លោកហ្វិញវ៉ាន់ធ្វឹន ប្រធានសាខាធនាគារគោលនយោបាយសង្គមក្រុងកឹងធើ ឲ្យដឹង៖ “អាស្រ័យប្រើប្រាស់ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម ប្រកបដោយប្រសិទ្ធភាព បានជាគ្រួសារជនជាតិភាគតិចជាច្រើនដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តក្រុងកឹងធើ បានលំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ”។
បងស្រីថាច់ធីម៉ាយ បុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមវិនិយោគទុនចិញ្ចឹមជ្រូក អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
សាខាធនាគារគោលនយោបាយសង្គមក្រុងកឹងធើ បានផ្សព្វផ្សាយកម្មវិធីឥណទានគោលនយោបាយចំនួន១៥ សមតុល្យជាប់បំណុលសរុប២.១៥៦ពាន់លានដុង សមតុល្យជាប់បំណុលអតិថិជន៩៤.៣០០នាក់។ ក្នុងនោះ ប្រាក់បំណុលគ្រួសារជនជាតិភាគតិចគឺ៥៣,៦ពាន់លានដុង មានចំនួន៣.២២០គ្រួសារ។ ឆ្លងតាមរយៈនោះ បានជួយដល់មាមីងជនជាតិភាគតិចក្នុងការផលិតកម្ម និងធ្វើអាជីវកម្ម (ដាំដុះ លក់ដូរចិញ្ចឹមសត្វ) សង់ផ្ទះ ផ្គត់ផ្គង់ថវិកាឲ្យសិស្សនិស្សិត បន្តការរៀនសូត្រ។ល។ លោកង្វៀនវាំុងឌឹក ប្រធានក្រុមប្រឹក្សាប្រជាជនឃុំថើយស្វឹន ស្រុកកើ-ដ ឲ្យដឹង៖ “នៅភូមិថើយត្រឿង១ និងថើយត្រឿង២ របស់ឃុំថើយស្វឹន មានគ្រួសារជនជាតិខ្មែរបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន៤២៩គ្រួសារ ដោយសមតុល្យបំណុលជាង១៥ពាន់លានដុង។ គ្រួសារទាំងនោះ ប្រើប្រាស់ទុនបុលចំទិសដៅមានប្រសិទ្ធភាពសងប្រាក់បំណុល និងប្រាក់ការត្រូវតាមការកំណត់”។
អាស្រ័យបុលទុនអាទិភាព មានគ្រួសារជាច្រើនកាលពីមុនក្រលំបាក ឥឡូវមានជីវភាពលំនឹង កូនចៅបានរៀនសូត្រចប់ចុងចប់ដើម។ តួយ៉ាងដូចគ្រួសារលោកយ័ញក្វឹកទ្វឹន នៅភូមិថើយត្រឿង២ ពីមុននេះ មានដីស្រែតែ១កុង ពីរនាក់ប្តីប្រពន្ធទៅធ្វើការឈ្នួល ព្រមជាមួយនោះ កូនទាំងពីរនាក់របស់គាត់កាន់តែធំឡើងជីវភាពលំបាកហើយរឹតតែលំបាកថែមទៀត។ ឆ្នាំ២០០៩ លោកទ្វឹន បុលទុន៥លានដុងអំពីធនាគារគោលនយោបាយសង្គមសម្រាប់ចិញ្ចឹមជ្រូក។ ក្រោយពីសងបំណុលរួច លោកទ្វឹនបន្តបុលទុនច្រើនជាងមុន ដើម្បីបើកទូលាយការចិញ្ចឹមគោនិងពពែ។ ក្រៅពីនោះ លោកទ្វឹនថែមទាំងបុល២៧,៤លានដុង សម្រាប់ផ្គត់ផ្គង់កូនរៀនមហាវិទ្យាល័យ។ រហូតដល់ចុងឆ្នាំ២០១៦ គ្រួសារលោកទ្វឹន ចាកផុតពីភាពក្រីក្រ។ លោកទ្វឹន បានរ៉ាយរ៉ាប់៖ “អាស្រ័យបានបុលទុន ទើបគ្រួសារខ្ញុំមានលក្ខណសម្បត្តិផលិតកម្មកូនៗរៀនសូត្របានត្រឹមត្រូវ។ សព្វថ្ងៃនេះ កូនខ្ញុំទាំងពីរមានការងារធ្វើលំនឹង គ្រួសារចាកផុតពីភាពក្រខ្សត់”។ មិនចំពោះតែស្រុកកើ-ដប៉ុណ្ណោះទេ មាមីងជនជាតិភាគតិចនៅភូមិភាគឯទៀតក៏បានបុលទុនពីធនាគារគោលនយោបាយសង្គម សម្រាប់ធ្វើការរកស៊ី ចាកផុតពីភាពក្រីក្រផងដែរ។ មានដូចបងស្រីថាច់ធីម៉ាយ នៅភូមិថើយទ្វឹនB ទីប្រជុំជនថើយឡាយស្រុកថើយឡាយ ក៏អាស្រ័យប្រភពទុនបុលពីធនាគារគោលនយោបាយសង្គមបងស្រីបានវិនិយោគក្នុងការចិញ្ចឹមសត្វ កែប្រែចម្ការចាស់ អភិវឌ្ឍសេដ្ឋកិច្ចលំនឹងបានជាសព្វថ្ងៃគ្រួសារបងស្រីបានចាកផុតពីភាពក្រីក្រ។ ចំណែកគ្រួសារបងស្រីលីធីអាញ់ង្វៀត នៅមណ្ឌលប៊ិញឡើយ សង្កាត់ត្រឿងឡាក ខ័ណ្ឌអូរម៉ូង បានបុលទុន៤០លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមជ្រូកនិងពពែ។ ព្រមជាមួយនោះ គ្រួសារបងស្រីបានជួលដី១កុងបន្ថែមសម្រាប់ដាំក្រូចថ្លុងនិងក្រូចពោធិ៍សាត់សំបកក្រាស់។ អាស្រ័យស៊ូលំបាកហត់នឿយ ក្នុងការរកស៊ីគ្រួសារបងស្រីក៏ចាកផុតពីភាពក្រីក្រនៅចុងឆ្នាំ២០១៧៕
ភីអៀន - ថាច់ធី