មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/11/2020 - 08:57

អស់​ពី​ព្រះ​ទ័យ​ជា​មួយ​នឹង​ការ​បង្កើន​ចំ​ណេះ​ដឹង​ដល់​ពុទ្ធ​បរិស័ទ​

ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​តារា​ស៊ី​ផា លេខា​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​។​ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​បង្កើន​ចំ​ណេះ​ដឹង​របស់​ពុទ្ធ​បរិស័ទ​ពី​ធម៌​អាថ៌​និង​អក្សរ​សាស្រ្ត​ខ្មែរ​។​

 ​ព្រះ​តេជព្រះ​គុណ​យ័ញ​តារា​ស៊ី​ផា។​

ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​តារា​ស៊ី​ផា កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​មិញ​ឡុង​ ឃុំ​មិញ​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​។​ ឆ្នាំ​ ២០០១​ ពេល​អា​យុ​ ១៣ ​ឆ្នាំ​ ស៊ី​ផា បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​បួស​រៀន​។​ ខណៈ​ពេល​បង​ៗ​របស់​ព្រះ​អង្គ​បាន​លា​ចាក​សិក្ខា​បទ​ជា​បន្ត​បន្ទាប់​ និង​រៀប​ការ​កសាង​ជីវ​ភាព​គ្រួ​សារ​រៀង​ៗ​ខ្លួន​ ចំ​ណែក​ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​តារា​ស៊ី​ផា ក៏​តាំង​ចិត្ត​សាង​ផ្នួស។​ ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​តារា​ស៊ី​ផា មាន​ថេរដី​កា​៖ “ជា​រៀង​រាល់​ថ្ងៃ​ អា​ត្មា​ភាព​សិក្សា​ធម៌​វិន័យ​ រឹតតែ​ញុាំង​ចិត្ត​អា​ត្មា​ឱ្យ​ជ្រះ​ថ្លា​ ខិត​ខំ​ព្យា​យាម​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​។​ ដោយ​ការ​តាំង​ចិត្ត​បួស​រៀន​ ម៉្លោះ​ហើយ​ក្រៅ​ពី​សិក្សា​ធម៌​វិន័យ​នៅ​វត្ត​ឃ្លាំង​មឿង អា​ត្មា​ភាព​ក៏​និមន្ត​ទៅ​សិក្សា​នៅ​តាម​វត្ត​នា​នា​ក្នុង​និង​ក្រៅ​ខេត្ត​ ក្នុង​នោះ​ មាន​ទៅ​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ខេត្ត​សុក​ត្រាំង​។​ បន្ទាប់​ពី​ចប់​ការ​សិក្សា​នៅ​ខេត្ត​សុក​ត្រាំង​ វិលមក​វត្ត​អា​ត្មា​ភាព​ក៏​បាន​សមាគម​ស្រុក​ចូវ​ថាញ់ តែង​តាំង​ជា​លេខា​សមា​គម​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​”។​

ជាព្រះ​សង្ឃ​វ័យ​ក្មេង​មួយ​អង្គ​ ម៉្លោះ​ហើយ​ព្រះ​តេជព្រះ​គុណ​ស៊ី​ផា តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ ខ្នះ​ខ្នែង​រាល់​សកម្ម​ភាព​ការ​ងារ​របស់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ និង​វត្ត​នា​នា​លើ​ភូមិ​សាស្រ្ត​។​ យើង​ខ្ញុំ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​ព្រះ​តេជព្រះ​គុណ​ស៊ី​ផា ពេល​ទៅ​យក​ព័ត៌​មាន​នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ ចេតិយ​គូ​ឡា​នៅ​ស្រុក​ចូវ​ថាញ់​។​ នេះ​ជា​ចេតិយ គោ​រពបូជា​វីរ​សមណៈ​ ៤ អង្គ​ ដែល​ពលី​ជី​វិត​ក្នុង​សម័យ​តស៊ូ​រំដោះ​ទឹក​ដី​។​ ព្រះ​តេជព្រះ​គុណ​ស៊ី​ផា មិន​ត្រឹម​តែ​យល់​ច្បាស់​ដំ​ណាក់​ការ​កសាង​ និងអភិវឌ្ឍន៍ ថែម​ទាំង​ជ្រាប​ច្បាស់​ពី​ប្រ​វត្តិ​វីរ​សមណៈ​ទាំង​ ៤ អង្គ​ ដើម្បី​បកស្រាយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ ពុទ្ធ​បរិស័ទ​ពេល​មក​ទស្សនា​គោ​រព​ចេតិយ​គូឡា។​ ព្រះតេជ​ព្រះ​គុណ​ស៊ី​ផា មាន​ថេរដី​កា​៖ “ចេតិយ​គូឡា គឺជា​ទី​កន្លែង​អប់​រំប្រ​វេណី​ស្នេហា​ជាតិ​ដ៏​ពុះ​ពោរ​សម្រាប់​មជ្ឈ​ដ្ឋាន​យុវ​វ័យ​។​ អ្នក​ដែល​ធ្លាប់​ចូលរួម​តស៊ូ​ជាមួយ​នឹង​វីរសមណៈ​ ៤ អង្គ​ បច្ចុប្បន្ន​ ពួក​គាត់​មាន​អា​យុ​ចាស់​ អ្នក​ខ្លះ​ក៏​ស្លាប់​បាត់​បង់​។​ ព្រោះ​ហេតុ​នេះ​ អា​ត្មា​ភាព​ខំប្រឹង​ធ្វើ​ជា​ស្ពាន​​តភ្ជាប់​រក្សា​និង​អប់​រំដល់​កូន​ចៅ​ជំ​នា​ន់​ក្រោយ​។​ អា​ត្មា​ភាព​មាន​គោលបំ​ណង​បង្កើន​ចំ​ណេះ​ដឹង​ខាង​ពុទ្ធ​សាសនា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ ដើម្បី​អភិរក្ស​និង​ពង្រីក​វប្បធម៌​ខ្មែរ​”។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ព្រះ​តេជព្រះ​គុណ​ស៊ី​ផា រវៀសរ​វៃ ខ្នះ​ខ្នែង​ចំ​ពោះ​ការ​ងារ​សមាគម​ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​បង្ហា​ត់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ក៏​ដូច​ជា​អភិរក្ស​អត្ត​សញ្ញាណវប្បធម៌​ខ្មែរ​នៅ​ភូមិ​ភាគ​”៕​

                                         ហា​ថាញ់-មុនី​

ចែករំលែកអត្ថបទ