បងយ័ញយ៉ាង នៅភូមិពោធិ៍ ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានចាកផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំរួមផ្សំ។
បងយ៉ាង កំពុងថែទាំដំណាំរួមផ្សំក្នុងរោងសំណាញ់។
បងយ័ញយ៉ាង ជាកសិករខ្មែរមួយរូបខិតខំរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ អាស្រ័យគិតឃើញនូវរបៀបធ្វើល្អៗ ប្រកបដោយភាព”ទម្លុះទម្លាយ”។ ក្នុងពេលអ្នកជិតខាងធ្វើស្រែតែមួយមុខ ចំណែកបងបែរជាបង្វែរដីស្រែមកដាំដំណាំរួមផ្សំនិងជីកស្រះចិញ្ចឹមត្រីវិញ។ បងយ៉ាង ឲ្យដឹង៖ “រៀងរាល់ថ្ងៃ ខ្ញុំប្រមូលផលស្ពៃបានពី៣០០ដល់៤០០គីឡូក្រាម។ ខ្ញុំតែងជ្រើសពូជដំណាំ ដាំឲ្យសមស្របទៅតាមរដូវកាលនីមួយៗ ហើយជ្រើសប្រភេទដំណាំដែលលក់បានតម្លៃខ្ពស់។ ក្រៅពីដំណាំជីរ ស្ពៃ ខ្ញុំដាំឆ្លាស់ត្រាវ ដំឡូងជ្វា ពោតជាដើម។ ម្យ៉ាងវិញទៀត ខ្ញុំថែមទាំងដាំដំណាំរួមផ្សំក្នុងរោងសំណាញ់លើផ្ទៃដីជិត៦០០ម២ ដើម្បីធានាបន្លែជ្រះដល់អ្នកប្រើប្រាស់ អាស្រ័យការិយាល័យកសិកម្មនិងអភិវឌ្ឍជនបទស្រុកចូវថាញ់ឧបត្ថម្ភកសាង។ ទោះបីទើបបានវិនិយោគទុនជាជំហានដំបូង ប៉ុន្តែខ្ញុំសង្កេតឃើញមានប្រសិទ្ធភាពយ៉ាងប្រចក្ស។ តួយ៉ាងដូចក្នុងរដូវភ្លៀង បើដាំស្ពៃទីលម្ហទឹកភ្លៀង ធ្លាក់បណ្ដាលឲ្យស្ពៃខូច ជាំស្លឹក រលួយ ចំណែកដាំក្នុងរោងសំណាញ់ គឺមានសុវត្ថិភាពជាង ព្រមទាំងផ្តល់ទិន្នផលខ្ពស់ទៀតផង។ រដូវក្តៅ ខ្ញុំដាក់បំពង់ស្រោចទឹកដោយស្វ័យប្រវត្តិងាយស្រួល ហើយប្រិតសំចៃបានថវិកាផលិតកម្មទៀតផង។ រៀងរាល់ខែ ខ្ញុំរកបានប្រាក់ចំណូលពីការលក់បន្លែ មធ្យមភាគពី១៥ដល់១៨លានដុង”។ គ្រាន់តែក្នុងអំឡុង៣ឆ្នាំ ដាំដំណាំរួមផ្សំលើផ្ទៃដី៤កុង បងយ៉ាងទិញដីស្រែបន្ថែមបាន៦កុង និងទិញគោមេបាន២ក្បាល។ ឥឡូវគាត់ពង្រីកហ្វូងគោឡើងដល់៨ក្បាល។ ដើម្បីធ្វើឲ្យការដាំដំណាំរួមផ្សំកាន់តែមានភាពងាយស្រួល ក៏ដូចជាឈានដល់ដាំដំណាំរួមផ្សំតាមទិសដៅ VietGAP ។ បងយ៉ាង បម្រុងបើកបន្ថែមរោងសំណាញ់លើផ្ទៃដី៥.០០០ម២ ដើម្បីកាត់បន្ថយថវិកាផលិតកម្ម ក៏ដូចជាផ្គត់ផ្គង់បន្លែស្អាតដល់អ្នកប្រើប្រាស់។
ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍជនបទស្រុកចូវថាញ់ វ៉មិញល្វឹង វាយតម្លៃ៖ “បងយ៉ាងគឺជាកសិករគំរូក្នុងការផលិតនិងធ្វើអាជីវកម្មពូកែ។ អង្គភាពសម្រេចជ្រើសគ្រួសារបងយ៉ាង ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល៦រូបត្រូវបានឧបត្ថម្ភកសាងរោងសំណាញ់ដាំដំណាំរួមផ្សំ។ ពីព្រោះនេះជាទម្រង់រូបភាពគំរូឈានដល់បើកទូលាយជូនមាមីងកសិករ ម្ល៉ោះហើយត្រូវការអ្នកខ្នះខ្នែងរកស៊ី ដើម្បីអភិវឌ្ឍ ដំណាំរួមផ្សំក្នុងរោងសំណាញ់ ដោយវិធីដាំដុះត្រូវតាមរបៀបបច្ចេកទេស យល់ច្បាស់ពីលក្ខណៈខុសបែ្លករបស់ប្រភេទដំណាំនីមួយៗ ដើម្បីយកទៅដាំក្នុងរោងសំណាញ់ សម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត។ ពេលប្រមូលផលលើកដំបូង ដំណាំរបស់បងយ៉ាងសម្រេចបានទិន្នផលខ្ពស់ និងជាគំរូដើម្បីកសិករជាច្រើនទៀតមករៀនសូត្របទពិសោធន៍ អនុវត្តទម្រង់រូបភាព”៕
ត្រឿងផល-វិមាន