នំទទឹម គឺជានំប្រពៃណីដែលយើងធ្លាប់ឃើញនៅថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរអាងយ៉ាង ដូច៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា។ល។ ការធ្វើនំបាននាំមកនូវប្រភពចំណូលជូនគ្រួសារមីងនាងភឿង ព្រមទាំងរក្សាបានរបរប្រពៃណី។
មីងនាងភឿង (ខាងស្ដាំ) និងកូនស្រីកំពុងខ្ទាស់សម្បកនំ។
មីងនាងភឿង (៥៥ឆ្នាំ) ជនរួមជាតិខ្មែរ នៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង គ្មានដីផលិត ម៉្លោះហើយគាត់ផ្សារភ្ជាប់នឹងរបរធ្វើនំទទឹមជិត៤០ឆ្នាំមកហើយ។ មីងនាងភឿង ឱ្យដឹង៖ "គាត់ប្រកបរបរធ្វើនំប្រពៃណីពីម្ដាយរបស់គាត់ពេលអាយុ១៦ឆ្នាំ។ នំទទឹម គឺជាប្រភេទនំមិនងាយអ្នកណាក៏អាចធ្វើបាននោះទេ។ ចង់វេចនំដែលមានទ្រងទ្រាយដូចផ្លែទទឹម អ្នកវេចចាំបាច់ត្រូវមានការប៉ិនប្រសប់។ នំដែលវេចស្អាតគឺត្រូវបត់ឱ្យស្មើជ្រុង។ បច្ចុប្បន្នមាន៣នាក់ក្នុងចំណោមបងប្អូនខ្ញុំ៧នាក់ដែលប្រកបរបរធ្វើនំទទឹម។ ខ្ញុំតែងធ្វើជាប្រចាំសម្រាប់លក់ដល់ភ្ញៀវទេសចរនិងតាមតម្រូវការទិញរបស់អតិថិជនពេលមកអាងយ៉ាង”។
នំទទឹមដែលចម្អិនរួចមើលទៅដូចផ្ការីកក្រពុំគួរឱ្យទាក់ទាញអារម្មណ៍។
តាមប្រសាសន៍មីងភឿង វត្ថុធាតុដើមសម្រាប់ធ្វើនំទទឹម រួមមាន៖ អង្ករដំណើប សណ្ដែកសៀង ដូង ស្ករស អំបិល។ល។ អង្ករដំណើបក្រោយពីទិញមកត្រូវត្រាំទឹកមួយយប់។ បន្ទាប់មកស្រង់ទុកឱ្យស្ងួត ដាក់សណ្ដែកសៀង ខ្ទិះដូង ស្ករសនិងអំបិលបន្តិចច្របល់ចូលគ្នាឱ្យសព្វរួចវេច។ ដំណាក់កាលដែលលំបាកនិងចំណាយពេលច្រើនបំផុតគឺធ្វើសម្បកនំ។ ធម្មតាមាមីងត្រូវជ្រើសយកស្លឹកត្នោតខ្ចីល្មម ជូតឱ្យជ្រះ ឆូតចោលឆ្អឹងយកប្រវែងស្មើគ្នាបន្ទាប់មកខ្ទាស់ទៅជារាងបួនជ្រុងដើម្បីបង្កើតជាសម្បកនំ។ ពិសេសនំត្រូវបានខ្ទាស់ចងភ្ជាប់យ៉ាងប៉ិនប្រសប់ ដូចជាផ្ការីកក្រពុំមើលទៅគួរឱ្យទាក់ទាញអារម្មណ៍និងចម្លែកភ្នែកណាស់ បង្ហាញនូវភាពស្រស់ស្អាតពិសេសដោយឡែករបស់ជនរួមជាតិខ្មែរអាងយ៉ាង។
បច្ចុប្បន្ន គ្រួសារមីងនាងភឿង មានជីវភាពលំនឹងផ្ដើមពីរបរធ្វើនំទទឹម។ គាត់សន្សំបានប្រាក់មួយចំនួន ជួលដីស្រែ២០កុងធ្វើស្រូវ ដើម្បីរកប្រាក់ចំណូលបន្ថែមជូនគ្រួសារនិងចិញ្ចឹមកូនស្រីរៀននៅមហាវិទ្យាល័យក្រុងហូជីមិញ។ មីងនាងភឿង មានបំណងបង្រៀនរបៀបធ្វើនំទទឹមដល់មាមីង សិក្សាស្រាវជ្រាវច្នៃធ្វើនំដោយស្នូលផ្សេងៗ មានពណ៌ដ៏ទាក់ទាញពីវត្ថុធាតុដើមធម្មជាតិនិងអាចរក្សាទុកបានយូរ ដើម្បីផ្សព្វផ្សាយនូវផលិតផលនំពិសេសប្លែកភ្នែករបស់ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង៕
អត្ថបទនិងរូប ៖ ទីទុយ