រយៈពេលកន្លង គណៈកម្មការនយោបាយនៃគណៈបញ្ជាការយោធាទីរួមខេត្តង៉ាណាំ បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង តែងពង្រីកបានល្អតួនាទីធ្វើសេនាធិការក្នុងការអនុវត្តបទបញ្ជាលេខ០៥របស់ការិយាល័យនយោបាយ ស្តីពី"ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ" សម្រេចបានលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់។
កម្មាភិបាលកងទ័ពអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យាយយ័ញធីមាន
នៅភូមិវិញទ្រុង ឃុំវិញក្វើយ។
គណៈបញ្ជាការយោធាទីរួមខេត្តង៉ាណាំ បានកសាងទម្រង់ជាច្រើនសម្រេចប្រសិទ្ធភាពខ្ពស់ ដូចជា៖ ទម្រង់ "កសាងឃុំ សង្កាត់រឹងមាំខាងការការពារប្រទេស-សន្តិសុខ និងទីក្រុងស៊ីវិល័យ" "ប្រិតសំចៃប្រាក់បង្កើតមូលនិធិជួយកូននាយទាហានបម្រុង កម្មាភិបាលចលនាបម្រុង ឆ្លងកាត់លំបាក រៀនពូកែ" "ហ៊ុនទុនជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ" ។ល។ អនុវត្តទម្រង់ខាងលើនោះ បក្ខជនក្នុងសាខាបក្សរួមវិភាគទានប្រាក់ម្នាក់ៗពី២០ដល់៣០ពាន់ដុងក្នុងមួយខែ សម្រាប់សួរសុខទុក្ខ ជូនអំណោយ ជូនអាហារូបករណ៍ និងឧបត្ថម្ភពូជសត្វចិញ្ចឹម (ត្រី មាន់) ដល់គ្រួសារកងប្រជាស័្វយត្រាណ និងកម្មាភិបាលចលនាបម្រុង ដែលមានស្ថានភាពលំបាក។ មកទល់ពេលនេះ ទម្រង់នេះបានជួយឱ្យគ្រួសារកម្មាភិបាល ចលនាបម្រុងនិងកងប្រជាស្វ័យត្រាណជាច្រើនលំនឹងជីវភាព។ តួយ៉ាងដូចបងត្រឹងថាញ់ទឿ ជាកងប្រជាស្វ័យត្រាណចំណុះឃុំវិញក្វើយមានជីវភាពគ្រួសារលំបាកគណៈកម្មការនយោបាយបានឧបត្ថម្ភកូនត្រីផ្ទក់២.០០០ក្បាល។ មកទល់ពេលនេះ ផ្តើមពីទម្រង់ចិញ្ចឹម ត្រី គ្រួសារបងមានជីវភាពលំនឹង។ បងទឿ ឱ្យដឹង៖ "ចិញ្ចឹមត្រីផ្ទក់លើកដំបូង ខ្ញុំចំណេញបានប្រមាណ៣០លានដុង។ ឥឡូវគ្រួសារ មានទុនដើម្បីចិញ្ចឹមជាបន្ត។ ដោយសារចិញ្ចឹមត្រី ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលបន្ថែម ហើយនឹងនរចិត្តបំពេញការងារ"។ ចំណែក លោកយាយយ័ញធីមាន នៅភូមិវិញទ្រុង ឃុំវិញក្វើយ ឱ្យដឹង៖ "ខ្ញុំមានអាយុជាង៧៣ឆ្នាំហើយ គ្រួសារក្រីក្រ ថែមទាំងមានកូនម្នាក់ពិការពីកំណើត ទើបជីវភាពជួបលំបាកខ្លាំង។ ដោយសារបានក្មួយៗកងទ័ពជួយឧបត្ថម្ភគាំពារ ចុះមកដល់ផ្ទះជូនអង្កររបស់របរប្រើប្រាស់ លុយកាក់ ខ្ញុំត្រេកអរខ្លាំងណាស់ និងចងចាំជានិច្ចនូវទង្វើល្អនេះ"។
វរសេនីយ៍ឯកបម្រុង ត្រឹងថាញ់តុង ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីរួមខេត្តង៉ាណាំ បញ្ជាក់ឱ្យដឹង៖ "រយៈពេលកន្លង គណៈកម្មការនយោបាយតែងសកម្មផ្សព្វផ្សាយបទបញ្ជាលេខ០៥ដល់បក្ខជននិងមហាជនទាំងអស់។ ឆ្លងតាមរយៈនោះ ការយល់ដឹងរបស់បក្ខជនអំពីការអនុវត្តបទបញ្ជាលេខ០៥កាន់តែល្អប្រសើរ តាមរយៈការអនុវត្តការងារយ៉ាងជាក់ស្តែង ម្ល៉ោះហើយលេចឡើងនូវទម្រង់ល្អៗជាច្រើន។ អាស្រ័យហេតុនោះ បានរួមចំណែកជួយឱ្យអង្គភាពបានយោធភូមិភាគ៩ប្រទានកិត្តិនាមជាអង្គភាពប្តេជ្ញាឈ្នះច្រើនឆ្នាំបន្តបន្ទាប់ និងបក្ខភាគស្អាតស្អំ រឹងមាំ គំរូ៥ឆ្នាំ បន្តបន្ទាប់"៕
យ្វីអាញ់-វិមាន