អាស្រ័យជំងឺ Covid-១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ ម្ល៉ោះហើយរាល់សកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរ តែងអនុវត្តតឹងរ៉ឹង តាមសំណូមពរនៃការរក្សាគម្លាតសង្គម។ ទោះបីដូច្នេះក្តី មាមីងនៅតែមានភាពកក់ក្តៅ សប្បាយរីករាយ សុភមង្គល វិបុលសុខ ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីផងដែរ។
ភាពកក់ក្តៅនៃសេចក្ដីស្រឡាញ់
សមមិត្ត ត្រឹងវ៉ាន់រ៉ង លេខាគណៈកម្មាធិការបក្សខេត្តវិញឡុង ប្រគេនទេយ្យវត្ថុព្រះតេជព្រះគុណស៊ើងង៉ុកហ្វិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង។
យើងខ្ញុំរួមជាមួយលោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់វីរមាតាវៀតណាម ថាច់ធីផែ ឃុំឡងម៉ី ស្រុកតាមប៊ិញ។ ធ្វើដំណើរតាមផ្លូវ លោកថាច់យឿង រៀបរាប់៖ “ប៉ុន្មានឆ្នាំមុន ក្នុងឱកាសនេះ គណៈជនជាតិបានរៀបចំការងារជាក្រុម។ ប៉ុន្តែឆ្នាំនេះ ដោយបង្ការប្រឆាំងនឹងជំងឺ Covid-១៩ ហេតុនោះក្នុងឱកាសទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មានតែកម្មាភិបាលមួយរូបប៉ុណ្ណោះ”។
លោកថាច់យឿង ឱ្យដឹង៖ កាលពីថ្ងៃ១០ ខែមេសា នាយករដ្ឋមន្រ្តី បានផ្ញើលិខិតជូនពរនិងទេយ្យវត្ថុប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិខ្មែរផងដែរ។ ក្រៅពីនេះ គណៈកម្មាធិការជនជាតិ បានផ្ញើអំណោយជាទឹកប្រាក់ដល់ភូមិភាគទៀតផង។ ដូច្នេះភូមិភាគនីមួយៗ មិនបានរៀបចំជាក្រុមទៅសួរសុខទុក្ខទេ គ្រាន់តែចាត់កម្មាភិបាលមួយរូបចុះទៅដល់ផ្ទះជូនអំណោយតែប៉ុណ្ណោះ។
វីរមាតាវៀតណាម ថាច់ធីផែ មានក្តីសោមនស្សរីករាយពេលទទួលយើងខ្ញុំ។ គាត់ឱ្យដឹង៖ ប៉ុន្មានថ្ងៃកន្លង ស្ថិតក្នុងស្ថានភាពរួមដែលទូទាំងប្រទេស កំពុងបង្ការប្រឆាំងជំងឺ Covid-១៩ គាត់មិនបានធ្វើដំណើរទៅណាមកណាទេ សូម្បីតែវត្តក៏មិនបានទៅផង។ “បានកូនៗមកដល់ផ្ទះជូនអំណោយដល់រូបខ្ញុំដូច្នេះ ខ្ញុំពិតជារីករាយនិងសុភមង្គលណាស់។ ជាពិសេស អំណោយនេះមានអត្ថន័យសម្រាប់រូបខ្ញុំខ្លាំងណាស់ ពីព្រោះបានផ្ញើមកពីគណៈកម្មាធិការជនជាតិ ដែលនាយករដ្ឋមន្រ្តីផ្ញើជូន” វីរមាតាវៀតណាមឱ្យដឹងដោយក្តីរីករាយដូច្នេះ។
បុណ្យចូលឆ្នាំថ្មីសុវត្ថិភាព និងសោមនស្ស
លោកស្រីហ្វិញធីសុម៉ាលី នាយិកានៃនាយកដ្ឋានភូមិភាគ III នៃគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ ការដែលអញ្ជើញទៅសួរសុខទុក្ខបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរឆ្នាំនេះ ដោយអនុវត្តបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តី ព្រមទាំងកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ និងនាយកដ្ឋានភូមិភាគ III បានដាក់ចេញនូវវិធីទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ធ្វើយ៉ាងណាដើម្បីធានាទៅតាមសំណូមពរដែលរក្សានូវលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ ធានាសុខភាពដល់ជនរួមជាតិខ្មែរ ស្របក្នុងពេលដែលប្រព័ន្ធនយោបាយ ផ្ដោតអារម្មណ៍ក្នុងការបង្ការប្រឆាំងជំងឺ Covid-១៩។
ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក ជាអធិបតីនៃពិធីជួបជុំ និងដឹកនាំប្រតិភូទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរ នៅតាមភូមិភាគនានាតំបន់តីណាមបូ។ ឆ្នាំនេះ ថ្ងៃ១០ ខែមេសា នាយករដ្ឋមន្រ្តី បានផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ព្រះសង្ឃ ជនរួមជាតិ និងអាណិកជនខ្មែរផងដែរ។ ជាពិសេស នាយករដ្ឋមន្រ្តី ក៏បានផ្ញើអំណោយប្រមាណ១.០០០ចំណែក ជូនគ្រួសារគោលនយោបាយ ព្រះសង្ឃគំរូឆ្នើម គ្រួសារក្រីក្រ គ្រួសារមានជីវភាពក្រលំបាក ក្នុងតំបន់តីណាមបូ (ខេត្តចំនួន ៩ ដែលមានគណៈជនជាតិ និងសាសនា)។
ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរ សារលិខិតនាយករដ្ឋមន្រ្តី បានសរសេរ៖ “ជំនួសមុខថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្ដៅ និងប្រសិទ្ធពរបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ជនរួមជាតិ ព្រះសង្ឃគ្រប់ព្រះអង្គ និងអាណិកជនជាជនជាតិខ្មែរគ្រប់រូប។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលមានអត្ថន័យដ៏ពិសេសនេះ ជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មី បវរសួស្តី ពោរពេញដោយក្ដីសង្ឃឹមនិងជឿជាក់ សូមជួបតែសំណាងល្អ និងសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ប្រការ...”៕
យោង៖ http://baodantoc.com.vn ប្រែសម្រួល៖ លីសៀ