18/12/2018 - 10:16

ជីវ​​ភាព​​ឈាន​​ឡើង​​ផ្ដើម​​​ពី​គោល​​​ន​យោ​​បាយ​​ជំ​​នួយ​

ផ្ដើម​​​ពី​​គ្រួ​​សារ​ក្រី​ក្រ​មួយ​ ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ទទួល​ទាន​នៅ​ពេល​បាន​ទទួល​ផល​ពី​របប​គោល​​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ បង​ត្រឿង​វី នៅ​ភូមិ​យុង​យឿ A  ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​​លីវ ខេត្ត​បាក​លីវ​ មាន​លក្ខ​ណសម្បត្តិ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ឥ​ឡូវ​​​នេះ គ្រួ​សារ​បងត្រឿង​វី បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ​។

ប្ដី​​​ប្រ​ពន្ធ​បង​ត្រឿង​វី​ ត្រេក​អរ​រីក​រាយ​ដោយ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ ​ដើម​ទុន​ទើប​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ការ​រក​ស៊ី​​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

“ថ្វី​ត្បិត​តែ​ក្រ​ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​បង​ត្រឿង​វី មាន​ការ​ឧស្សាហ៍​ប្រឹង​ប្រែង​ស៊ូ​ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ទទួល​ទាន​និង​ចាយ​​វាយ​ចេះ​ប្រឹត​សំ​ចៃ​។ ម្ល៉ោះ​ហើយ​ ពេល​បាន​​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ ឧបត្ថម្ភ​ដើម​ទុន​រក​ស៊ី ​ប្ដី​ប្រ​ពន្ធ​បង​ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​យ៉ាង​​ឆាប់​រ​ហ័ស​ ក្លាយ​ជា​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​​ណូល​បង្គួរ​។ ថ្វី​បើ​ដូច្នេះ​ក៏​ដោយ​  បង​ត្រឿង​វី នៅ​តែ​ឆ្លៀត​ទៅ​ធ្វើ​ការ​ឈ្នួល​បន្ថែម​ដើម្បី​​រក​ប្រាក់​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ ម្ល៉ោះ​ហើយ​មា​មីង​ខ្មែរ​នៅ​ទី​នេះ អ្នក​ណា​ក៏​ស្រ​ឡាញ់​រាប់​អាន​និង​ស្ងើច​សរ​សើរ​មិន​ដាច់​ពី​មាត់​”-លោក​ត្រឿង​ហ៊េប​ លេ​ខា​សា​ខា​បក្ស​ភូមិ​យុង​យឿ A  បាន​ឲ្យ​ដឹង​ដូច្នេះ​ ។

តាម​សម្ដី​បង​ត្រឿង​វី ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​បង​សុទ្ធ​តែ​ជា​កូន​អ្នក​ក្រ​ ម្ល៉ោះ​ហើយ​ពេល​រៀប​​ការ​រួច​ឪ​ពុក​ម្ដាយ​ចែក​ដី​ឲ្យ​បាន​៥០០​ម៉ែត្រ​កា​រ៉េ​សម្រាប់​សង់​ផ្ទះ​និង​ដាំ​បន្លែ​។ បង​ធ្វើ​​ការ​ឈ្នួល​ខួប​ឆ្នាំ ល្មម​ត្រឹម​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ឆ្នាំ​២០១០ ពេល​បាន​រដ្ឋ​​ជំ​នួយ​សង់​ផ្ទះ ឧបត្ថម្ភ​បុល​ទុន​ពង្រីក​សេដ្ឋ​​​កិច្ច​គ្រួ​សារ​ ជីវ​​ភាព​គ្រួ​សារ​បង​ចា​​ប់​ផ្ដើម​ឈាន​​ឡើង​។ បង​វី ​ឲ្យ​ដឹង​៖ “​មាន​ផ្ទះ​សម្បែង​នៅ​​ស្រួល​បួល  ខ្ញុំ​លែង​បា​រម្ភ​ចំ​ពោះ​ការ​ជួស​ជុល​ផ្ទះ​ទៀត​។ នៅ​ពេល​បុល​ទុន​បាន​៥​លាន​ដុង​ ខ្ញុំ​យក​ទៅ​ជួល​ដី​សម្រាប់​ដាំ​បន្លែ​ ឆ្លៀត​ពេល​ទំ​នេរ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​។ ឆ្នាំ​ដំ​បូង​ ដាំ​ខ្ទឹម​​ស្លឹក​ទទួល​បាន​ផល​ ទើប​ខ្ញុំ​ទិញ​បាន​ដី​ចម្ការ​​១,៥​កុង​”។ មាន​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ ​បង​វី​បញ្ចេញ​​កម្លាំង​ថែ​ទាំ​ ម្ល៉ោះ​ហើយ​ដំ​ណាំ​របស់​បង​តែង​​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជា​និច្ច​។ រក​បាន​​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដំ​ណាំ​ បង​ទូ​ទាត់​ដាច់​ស្រេច​ប្រាក់​បំ​ណុល​ធ​នា​គារ​គោល​ន​យោ​​បាយ​សង្គម​។ ឆ្នាំ​២០១៤ បង​ត្រឿង​វី បន្ត​បុល​​២៥​លាន​ដុង​ ផ្សំ​ជា​មួយ​នឹង​ប្រាក់​ដែល​ប្រឹ​ត​​សំ​ចៃ​ដើម្បី​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​​។ តាំង​ពី​ពេល​​នោះ​មក ឲ្យ​តែ​​ដល់​រ​ដូវ​កាល​ម្ដង​ៗ បង​វី​តែង​ដើរ​ស៊ី​ឈ្នួល​ភ្ជួរ​រាល់​ ចំ​ណែក​ប្រ​ពន្ធ​បង​វិញ​ ថែ​ទាំ​ចម្ការ​ដំ​ណាំ​។

