31/07/2018 - 14:17

រដូវ​ទឹក​ត្នោត​នៅ​បៃ​ណូយ​

សព្វ​ថ្ងៃ នៅ​តំ​បន់​បៃ​ណូយ​ ខេត្ត​អាន​យ៉ាង  កំ​ពុង​ឈាន​ចូល​រដូវ​ទឹក​ប្រ​មូល​ផល​ទឹក​ត្នោត​។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​តែង​ចាត់​ទុក​ដើម​ត្នោត​គឺ​ជា​ប្រ​ភព​ធន​ធាន​ដ៏​មាន​តម្លៃ​ដែល​ធម្ម​ជាតិ​បាន​ប្រ​ទាន​។

ប្តី​ប្រ​ពន្ធ​បង​គឹម​សែង ឃុំ​អាន​ហាវ (ស្រុក​ទិញ​បៀន) ក្រោយ​ពី​មួយ​ថ្ងៃ​ពល​កម្ម​ហត់
នឿយ​ រម្ងាស់​បាន​ស្ករ​ត្នោតយ៉ាង​ឈ្ងុយ​ឆ្ងាញ់​។

ត្នោត​គឺ​ជា​ប្រ​ភេទ​រុក្ខ​ជាតិ​ម្យ៉ាង ដើម​មូល​ ធំ​​​ខ្ពស់ ស្លឹក​ស្រ​ដៀង​គ្នា នឹង​ស្លឹក​ទ្រាំង​។ ត្នោត​ច្រើន​ចេញ​ផ្កា​នៅ​រដូវ​ប្រាំង (ចាប់​ពី​ខែ​១​រ​ហូត​ដល់​ខែ​៦ ច័ន្ទ​គ​តិ​វៀត​ណាម​)។ តាម​ប្រ​សាសន៍​របស់​លោក​ចៅ​នី​ នៅ​ឃុំ​អាន​ហៅ​ ស្រុក​ទិញ​បៀន​៖ ទឹក​ត្នោត​ត្រូវ​បាន​យក​ពី​ផ្កា​ពុំ​មែន​ទឹក​ពី​ផ្លែ​របស់​​វា​ទេ​។ ដើម​ត្នោត​ដុះ​កាន់​តែ​យូរ​ឆ្នាំ​ ដើម​កាន់​តែ​ខ្ពស់ មាន​ដើម​ខ្លះ​ខ្ពស់​ជាង​១៥​ម៉ែត្រ​ អ្នក​ឡើង​ត្នោត​តែង​ប្រើ​បង្អោង​ឫស្សី​យ៉ាង​វែង មាន​បែក​ច្រើន​ចង​ផ្អោប​ជា​មួយ​ដើម​ ដើម្បី​ងាយ​ស្រួល​ឡើង​ចុះ​។  គេ​គាប​លញ់​ផ្កា​យ៉ាង​តិច​៣​ថ្ងៃ ទើប​ចិត​ផ្កា​ឃើញ​មាន​ទឹក​ស្រក់​ ដោយ​យក​បំ​ពង់​ឫស្សី​ឬ​ដប​ជ័រ​ត្រង​យក​ទឹក​ក្រោយ​រយៈ​ពេល​១​ថ្ងៃ​ទើប​ឡេីង​យក​ទឹក​ម្តង​។ ធម្ម​តា  អ្នក​ឡើង​យក​ទឹក​ត្នោត ផ្លាស់​បំ​ពង់​និង​ចិត​ផ្កា​រៀង​រាល់​ព្រឹក​ឬ​ល្ងាច​ រ​ហូត​កាល​ណា​ចិត​អស់​ផ្កា​ទើប​ឈប់​។ ចំ​ណុច​ពិ​សេស​របស់​ដើម​ត្នោត​គឺ​មាន​ដើម​ឈ្មោល​ ដើម​ញី ផ្កា​ឈ្មោល​ ផ្កា​ញី។​ ដើម​ត្នោត​ឈ្មោល​មាន​ផ្កា​តែ​ឥត​ផ្លែ បរិ​មាណ​ទឹក​ក៏​ច្រើន​ជាង​ដើម​ត្នោត​ញី ព្រោះ​ហេតុ​ដូច្នោះ គេ​យក​ទឹក​ត្នោត​តែង​តែ​ជ្រើស​ដើម​ត្នោត​ឈ្មោល​ប៉ុណ្ណោះ​។ ប៉ុន្មាន​ឆ្នាំ​កន្លង ដើម​ត្នោត​បាន​ជួយ​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​រាប់​ពាន់​នាក់​ ដោយ​វិ​ធី​ទាញ​យក​ផល​ពី​ទឹក​ត្នោត​និង​ច្នៃ​ស្ករ​ត្នោត​។ ដោយ​ឡែក​តែ​ទឹក​ត្នោត​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​បៃ​ណូយ ច្នៃ​បាន​ជា​ផ​លិត​ផល​យ៉ាង​ប្រ​ណីត​នោះ​គឺ​ស្ករ​ត្នោត​និង​ទឹក​ភេ​សជ្ជៈ​ ប្រ​កប​ដោយ​រស​ជាតិ​ឆ្ងាញ់​ពិ​សារ​។

