ដោយបានការឧទ្ទេសនាមរបស់បងស្រីឌាំងធីត្វៀកត្រាង ប្រធានសមាគមសហព័ន្ធនារីឃុំឡឹមកៀក យើងខ្ញុំបានធ្វើដំណើរចុះទៅដល់ផ្ទះបងស្រីហ្វិញធីសៀន នៅភូមិត្រា-យ៉ ឃុំឡឹមកៀក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាអ្នកខិតខំឈានឡើងក្នុងជីវភាព។ ផ្តើមពីគ្រួសារក្រីក្រមួយ ដោយឆន្ទៈខិតខំធ្វើការរកទទួលទាន ចេះប្រិតសំចៃ គ្រួសារបងស្រីបានក្លាយជាគ្រួសារធូរធារមួយក្នុងភូមិ ធ្វើឱ្យបងប្អូននារីកោតសរសើរ។
បងស្រីហ្វិញធីសៀន (ខាងឆ្វេង) មានក្ដីត្រេកអរដែលមានផ្ទះសមរម្យ។
ពេលរៀបការរួច ប្តីប្រពន្ធបងស្រីសៀន បានឱពុកម្តាយទាំងសងខាងចែកដីស្រែឱ្យបាន៣កុង និងដីចម្ការ១កុង។ ផ្តើមពីនោះ ក្រៅពីការធ្វើស្រែ ប្តីបងស្រីសៀនទៅស៊ីឈ្នួល បើកគោយន្តភ្ជួររាស់ ម៉ាស៊ីនកាត់ស្រូវ និងស៊ីឈ្នួលលីស្រូវ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ចំណែកបងស្រីសៀន នៅផ្ទះដាំដំណាំរួមផ្សំ និងចិញ្ចឹមជ្រូក។ រដូវប្រាំង ប្តីប្រពន្ធគាត់ដាំឪឡឹកនៅជម្រាកស្រែ។ ខួបប្រាំងវស្សា ពីរនាក់ប្តីប្រពន្ធបងគិតតែពីការរកប្រាក់ ដើម្បីគិតគូរជីវភាព។ បងស្រីសៀន ឱ្យដឹង៖ “រៀបការរួច ប្តីប្រពន្ធខ្ញុំរស់នៅនឹងឪពុកម្តាយ ម្ល៉ោះហើយយើងខ្ញុំខិតខំរកស៊ី ប្រើប្រាស់ ប្រិតសំចៃ ដើម្បីសន្សំប្រាក់។ ប្រាក់ដែលរកបានខ្ញុំយកទៅទិញមាស។ ហើយមាសនេះ ខ្ញុំទុកសម្រាប់ទទួលដីស្រែចម្ការដែលគេដាក់បញ្ចាំ។ បើគ្រួសារណាគ្មានលទ្ធភាពលោះដីវិញ គេមានបំណងលក់ ខ្ញុំក៏ទិញតែម្ដង”។ ជាមួយនឹងរបៀបធ្វើនេះ យូរៗទៅ បងស្រីទិញដីស្រែបាន២១កុង រួមទាំងដីស្រែផ្ទះទៀតបាន២៥កុង។
ក្នុងការធ្វើស្រែ បងស្រីតែងជ្រើសពូជស្រូវគុណភាពខ្ពស់ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត និងចុះកិច្ចសន្យាជាមួយនឹងឈ្មួញដើម្បីម៉ៅទិញកសិផល ម្ល៉ោះហើយមានច្រកចេញលំនឹង។ ដើម្បីធានាក្នុងការផលិតកម្ម បងស្រីវិនិយោគទិញម៉ាស៊ីនភ្ជួររាស់ ដើម្បីភ្ជួររាស់ដីស្រែផ្ទះផង និងធ្វើសេវាកម្មភ្ជួររាស់ដល់មាមីងក្នុងភូមិស្រុកផង។ ហេតុនោះ រកបានប្រាក់ចំណូលពីការភ្ជួររាស់ដីបានជាង៣០លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ក្នុងរដូវប្រាំង ប្តីប្រពន្ធបងស្រីនៅទាំងរកបានប្រាក់ចំណូលជាង ១០ លានដុងក្នុងមួយឆ្នាំពីការដឹកដីលក់ដល់គ្រួសារនៅក្នុងភូមិស្រុកដែលមានតម្រូវការ។
ឆ្នាំ២០១៨ បងស្រីសៀន សង់បានផ្ទះមួយខ្នងតម្លៃជាង៨០០លានដុង និងមានដីស្រែ២៥កុង។ នេះគឺជាលទ្ធផលនៃការខិតខំឈានឡើងធ្វើមានដោយកម្លាំងពលម្មខ្លួនឯង។ បច្ចុប្បន្ន សម្លឹងមើលផ្ទះបងស្រីសៀន មាមីងនៅភូមិផងរបងជាមួយ អ្នកណាក៏កោតសរសើរពីស្មារតីឆ្លងកាត់លំបាកឈានឡើងធ្វើមានរបស់ពីរប្តីប្រពន្ធបងស្រីដែរ៕
លីធាន-វិមាន