បាហងឌឹម (បឹងមានកោះបី) ជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើន។
ទិដ្ឋភាពនៅលើកោះយ៉ាងត្រជាក់ ដោយសារនៅក្បែរមាត់បឹងមានម្លប់ឈើជាច្រើន។
បាហងឌឹម ឋិតនៅឃុំសេីុងហាយ ស្រុកកៀងលឿង ខេត្តកៀងយ៉ាង។ បាហងឌឹមមានកោះចំនួនបីគឺ ហងឌឹមដឿក ហងឌឹមយ៉ឿង និងហងឌឹមយ៉ៀង។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៃកោះទាំងបីនោះគឺ មានសណ្ឋានត្រីកោណត្រង់កណ្តាលមានបឹងមួយធំ។ ក្នុងបឹងមានទឹកថ្លាយង់។ ខណៈពេលទឹកនាចចុះទាបបំផុតយើងអាចធ្វើដំណើរដោយថ្មើរជើងពីហងឌឹមយ៉ឿងទៅហងឌឹមយ៉ៀង មានចម្ងាយប្រហែល១០០ម៉ែត្រ។ ពេលទឹកជោរកម្រិតទឹកមានកម្ពស់ត្រឹមទ្រូងប៉ុណ្ណោះ។ ទោះបីឋិតនៅកណ្តាលសមុទ្រក៏ពិតមែន តែដោយសារមានកោះទាំងបីឋិតនៅជុំវិញ បានជាក្នុងបឹងគ្មានទឹករលកធំ គឺមានតែអង្កាញ់រលកស្រាលៗមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរងូតទឹកឡើយ។ ក្រៅពីងូតទឹកសមុទ្រភ្ញៀវទេសចរថែមទាំងទទួលអារម្មណ៍រីករាយខណៈពេលចាប់គ្រែងបាតបឹង មានដូច គ្រែងបួ គ្រែងប្រែង គ្រែងឈាមគ្រែងយ៉ឿង។ល។ ក្រោយពីចាប់បានប្រភេទគ្រែងភ្ញៀវទេសចរអាចជួលម្ចាស់កោះចម្អិនជាម្ហូបដោយផ្ទាល់ក៏បាននឹងកម្រៃថោកបង្គួរ។ ក្មួយត្រឹងធ្វីវី នៅខ័ណ្ឌនិញកេវ ក្រុងកឹងធើ ឲ្យដឹង៖ “ ឆ្នាំណាក៏គ្រួសារនាំគ្នាទៅលេងបាហងឌឹមដែរ ពីព្រោះអ្នកទាំងឡាយបានងូតទឹកសមុទ្រនិងចាប់គ្រែង ចាប់ត្រីមឹក សប្បាយរីករាយខ្លាំងណាស់”។
លក្ខណៈពិសេសបំផុត នៅបាហងឌឹមគឺមានប្រភេទឈើជាច្រើនត្រូវបានប្រជាជនយកពីដីគោកមកដាំ មានដូច៖ ដូងប៊ើ ជម្ពូ។ល។ បានជាអាកាសធាតុនៅលើកោះត្រជាក់បង្គួរ។ ថ្វីបើកោះទាំង៣ឋិតនៅក្បែរគ្នាក៏ពិតមែន ប៉ុន្តែកោះនីមួយៗមានលក្ខណៈដោយឡែកនៅហងឌឹមដឿក មានដើមកោងកាងជាច្រើន។ ចំណែកហងឌឹមយឿង ភាគច្រើនមានដាំឈើហូបផ្លែ។ ដោយឡែកហងឌឹមយ៉ៀងនោះវិញ មានស្រះទឹកសាបខួបឆ្នាំ។ ក្រោយពីងូតទឹកសមុទ្រភ្ញៀវទេសចរអាចឡើងមកដេកយោលអង្រឹងក្រោមម្លប់ឈើដ៏ត្រជាក់ទៀតផង។ល។
ក្រៅពីងូតទឹកសមុទ្រ ចាប់គ្រែងភ្ញៀវទេសចរថែមទាំងមានសកម្មភាពគួរឲ្យចំណាប់អារម្មណ៍មួយទៀត នោះគឺបានគយគន់ព្រះអាទិត្យលិចនិងរះឡើងលើផ្ទៃជលសា។កាំរស្មីនៃព្រះអាទិត្យចែងចាំងព្រាកៗលើផ្ទៃទឹករលកនាព្រឹកព្រលឹមបានញាំុងឲ្យភ្ញៀវទេសចរមានអារម្មណ៍ពោរពេញដោយក្តីសង្ឃឹម។ ពេលសុរិយាហៀបអស្តង្គត សម្លឹងឃើញឯនាយជើងមេឃពណ៌ស្វាយ ថ្វីបើញាំុងឲ្យអារម្មណ៍ស្រណោះបន្តិចមែន ប៉ុន្តែទិដ្ឋភាពគួជាទីគយគន់ខ្លាំងណាស់។ ពេលរាត្រី ប្រសិនបើស្នាក់នៅលើកោះ ភ្ញៀវទេសចរអាចប្រមូលគ្នាជាក្រុមរួចដេញចាប់ជលផលក៏បាន មានដូច៖ ត្រីមឹក ខ្យង Culi។ល។ រួចហើយពឹងដល់ម្ចាស់បឹងចម្អិនជាម្ហូបហូបនៅក្បែរភ្នក់ភ្លើងតែម្តងក៏បាន។ សព្វថ្ងៃនៅបាហងឌឹមពុំទាន់មានសណ្ឋាគារនោះទេភ្ញៀវទេសចរអាចស្នាក់នៅជាមួយនឹងសេវាផ្ទះលម្ហែកាយរបស់ម្ចាស់កោះយ៉ាងសាមញ្ញនិងបោះតង់នៅក្បែរមាត់បឹងដើម្បីដេកយប់កុំឲ្យបាត់របស់របរ៕
ហាថាញ់ - សេរី