ប្រសិទ្ធភាពនៃទម្រង់រូបភាពដាំដំណាំផ្លាស់វេនគ្នា មិនត្រឹមតែកាត់បន្ថយបានសត្វល្អិតបំផ្លាញ ថែមទាំងជួយមាមីងកសិករនៅភូមិខ្វាងទីវ ឃុំត្រឿងឡុងហ្វា ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បង្កើនបានប្រាក់ចំណូល។
អ្នកមីងហាំង ជាមួយនឹងដីស្រែអនុវត្តទម្រង់រូបភាពដាំដំណាំផ្លាស់វេនគ្នា ។
ទម្រង់រូបភាពដាំឪឡឹកផ្លាស់វេននឹងខឹ្ទមក្រហម គឺជារបៀបដាំដំណាំផ្លាស់វេនគ្នាមួយនៅភូមិខ្វាងទីវ។ គ្រួសារអ្នកមីងត្រឿងធីហាំង ទទួលជោគជ័យដោយការអនុវត្តទម្រង់រូបភាពដាំដំណាំផ្លាស់វេនគ្នា នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បើប្រៀបនឹងការដាំដំណាំតែមួយមុខដូចមុន។ មីងហាំង ឲ្យដឹង៖ “ឆ្លងតាមរយៈការជួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ គ្រួសារខ្ញុំអនុវត្តរបៀបដាំដំណាំផ្លាស់វេនគ្នា គឺដាំឪឡឹកផ្លាស់វេននឹងខ្ទឹមក្រហមលើផ្ទៃដីកសិកម្ម រកបានប្រាក់ចំណូលខ្ពស់បង្គួរ។ ក្រោយពេលក្ដាប់ច្បាស់ពីបច្ចេកទេសដាំដុះ គ្រួសារខ្ញុំមិនញញើតក្នុងការដាំខ្ទឹមក្រហមផ្លាស់វេននឹងឪឡឹកលើផ្ទៃដី៤កុងសម្រេចបានលទ្ធផលគួរជាទីមោទនៈ”។ ផ្ដើមពីទម្រង់រូបភាពខាងលើ ជួយឲ្យគ្រួសារមីងហាំងរកបានប្រាក់ចំណូលខ្ពស់។ រយៈពេលដាំខ្ទឹមក្រហមក្នុងមួយលើកៗ គិតចាប់ពីដាំរហូតដល់ប្រមូលផល ប្រមាណពី៦០-៧០ថ្ងៃ ក្រោយពីប្រមូលផលរួចហាលដីមួយរយៈ នឹងលើករងដាំឪឡឹកជាបន្ត ដើម្បីកែប្រែ និងបំប៉នដី បង្ការសត្វល្អិតបំផ្លាញ។ “មុននេះ គ្រួសារខ្ញុំដាំតែដំឡូងជ្វាមួយមុខ ដោយសារតម្លៃដំឡូងឡើងចុះមិនទៀងទាត់ ម្យ៉ាងផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ តាំងពីអនុវត្តទម្រង់រូបភាពដាំឪឡឹកផ្លាស់វេននឹងខ្ទឹមក្រហមមក ឃើញថានាំមកប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងជាក់ស្ដែង។ ដោយឡែក រដូវខ្ទឹមក្រហមកន្លងហើយ គ្រួសារខ្ញុំរកបានប្រាក់ចំណូល៤០លានដុង/រដូវ កើនទ្វេដងបើប្រៀបនឹងដាំដំឡូងជ្វាតែមួយមុខដូចមុន” - មីងហាំង បានឲ្យដឹងដូច្នេះ។
រដូវកាលនេះ មាមីងកសិករនៅឃុំត្រឿងឡុងហ្វា មមាញឹកក្នុងការដាំបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំតេតម៉ូវទ្វឹក២០១៨នៅពេលខាងមុខ។ ឆ្នាំនេះ អាកាសធាតុអំណោយផល និងអាស្រ័យការដាំដំណាំផ្លាស់វេនគ្នា ម៉្លោះហើយទើបដំណាំតិចមានសត្វល្អិតបំផ្លាញ។ បច្ចុប្បន្ន ឪឡឹកកំពុងឋិតក្នុងដំណាក់កាលលូតលាស់ល្អ មាមីងកសិករកំពុងផ្ដុំកម្លាំងថែទាំ។ ទន្ទឹមនឹងនោះ ដើម្បីកាត់បន្ថយស្ថានភាពការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការ មាមីងកសិករបានម្ចាស់ការក្នុងការដាំដំណាំផ្លាស់វេនគ្នានូវប្រភេទដំណាំមួយចំនួនទៀត អាចនឹងប្រមូលផលក្នុងឱកាសបុណ្យចូលឆ្នាំតេតនេះផងដែរ៕
អត្ថបទ រូបថតៈ កៀងកឹមតូ