វត្តសិរីសុខុមសង្គមមានជ័យស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង មិនត្រឹមតែជាមណ្ឌលទេសចរណ៍ផ្នែកផ្លូវចិត្តដ៏ល្បីឈ្មោះរបស់ខេត្តសុកត្រាំងប៉ុណ្ណោះទេ នៅទាំងជាកន្លែងបង្ហាត់បង្រៀនភាសាបាលីជូនសមណសិស្សទៀតផង។
លោក យឿងសាខា អនុប្រធានគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង
ជូនបណ្ណសរសើរដល់វត្តស្រឡូង ចាត់តាំងបានជោគជ័យនូវវគ្គ
ប្រឡងបាលីរងនិងធម្មវិន័យឯក។
ចាប់ពីឆ្នាំ២០០៦មកទល់ឥឡូវ វត្តសិរីសុខុមសង្គមមានជ័យស្រឡូង បានបើកបង្រៀនភាសាបាលី និងធម្មវិន័យឯកជាច្រើនថ្នាក់ជូនព្រះសង្ឃទាំងក្នុងនិងក្រៅជើងវត្តមកសិក្សា។ យោងព្រះថេរដីការបស់ព្រះតេជព្រះគុណឡឹមច័ន្ទ ព្រះចៅអធិការវត្តសិរីសុខុមសង្គមមានជ័យស្រឡូង៖ សមណសិស្សទាំងឡាយនិមន្តមកសិក្សា ត្រូវបានវត្តឧបត្ថម្ភទាំងស្រុងនូវកម្រៃសិក្សាចង្ហាន់ និងសេនាសនៈ។ ទន្ទឹមនឹងនោះ វត្តក៏បានអញ្ជើញគ្រូបង្រៀនមានបទពិសោធន៍ច្រើនឆ្នាំមកបង្ហាត់បង្រៀន ជូនសមណសិស្សទៀតផង។
ដើម្បីធានាគុណភាពបង្ហាត់បង្រៀន សមណសិស្សមានលំនឹងចិត្តបួសរៀន ព្រះចៅអធិការនិងគណៈកម្មការវត្ត បានបវារណាពុទ្ធបរិស័ទ កសាងសមណកុដិ តម្លៃទឹកប្រាក់ជាង២,៨ពាន់លានដុង។ សមណកុដិ បានសម្ពោធនិងបើកឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៣ សំណង់នេះកសាងតាមរចនាប្លង់ ផ្ទាល់ដីនិង១ជាន់លើ មានបន្ទប់រៀន ការិយាល័យចំនួន៤។ល។ ក្រៅពីនោះ វត្តនៅទាំងអញ្ជើញគ្រូបង្រៀនភាសាអង់គ្លេសមកបង្រៀនជូនសមណសិស្សទាំងឡាយនៅរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យទៀតផង។ ឆ្នាំ២០១៤ វត្តសិរីសុខុមសង្គមមានជ័យស្រឡូង បានបើកបង្រៀនភាសាបាលី២ថ្នាក់ និងធម្មវិន័យឯក១ថ្នាក់ ជូនសមណសិស្សក្នុងនិងក្រៅខេត្តមករៀនជិត១០០អង្គ។ ក្នុងវគ្គប្រឡងយកសញ្ញាបត្របាលីរងនិងធម្មវិន័យឯក ឆ្នាំសិក្សា២០១៤-២០១៥ វត្តសិរីសុខុមសង្គមមានជ័យស្រឡូង មានសមណសិស្សប្រឡងជាប់ទាំង១០០%។ ព្រះតេជព្រះគុណ លីកុងលឹក គង់ស្នាក់រៀននៅវត្តសិរីសុខុមសង្គមមានជ័យស្រឡូង ជាអង្គជាប់ជ័យលាភីលេខ៤ ក្នុងវគ្គប្រឡងយកសញ្ញាបត្របាលីរង មានព្រះថេរដីកា៖ "អាត្មាភាពសម្រេចបានលទ្ធផលរៀនសូត្រដូចសព្វថ្ងៃ អាស្រ័យការខ្នះខ្នែងអស់ពីហឫទ័យរបស់ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។ ក្នុងរយៈពេលគង់រៀននៅវត្តសិរីសុខុមសង្គមមានជ័យស្រឡូង អាត្មាភាពគ្មានបារម្ភអ្វីឡើយ ត្បិតអី លក្ខន្ធិកៈរបស់វត្តតឹងរឹង គ្រូបង្ហាត់បង្រៀនក៏ខ្នះខ្នែងអស់ពីចិត្តពីថ្លើម"។ ច្រើនឆ្នាំមកអាយ នាឱកាសវិស្សមកាល វត្តសិរីសុខុមសង្គមមានជ័យ ស្រឡូង នៅទាំងបើកថ្នាក់បង្រៀនភាសាខ្មែរជូនកូនចៅពុទ្ធបរិស័ទចំណុះជើងវត្តមករៀនទៀតផង។ ជាក់ស្ដែងឱកាសវិស្សមកាលឆ្នាំ២០១៤ កន្លងវត្តសិរីសុខុមសង្គមមានជ័យស្រឡូង បានបើកបង្រៀនអក្សរខ្មែរ៤ថ្នាក់ (ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤) និងបើកបង្រៀនអក្សរខ្មែរ២ថ្នាក់ជូនកម្មាភិបាល ដោយសរុបចំនួនសិស្សទាំងអស់ជាង២៥០រូប។ កូនចៅពុទ្ធបរិស័ទមករៀនអក្សរខ្មែរឱកាសវិស្សមកាល សុទ្ធតែបានវត្តឧបត្ថម្ភ សៀវភៅ ប៊ិច។ ក្រោយរយៈពេល៣ខែរៀនសូត្រ វត្តបានបើកពិធីប្រឡងនិងជូនរង្វាន់ ដើម្បីជំរុញទឹកចិត្តរៀនសូត្ររបស់ប្អូនៗផង និងរួមចំណែកថែរក្សាកុំឲ្យបាត់បង់នូវភាសា និងអក្សរសាស្រ្តរបស់ជនជាតិខ្លួនផង៕
យ្វីអាញ់-សេរី