុខសាលាជាច្រើនក្នុងខេត្ត ដែលមានចំនួនសិស្សពូកែថ្នាក់ខេត្ត ផ្នែកនិរុត្តិសាស្ត្រនិងមានសិស្សដែលទទួលបានរង្វាន់លេខ ៣ ថ្នាក់ជាតិ” ៕
យីអាញ់-ទីទុយ