មិន​ចុះ​ញម​ចំ​ពោះ​ភាព​ក្រី​ក្រ​  រស់​នៅ​ដោយ​មិន​សំ​អាង​ទៅ​លើ​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ​ ពេល​មាន​ឱ​កាស​គឺ​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ត្រង់​ហ្នឹង​ហើយ​​ទើប​ជីវ​ភាព​គ្រួ​សារ​បង​វី កាន់​តែ​ធូរ​ធារ​ឡើង​។ អា​ស្រ័យ​ហេតុ​នោះ បង​បាន​ជួស​ជុល​ផ្ទះ​សម្បែង​ ទិញ​របស់​របរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ ​និង​មធ្យោ​បាយ​ជិះ​ទៅ​មក​។ ប​ងវី ឲ្យ​ដឹង​បន្ថែម​៖  “មុន​នេះ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មិន​ហ៊ាន​គិត​ថា​​មាន​ផ្ទះ សម្បែង​សម​រម្យ​ មាន​ដី​សម្រាប់​បង្ក​បង្កើន​​ផល​ឡើយ​។ ជីវ​ភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​មិន​ភ្លេច​គុណ​រដ្ឋ​ដែល​មាន​គោល​ន​យោ​បាយ​ជួយ​ដល់​អ្នក​ក្រ​ទេ​។ ខ្ញុំ​យល់​ច្បាស់​ណាស់​ ក្រ​គឺ​វេទ​នា​ណាស់​!  ហេតុ​នោះ​ សព្វ​ថ្ងៃ​នេះ​ ក្រៅ​ពី​ដាំ​ដុះ ផុត​រដូវ​ភ្ជួរ​រាស់​​ មា​មីង​ក្នុង​ភូមិ​​ជួល​បាញ់​ថ្នាំ ​ធ្វើ​ដី​ចម្ការ​ ឆ្លូក​ស្រូវ​។ល។ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​តែង​ទៅ​ធ្វើ​ដើម្បី​រក​ប្រាក់​ចំ​ណូល​​បន្ថែម​”។ តាម​ការ​ប៉ាន់​ស្មាន​របស់​បង​វី ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​បង​ដាំ​បន្លែ​បាន​៣​រដូវ​​ ក្នុង​​​មួយ​​រដូវ​ចំណេញ​ពី​១០​-១៥​លាន​ដុង​ក្នុង​​មួយ​កុង​។ ចំ​ណែក​ប្រាក់​ចំ​ណូល​បាន​ពី​ការ​ភ្ជួរ​រាស់​​ក្នុង​មួយ​រ​ដូវ​ អាច​រក​បាន​ជាង​៣៥​​លាន​ដុង​៕​                

                            យ៉ី​អាញ់​-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