បង​ស្រី​នាង​នោ​សាញ់​ ឃុំ​ចូវ​ឡាំង (ស្រុក​ទ្រី​តូង ខេត្ត​អាន​យ៉ាង​) ឲ្យ​ដឹង​៖ ទឹក​ត្នោត​យក​មក​ត្រូវ​ការ​រម្ងាស់​ភ្លាម​ បើ​មិន​ដូច្នោះ ទឹក​ត្នោត​នឹង​ឡើង​ជូរ​ ហើយ​រម្ងាស់​ស្ករ​ពុំ​បាន​ឡើយ​។ អា​ស្រ័យ​ហេតុ​នោះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រម្ងាស់​ស្ករ គេ​ត្រូវ​ការ​ធ្វើ​ឡ​រម្ងាស់​ស្ករ​នៅ​ជិត​កន្លែ​ង​យក​ទឹក​ត្នោត​តែ​ម្តង​។ ទឹក​ត្នោត​ក្រោយ​ពី​យក​ចុះ​ពី​ដើម គេ​ប្រើ​សំ​ពត់​សម្រាប់​ត្រង​ចម្រោះ​កម្ទេច​កម្ទី ​និង​សត្វ​ល្អិត​រួច​ចាក់​ចូល​ខ្ទះ​ធំ​រម្ងាស់​ពី​៦-៧ម៉ោង ទើប​ក្លាយ​ទៅ​ជា​ស្ករ​។ ក្នុង​រ​ដូវ​ប្រាំង​ ទឹក​ត្នោត​ពី​៦​-៧​លី​ត្រ រម្ងាស់​បាន​ស្ករ​១​គី​ឡូ​ក្រាម​ ចំ​ណែក​ក្នុង​រដូវ​វស្សា​ទឹក​ត្នោត​១០​លីត្រ ទើ​ប​រម្ងាស់​បាន​ស្ករ​១​គី​ឡូ​ក្រាម​។ អ្នក​មាន​បទ​ពិ​សោធន៍​ គ្រាន់​តែ​ភ្លក់​រស​ជាតិ​ទឹក​ត្នោត​ គេ​អាច​ប៉ាន​ស្មាន​ដឹង​បរិ​មាណ​ស្ករ​ទៀត​ផង​។ ផ​លិត​ផល​ស្ករ​ប្រ​កប​ដោយ​គុណ​​ភាព​ឬ​អត់​ នោះ​គឺ​វា​ឋិត​នៅ​លើ​ប​​ទ​ពិ​សោធន៍​របស់​អ្នក​រម្ងាស់​ស្ករ​។ នៅ​ពេល​រម្ងាស់​ត្រូវ​ឧស្សាហ៍​កូរ​និង​ដួស​ព​ពុះ​ទើប​បាន​។ រម្ងាស់​ដរាប​ឃើញ​ស្ករ​ឡើង​ពណ៌​លឿង​ស្រស់​ ទើប​សម្គាល់​បាន​ថា​សម្រេច​តាម​តម្រូវ​ការ​បន្ទាប់​មក​លើក​ខ្ទះ​ចេញ​ពី​ចង្រ្កាន​ ដើម្បី​កុំ​ឲ្យ​ស្ករ​ខ្លោច​៕

តាម​កា​សែត​ជន​ជាតិ​និង​អភិ​វឌ្ឍន៍​ ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