អនុវត្តសេចក្ដីសម្រេចលេខ ២០៨៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ខេត្តគៀងយ៉ាង បានកសាងស្ថានីយភ្ជាប់ទុយោទឹក នាំទឹកស្អាតទៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករសម្រាប់មាមីងប្រើប្រាស់។
ទឹកស្អាតតាមទុយោអូសចូលដល់ផ្ទះប្រជាជននៅភូមិតាសាំង។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ភាគច្រើនរស់នៅឆ្ងាយពីមជ្ឈមណ្ឌលស្រុក ម្ល៉ោះហើយរដូវប្រាំងច្រើនប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។ អាស្រ័យហេតុនោះ ខណៈពេលផ្សព្វផ្សាយអនុវត្តកម្មវិធីគម្រោង យើងខ្ញុំផ្ដោតសំខាន់ទៅលើការកសាងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ឧបត្ថម្ភធុងទឹក។ល។ មកទល់សព្វថ្ងៃ មាមីងតំបន់ជនរួមជាតិភាគតិច ជាសារវន្តមានទឹកស្អាតសម្រាប់ប្រើប្រាស់”។
ភូមិប៊ិញដុង ឃុំប៊ិញអាង ស្រុកគៀងលឿង ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ។ បងស្រីគឹមម៉ាញ នៅភូមិប៊ិញដុង រៀបរាប់ឱ្យដឹង៖ “ពេលព្រឹក ខ្ញុំធ្វើនំពុម្ពនិងបាយដំណើបសម្រាប់លក់។ ពេលរសៀល ខ្ញុំលក់ដំឡូងចៀន ម្ល៉ោះហើយត្រូវការទឹកសម្រាប់លាងវត្ថុធាតុដើមនិងឧបករណ៍ប្រើប្រាស់។ កាលពីមុនពេលអស់ទឹកភ្លៀង នាងខ្ញុំត្រូវទៅទិញទឹកបង់ខាតទាំងពេលវេលានិងប្រាក់កាស។ ឥឡូវមានទឹកស្អាតដល់ផ្ទះ ម្ល៉ោះហើយរបរធ្វើនំរបស់ខ្ញុំ ក៏មានភាពងាយស្រួលដែរ”។ ជាអ្នកភូមិប៊ិញដុងដែរ មីងយឿងធីយី ប្រកបរបរធ្វើនំ គាត់យល់ច្បាស់ពីទុក្ខលំបាក ខណៈពេលខ្វះទឹកស្អាតប្រើប្រាស់។ មីងយី ឱ្យដឹង៖ “ខ្ញុំបានរដ្ឋឧបត្ថម្ភធុងទឹកធំមួយ ប៉ុន្តែ ខ្ញុំធ្វើនំរាល់ថ្ងៃ ក៏ខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង។ ឥឡូវនេះ បានរដ្ឋតភ្ជាប់ទុយោទឹកចូលដល់ផ្ទះ។ ផ្ទះខ្ញុំនៅជើងភ្នំប៊ិញអាង ប៉ុន្មានថ្ងៃអាកាសធាតុក្ដៅខ្លាំង ខ្ញុំក៏បាញ់ទឹក ស្រោចទីធ្លាមុខផ្ទះឱ្យត្រជាក់។ ដោយសារមានទឹកស្អាតដល់ផ្ទះ ការរស់នៅរបស់ខ្ញុំក៏មានភាពងាយស្រួលជាង”។
បងស្រីធីហ្វា នៅភូមិតាសាំង ឃុំយឿងហ្វា ស្រុកគៀងលឿង ក៏មានក្ដីសោមនស្សរីករាយ ខណៈពេលមានទុយោទឹកស្អាតតភ្ជាប់ដល់ផ្ទះ។ បងស្រីហ្វា ឱ្យដឹង៖ “កាលនៅទិញទឹកស្អាតប្រើប្រាស់ នាងខ្ញុំតែងឆ្លៀតទៅស៊ីឈ្នួល រើសត្រីឱ្យគេធ្វើងៀតនៅទីប្រជុំជន ម្ល៉ោះហើយក៏រកបានប្រាក់ចំណូលបន្ថែម”។ បងយ័ញសេរី លេខាសាខាបក្សនិងជាប្រធានភូមិតាសាំង ឱ្យដឹង៖ សព្វថ្ងៃ ប្រជាជនក្នុងភូមិជាង ៧៥% មានទឹកស្អាតប្រើប្រាស់ និង ១០០% ប្រើប្រាស់ទឹកស្របអនាម័យ៕
ហាថាញ់ - ថាច់ធី