មណ្ឌលអនុស្សាវរីយ៍លោកប្រធាន តូងឌឹកថាំង គឺជាកេរដំណែលថ្នាក់ជាតិដ៏ពិសេស ឋិតនៅលើកោះអ៊ុងហោ ឃុំមីហ្វាហឹង ក្រុងឡុងស្វៀង ខេត្តអាងយ៉ាង។ នេះជាទីតាំងគោលដៅ ដ៏ចំណាប់អារម្មណ៍ ពីព្រោះអាចស្វែងយល់ទាំងប្រវត្តិសាស្រ្តគួបផ្សំនឹងទេសចរណ៍។
ជ្រុងមួយក្នុងអគារដាក់តាំងរៀបរាប់ពីដំណើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់អ៊ំតូង។
មណ្ឌលអនុស្សាវរីយ៍លោកប្រធាន តូងឌឹកថាំង មិនត្រឹមតែមានលក្ខណៈជាទីសក្ការបូជា និងមានភាពស្មឹងស្មាធិ៍ខណៈពេលរំលឹកដល់កុលបុត្រឆ្នើមនៃទឹកដីអាងយ៉ាង អ្នកបដិវត្តន៍ស្មោះត្រង់ ជាមគ្គុទ្ទេសក៍ម្នាក់ក្នុងចំណោមមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបំពាក់នូវលក្ខណៈវប្បធម៌ដែលជានិមិត្តរូបនៃតំបន់ជនបទណាមបូទៀតផង។ មណ្ឌលអនុស្សាវរីយ៍រួមមាន៖ ផ្ទះ កាលពីកុមារភាពរបស់លោកប្រធាន តូងឌឹកថាំង (អ៊ំតូង) និងបូជនីយដ្ឋាន អ៊ំតូង និងអគារដាក់តាំងអំពីដំណើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់អ៊ំ។
មណ្ឌលអនុស្សាវរីយ៍លោកប្រធាន តូងឌឹកថាំង គឺជាទីតាំងប្រជុំជីវភាព ប្រពៃណី ដំណើរទៅកាន់បុព្វកាល និងជាទីតាំងប្រជុំជីវភាពវប្បធម៌ សិល្បៈក្នុងថ្ងៃបុណ្យធំៗ របស់ប្រទេសជាតិ។
រូប៖ ប៊ិញង្វៀន
ផ្ទះកាលពីកុមារភាពរបស់អ៊ំតូង បានសាងសង់តាមបែបផ្ទះរតប្រពៃណី ដំបូលប្រក់ក្បឿងកោង ផ្ទះមាន ៣ ល្វែង និងរបៀងសងខាង មើលទៅគួរឱ្យចាប់អារម្មណ៍ណាស់។ ត្រឹមតែផ្ទះកាលពីកុមារភាពរបស់អ៊ំ ក៏បានបង្ហាញពីលក្ខណៈវប្បធម៌ ពិសេសនៃតំបន់ព្រែកទន្លេ។ ផ្ទះនេះ បានសាងសង់នៅឆ្នាំ ១៨៨៧ ញុាំងឱ្យភ្ញៀវទេសចរយល់បានពីលក្ខណៈនៃវប្បធម៌បុរាណ។ បូជនីយដ្ឋាន ត្រូវបានកសាងនៅទល់មុខនឹងផ្ទះកាលពីកុមារភាពរបស់អ៊ំ។ ដោយឡែកអគារដាក់តាំង គឺជាឃ្លាំងឯកសារមួយដ៏សម្បូរបែប បរិយាយពីដំណើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់អ៊ំតូង តាំងពីកង់ដែលអ៊ំធ្លាប់ជិះ រហូតដល់ទ្រនាប់ជើងដែលអ៊ំធ្លាប់ពាក់ និងតុ កៅអី ដែលអ៊ំធ្លាប់អង្គុយធ្វើការជាដើម។
មណ្ឌលអនុស្សាវរីយ៍ ឋិតនៅលើកោះអុងហោ ម៉្លោះហើយមានភាពស្រឡះស្រឡំ ត្រជាក់ត្រជំ ពេលមានជំនោរវាយោបក់រំភើយៗពីទន្លេហូវមកម្តងៗ។ អាស្រ័យហេតុនោះ ទីនេះមិនត្រឹមតែជាកន្លែងស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ប៉ុណ្ណោះទេ នៅទាំងជាទីតាំងមកសម្រាកលំហែកាយទៀតផង។ បងស្រីត្រឹងហុងថឹម នៅខណ្ឌប៊ិញធ្វី ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំនិងកូនប្រុសទើបទៅទស្សនាមណ្ឌលអនុស្សាវរីយ៍លោកប្រធាន តូងឌឹកថាំង ដើម្បីអប់រំកូនអំពីប្រវេណីស្នេហាជាតិ។ ទន្ទឹមនឹងនោះ ចូលរួមជើងទេសចរណ៍សហគមន៍ ដេកផ្ទះរត។ល។ ព្រមទាំងបណ្ដែតអារម្មណ៍នឹងបរិយាកាសត្រជាក់ត្រជំនៃតំបន់ជនបទ។ ការគួបផ្សំរវាងទេសចរណ៍និងអប់រំប្រវត្តិសាស្រ្តប្រពៃណី គឺមានអត្ថន័យណាស់នៅកោះអ៊ុងហោ”៕
ហាថាញ់-វិមាន