ពិធីបុណ្យអកអំបុកប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរសុកត្រាំង នឹងប្រព្រឹត្តឡើងក្នុងអំឡុង២ថ្ងៃ (១៣និង១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៤និង១៥កើត ខែកត្តិក ឆ្នាំវក អដ្ឋស័ក)។ ដើម្បីត្រៀមបម្រុង ឲ្យពិធីប្រណាំងទូក-ង វត្តនានាក្នុងខេត្តសុកត្រាំង កំពុងរៀបចំការហ្វឹកហាត់ ប៉ងបំណងដណ្តើមបានពានរង្វាន់ខ្ពស់ក្នុងពិធីប្រណាំងឆ្នាំនេះ។
វត្តដែលមានទូក-ងតែងរៀបចំការហ្វឹកហាត់យ៉ាងមមាញឹក ។
បច្ចុប្បន្ន រៀងរាល់ថ្ងៃរសៀលនៅវត្តបឹងក្រចាប់ថ្មី ឃុំតឹងហឹង ស្រុកឡុងភូ តែងមានកីឡាករជាង១០០នាក់មកហ្វឹកហាត់នៅលើបន្ទារឈើ ហើយមានមាមីងមកទស្សនាគាំទ្រលើកទឹកចិត្តយ៉ាងច្រើនកុះករ។ កីឡាករហ្វឹកហាត់ប្រមាណ២ម៉ោង ប្រកបដោយបរិយាកាសសប្បាយរីករាយ។ បងយ័ញង៉ា គ្រូបង្វឹករបស់ក្រុមកីឡាករទូក-ង ឲ្យដឹងៈ បងប្អូនដែលមកហ្វឹកហាត់នៅទីនេះ កាលពីមុន ភាគច្រើនសុទ្ធតែអ្នកធើ្វការឈ្នួល និងមួយចំនួនទៀតធ្វើការងាររកស៊ីនៅស្រុកឆ្ងាយ ម៉្លោះហើយឆ្នាំ នេះយើងខ្ញុំបានជម្រើសកីឡាករថ្មីប្រមាណជិត៥០%។ ទោះជាដូច្នោះ តែដោយការប្តេជ្ញាចិត្តនិងស្មារតីសាមគ្គី បងប្អូនបានមកជួបជុំតាមការកំណត់ ដើម្បីក្តោបក្តាប់បច្ចេកទេសអុំឲ្យបានរហ័សផង និងហ្វឹកហាត់ ដោយអស់ពីចិត្តពីថ្លើមផង។ ទោះបីចាញ់ឬឈ្នះក៏ដោយក្រុមកីឡាករ ទុក-ង យើងខ្ញុំនៅតែមានទំនុកចិត្តចូលរួមសប្បាយជាមួយនឹងពិធីបុណ្យប្រពៃណីរបស់ជនជាតិយើង"។
នៅវត្តបទុមរង្សីទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ ឲ្យតែដល់ម៉ោង៥រសៀលនៅទីធ្លាវត្ត តែងមានកីឡាករមកប្រមូលផ្តុំហ្វឹកហាត់យ៉ាងច្រើនកុះករ។ ព្រះតេជព្រះគុណឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ មានថេរដីកាៈ" កីឡាករភាគច្រើនសុទ្ធតែជាកសិករ អ្នកធ្វើការឈ្នួល ម៉្លោះហើយ ប្រកបកិច្ចការរួចហើយទើបមកប្រមូលផ្តុំគ្នាហ្វឹកហាត់នៅក្នុងវត្ត។ វត្តគ្រាន់តែឧបត្ថម្ភគ្រឿងភេសជ្ជៈ ប៉ុន្តែកីឡាករតែងមកចូលរួម ហ្វឹកហាត់គ្រប់ៗគ្នាដោយមានកីឡាករចំនួនជិត១០០នាក់/ថ្ងៃ"។ ការប្រណាំងទូក-ង ជាវិញ្ញាសាកីឡាប្រពៃណីដែលបានមាមីងខ្មែរចូលចិត្ត ពីជំនាន់មួយទៅជំនាន់មួយ។ បងក្វាច់ថាញ់ម៉ឹង កីឡាករទូក-ង វត្តបទុមរង្សីទំនប់ ឲ្យដឹងៈ" ខ្ញុំបានចូលរួមហ្វឹកហាត់និងចូលរួមប្រណាំងបាន៥ឆ្នាំហើយ ឲ្យតែដល់រដូវហ្វឹកហាត់ គឺខ្ញុំតែងមកចុះឈ្មោះចូលរួម។ រៀងរាល់ថ្ងៃ ខ្ញុំទៅធ្វើជាងកំបោរលុះសម្រេចកិច្ចការងារ ទើបខ្ញុំចូល មកវត្តហ្វឹកហាត់ ពីព្រោះខ្ញុំចូលចិត្តវិញ្ញាសាប្រណាំងទូក-ងនេះតាំងពី ក្មេងមកម៉្លេះ។ ម៉្លោះហើយពេលបានចូលរួមក្រុមអុំទូក-ង ខ្ញុំមានការសប្បាយរីករាយនិងមោទនៈណាស់"។
បច្ចុប្បន្ន ជាដំណាក់កាលដែលវត្តនានាមានទូក-ងនោះ កំពុងតែមមាញឹកហ្វឹកហាត់ទាំងកាយសម្បទា និងយុទ្ធសាស្រ្ត ដើម្បីត្រៀមបម្រុងឲ្យ បានល្អមុននឹងចូលរួមប្រណាំង។ តាមប្រសាសសន៍លោកឡឹមវិញភឿង នាយករងមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ឲ្យដឹង ពិធីបុណ្យអកអំបុកប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរ សុកត្រាំងឆ្នាំនេះ មានទូក-ងប្រមាណ៤៥ទូក ទាំងទូក-ងបុរស និងទូក-ងនារីរបស់ខេត្តសុកត្រាំង និងទូក-ងមកពីខេត្តនានា ដូចជាត្រាវិញ បាកលីវ កាម៉ាវ វិញឡុង កៀងយ៉ាង ហូវយ៉ាង និងក្រុងកឹងធើក៏បានចូលរួមប្រណាំងផងដែរ៕
លីធាន-សុផល