នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អញ្ជើញទៅសួរសុខទុក្ខ ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ និងមាមីងជនរួមជាតិខ្មែរនៅខណ្ឌអូរម៉ូង
នាយករដ្ឋ មន្រ្តីង្វៀនស្វឹងភុក និងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិមក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយវិទ្យាស្ថានពុទ្ធសានាខ្មែរ។ រូបថត៖ អាញ់យុង
កាលពីព្រឹកថ្ងៃទី៦ ខែមេសា នៅក្រុងកឹងធើ គណៈកម្មាធិការជនជាតិសហការជាមួយនឹងគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងក្រសួង ផ្នែកមជ្ឈិម ខេត្ត ក្រុងនានានៅតំបន់ណាមបូ រៀបចំពិធីជួបជុំអ្នកតំណាងឆ្នើមនាឱកាសអំណរបុណ្យចូលឆ្នាំថ្មី២០១៩ របស់ជនរួមជាតិខ្មែរ។
ពិធីជួបជុំប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏មហោឡារិក សប្បាយរីករាយ អញ្ជើញចូលរួមមានអ្នកតំណាង៥០០រូប ជាអ្នកមានប្រជាប្រិយភាព វីរមាតាវៀតណាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន កម្មាភិបាលឋិតក្នុងតំណែង កម្មាភិបាលចូលនិវត្តន៍ ព្រះសង្ឃ បញ្ញវន្ត គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ សិស្ស និស្សិតឆ្នើមជាជនជាតិខ្មែរ។ល។ នៅខេត្ត ក្រុងទាំង១៧នៅតំបន់ណាមបូ។
អញ្ជើញចូលរួមមានសមមិត្ត ង្វៀនស្វឹងភុក សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមមិត្តត្រឿងហ្វាប៊ិញ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល សមមិត្ត ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិម សមមិត្តត្រឹងថាញ់មឹុង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សមមិត្តផាងឌិញត្រាក់ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការនយោបាយផ្ទៃក្នុងមជ្ឈិម រួមជាមួយនឹងសមមិត្តថ្នាក់ដឹកនាំក្រសួង ផ្នែកដែលជាប់ពាក់ព័ន្ធ ថ្នាក់មជ្ឈិម និងភូមិភាគ។ល។
នៅក្នុងពិធីនេះ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ សមមិត្តង្វៀនស្វឹងភុក សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សូមប្រគេននិងជូនពរដល់សមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម កម្មាភិបាល ព្រឹទ្ធាចារ្យបដិវត្តន៍វីរមាតាវៀតណាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន អ្នកតំណាងទាំងឡាយនិងទូទាំងជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជន និងព្រះសង្ឃជនជាតិខ្មែរនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ និងប្រសិទ្ធពរបវរសួស្តីមហាប្រសើរ។
សមមិត្តង្វៀនស្វឹងភុក អំពាវនាវជនរួមជាតិ កម្មាភិបាល យុទ្ធជននិងព្រះសង្ឃខ្មែរ គប្បីបន្តពង្រីកនូវប្រវេណីមហាសាមគ្គីជនជាតិ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ លើកកម្ពស់ស្មារតីឈានឡើងដោយខ្លួនឯង ប្តេជ្ញាចិត្តឆ្លងកាត់លំបាក ដើម្បីមនុស្សគ្រប់រូប គ្រប់គ្រួសារមានជីវភាពល្អប្រសើរ។ ទន្ទឹមនឹងនោះ ខ្នះខ្នែងចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី បញ្ចេញកម្លាំងរៀនសូត្រ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាលើគ្រប់វិស័យ សំដៅកាត់បន្ថយគម្លាតនឹងទូទាំងប្រទេស រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ធ្វើឲ្យជីវភាពវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែប។ មិនបង្អង់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ ប្រឆាំងឧបាយកល "បម្រែបម្រួលសន្តិភាព" របស់អានុភាពអមិត្ត រួមចំណែករក្សា សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ មន្រ្តីសង្ឃ ពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ជាគំរូក្នុងការអនុវត្តគោលនយោបាយ ក្រឹត្យច្បាប់ សកម្មចលនាពុទ្ធសានិកចូលរួមចលនាប្រឡងប្រណាំង អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម លើកកម្ពស់ជីវភាព អនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចការពុទ្ធសាសនា រៀបចំសកម្មភាពពុទ្ធសាសនា គោរពតាមក្រឹត្យច្បាប់និងធម្មនុញ្ញនៃសមាគមពុទ្ធសាសនាវៀតណាម កសាងសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។
* ព្រឹកថ្ងៃទី៧ ខែមេសា នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរវិទ្យាស្ថានពុទ្ធសាសនាខ្មែរ និងមាមីងជនរួមជាតិខ្មែរ នៅសង្កាត់ចូវវ៉ាន់ឡីម ខណ្ឌអូរម៉ូង នាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូឆ្នាំ២០១៩។
ជំនួសមុខឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក បញ្ជាក់៖ ប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ភូមិភាគនានា និងការខិតខំយ៉ាងពេញទំហឹងរបស់ប្រជាជន ជីវភាពជនរួមជាតិខ្មែរត្រូវបានលើកស្ទួយ។ ជនរួមជាតិខ្មែររួមកម្លាំងកាយចិត្តក្នុងការកសាងពង្រឹងនិងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកកសាងមាតុភូមិវៀតណាម កាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្រ្តី គូសបញ្ជាក់៖ បក្សនិងរដ្ឋតែងគោរពសិទ្ធិសេរី ភាពជំនឿសាសនារបស់ប្រជាជន មិនបង្អង់ក្នុងការគិតគូរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កលក្ខណៈងាយស្រួលជូនជនរួមជាតិអ្នកកាន់សាសនា និងគ្រប់សាសនាទាំងអស់ អនុវត្តល្អការបួសរៀន និងអនុវត្តល្អតួនាទីសាសនាសម្រាប់ប្រទេសជាតិ។
នាយករដ្ឋមន្រ្តី ជឿជាក់ថា ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំក្នុងពុទ្ធសាសនាវៀតណាម គប្បីបន្តកិច្ច ចង្អុលការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចសំខាន់ៗក្នុងដំណាក់កាលថ្មីដែលសមាគមពុទ្ធសាសនាដាក់ចេញ ទន្ទឹមនឹងនោះ ណែនាំព្រះថេរានុត្ថេរ ពុទ្ធសាសនិកបន្តអនុវត្តល្អគោលលំនាំ "សាសនា-ប្រជាជាតិ -សង្គមនិយម" រួមចំណែកក្នុងកិច្ចការកសាង និងការពារមាតុភូមិ។ ស្របឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩ នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរនិងសមណសិស្សគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរគ្រប់រូបប្រកបដោយសុខភាពល្អ បរិបូរ ជឿនលឿន និងវិបុលសុខគ្រប់ប្រការ៕
ថាញ់ឡុង-អាញ់យុង-មុនី