បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩ របស់ជនរួមជាតិខ្មែរប្រព្រឹត្តឡើងនៅថ្ងៃ១៤, ១៥ និង១៦ ខែមេសា។ ក្នុងអំឡុងថ្ងៃនេះ ជនរួមជាតិខ្មែរនៅណាមបូនិយាយរួម និងខេត្តសុកត្រាំងនិយាយដោយឡែក កំពុងម្នីម្នាត្រៀម បម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។
ពុទ្ធបរិស័ទកំពុងពូនភ្នំខ្សាច់នៅវត្តស្រឡូង។
ខេត្តសុកត្រាំងមានជនរួមជាតិខ្មែររស់នៅជាង៣០%។ ក្នុងអំឡុងថ្ងៃនេះ បរិយាកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីនៅតាមភូមិស្រុកក្នុងខេត្តសុកត្រាំងមានភាពគគ្រឹកគគ្រេង។ លោកយ័ញភឿង នៅភូមិដាយងៀ ថាំង ឃុំដាយតឹម ឲ្យដឹង៖ “រៀងរាល់ឆ្នាំគ្រួសារខ្ញុំតែងរៀបចំទីសក្ការៈ តុបតែងផ្ទះសម្បែង ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ក្រៅពីនោះ គ្រួសារក៏បម្រុងអង្ករដំណើប សណ្ដែក ដើម្បីវេចនំ និងបម្រុងម្ហូបអាហារ ផ្លែឈើ។ល។ យកទៅវត្តប្រគេនព្រះសង្ឃ។ ពេលជិតដល់បុណ្យចូលឆ្នាំថ្មី កូនចៅប្រមូលគ្នាទៅវត្តសម្អាតចេតិយដូនតាឲ្យបានស្អាតស្អំ ដើម្បីបង្សុកូលនៅថ្ងៃឡើងស័ក”។ នៅតាមវត្តខ្មែរនានា ព្រះសង្ឃក៏មមាញឹកសម្អាតវត្តអារាមឲ្យបានស្អាត សមរម្យដើម្បីអំណរឆ្នាំថ្មីផងដែរ។ នៅវត្តស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង គឺជាកន្លែងទេសចរណ៍បែបជំនឿសាសនាដ៏ល្បីរបស់ខេត្ត បរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីកំពុងប្រព្រឹត្តឡើង៖ ព្រះសង្ឃរៀបចំបោសសម្អាតបរិវេណវត្ត ចងបដា ចងទង់ តុបតែងអំពូលភ្លើងជាដើម។ ពុទ្ធបរិស័ទមកវត្តជម្រះស្មៅ លាបកំបោរលាប ថ្នាំពណ៌ចេតិយដូនតា។ល។ ព្រះតេជព្រះគុណ គឹមហ្វាងហឹង ព្រះចៅអធិការវត្តស្រឡូង មានថេរដីកា៖ “ក្នុងកំឡុង៣ថ្ងៃចូលឆ្នាំ ពុទ្ធបរិស័ទសម្រាកការងារស្រែចម្ការ រៀបចំម្ហូបអាហារ នំនែក ផ្លែឈើ ផ្កាភ្ញី។ល។ យកទៅវត្តប្រគេនព្រះសង្ឃ និងធ្វើសក្ការៈបូជាព្រះពុទ្ធ។ ចំណែកនៅតាមវត្តនានារៀបចំទទួលទេវតាឆ្នាំថ្មី ពូនភ្នំខ្សាច់ ចាត់តាំងល្បែងប្រជាប្រិយជូនកូនចៅខ្មែរលេងកម្សាន្តសប្បាយនៅក្នុងទីវត្តអារាម។ ឆ្នាំនេះ វត្តមានកិត្តិយសបានខេត្តសុកត្រាំង មកចាត់ចែងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធី សិល្បៈអំណរបុណ្យចូលឆ្នាំថ្មី។ នេះជាឱកាស ដើម្បីភ្ញៀវទេសចរបានយល់ដឹងពីអត្ថន័យ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ និងពុទ្ធបរិស័ទកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មី”។
លោកថាច់ចម្រើន ប្រធានក្រុមសិល្បៈខ្មែរ ខេត្តសុកត្រាំង ឲ្យដឹង៖ “សិល្បករ-ការិនី តន្ត្រីកររបស់ក្រុម បានហាត់សមជាស្រេចត្រៀមសម្តែងបម្រើជូនមាមីងខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
តាមប្រសាសន៍លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង ស្របឱកាសក្នុងបុណ្យចូលឆ្នាំថ្មី ខេត្តសុកត្រាំង បានចាត់គណៈប្រតិភូទៅសួរសុខទុក្ខ ប្រសិទ្ធពរឆ្នាំថ្មី និងជូនអំណោយដល់កម្មាភិបាល យុទ្ធជន អ្នកមានប្រជាប្រិយភាព គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ និងកម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរ។ ទន្ទឹម នឹងនោះ សួរសុខទុក្ខជូនពរ និងប្រគេនទេយ្យទានដល់ព្រះសង្ឃនៅតាមវត្តខ្មែរនានាលើភូមិសាស្រ្តខេត្ត។ បុណ្យចូលឆ្នាំថ្មី២០១៩ លោក លីប៊ិញកាង ឲ្យដឹង៖ ខេត្តសុកត្រាំងនឹងរៀបចំពិធីជួបជុំដោយមានអ្នកតំណាងចូលរួមជាង៤០០រូប ដែលជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ព្រះសង្ឃ និស្សិត គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ជាជនរួមជាតិខ្មែរ និងអ្នកមានប្រជាប្រិយភាព។ ពិធីជួបជុំបានបង្ក បរិយាកាសសប្បាយរីករាយឆ្នាំថ្មីផងនិងបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋដល់ជនរួមជាតិខ្មែរផង។ ប្រការនោះគឺជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីជនរួមជាតិខ្មែរសកម្មពលកម្មផលិត កសាងជីវភាពសុខដុមរមនា សុភមង្គល និងពង្រីកប្រវេណីសាមគ្គីរវាងបណ្ដាជនជាតិ រួមគ្នាកសាងមាតុភូមិសុកត្រាំងកាន់តែសម្បូរសប្បាយ ស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃ៕
លីធាន-វិមាន