ជនរួមជាតិខ្មែរនៅព្រែកត្រកួន ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង មានការត្រេកអរយ៉ាងខ្លាំង ពេលបានរដ្ឋអំណាចជំនួយបោះទូកងថ្មី។
ក្រុមកីឡាករទូកងវត្តព្រែកត្រកួនហ្វឹកហាត់យ៉ាងស្វាហាប់។
ទូកងវត្តព្រែកត្រកួន មិនអាចចូលរួមប្រណាំងជិត៣០ឆ្នាំមកហើយ។ ភាគច្រើនអាស្រ័យជីវភាពរបស់មាមីងនៅជួបការលំបាកច្រើន។ ម៉្យាងទៀតអាស្រ័យដោយទូកងចាស់ ពុក ម្ល៉ោះហើយមិនអាចចូលរួមពិធីប្រណាំងបាន។ ឆ្នាំនេះ គណៈកម្មាធិការស្រុកមីស្វៀង រួមជាមួយនឹងរដ្ឋអំណាចភូមិភាគនិងគណៈកម្មការវត្តព្រែកត្រកួន បានឯកភាពគ្នាបោះទូកងថ្មី។ លោកផាមថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ក្វើយ ឲ្យដឹង៖" ទូកងថ្មីនេះមានតម្លៃ២២៥លានដុង ក្នុងនោះស្រុកជំនួយ១០០លានដុង ក្រៅពីនោះ គឺអាស្រ័យសប្បុរសជននិងពុទ្ធបរិស័ទរួមវិភាគទាន។ មានទូកងថ្មី ឃុំបានជ្រើសរើសយុវជនដែលមានសុខភាពល្អ ដើម្បីហាត់សម។ ក្រុមកីឡាករហាត់សមយ៉ាងពុះពោរ ដើម្បីចូលរួមប្រណាំងនាពិធីបុណ្យអកអំបុកនៅខែវិច្ឆិការខាងមុខ"។ មាមីងជនជាតិខ្មែរភាគច្រើនរស់នៅបណ្តាភូមិង៉ង ដាយសូ ដាវវៀង បឹងធំនិងហ្វាខាញ់ ហេតុនោះការជ្រើសរើសកម្លាំងកីឡាករទូកងប្រពៃណីរបស់ជនជាតិក៏មានភាពងាយស្រួល។ លោកពូលីសើុង នៅភូមិដាយសូ ឲ្យដឹងៈ" ឮដំណឹងវត្តបោះទូកងថ្មី ខ្ញុំមានបំណងចូលរួមហាត់សមនឹងគេដែរ ប៉ុន្តែសុខភាពមិនអនុញាតឲ្យ ហេតុនោះខ្ញុំមិនបានចូលរួមទេ។ ប៉ុន្តែ ខ្ញុំត្រេកអរណាស់ ដោយមានកូនប្រុសពីរនាក់ បានចូលរួមហាត់សមជាមួយក្រុម"។ កីឡាករម្នាក់ៗ ត្រូវឆ្លងកាត់ជម្រើសយ៉ាងហ្មត់ចត់។ ទីបំផុតក៏ជ្រើសបានកីឡាករឆ្នើមៗ មានសុខភាពល្អ កម្លាំងពលំមាំមួនចូលក្រុម។ បងសើុងង៉ុកប៊ិញ អ្នកផ្លុំកញ្ចែរបស់ទូក ឲ្យដឹងៈ" ក្រោយរយៈពេលជិតមួយខែហាត់សម រហូតមកដល់សព្វថ្ងៃ វត្តជ្រើសបានកីឡាករជិត១៣០នាក់។ កីឡាករទាំងនេះ នឹងហ្វឹកហាត់ជាប្រចាំដល់ពេលចូលរួមប្រណាំងមែនទែន និងជ្រើសរើសឡើងវិញនូវកីឡាករដែលមានកម្លាំងពលំមាំមួនបំផុត"។
ចាប់ពីឆ្នាំ១៩៧៥-១៩៨៤ ទូកងវត្តព្រែកត្រកួនល្បីឈ្មោះជាទូកងរហ័ស និងដណ្តើមបានជ័យលាភីជាច្រើនក្នុងការប្រណាំង។ ឆ្នាំនេះទូកងវត្តព្រែកត្រកួនចូលរួមប្រណាំងឡើងវិញជាមួយនឹងទូកថ្មី ដោយមានគំនូរ និមិត្តរូបនាគរាជ។ ព្រះតេជគុណយឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួន មានថេរដីកាដោយរីករាយៈ" មាមីងពុទ្ធបរិស័ទត្រេកអរខ្លាំងណាស់ ពេលបានរដ្ឋផ្តោតការយកចិត្តទុកដាក់ជំនួយបោះទូកងថ្មី។ រៀងរាល់ថ្ងៃរវាងម៉ោង៤រសៀល បរិយាកាសហាត់សមរបស់កីឡាករមានភាពពុះពោរ អ្នកគាំទ្រនៅលើភ្លឺផ្គត់ផ្គង់ភេសជ្ជៈ។ សង្ឃឹមថា លើកវិលត្រឡប់ចូលរួមប្រណាំងនេះ ទូកងរបស់វត្តនឹងដណ្តើមបានជ័យលាភីខ្ពស់បំផុតជូនភូមិភាគ ដូចជាកាលដណ្តើមបានរង្វាន់លេខ១ឆ្នាំ១៩៧៨និងរង្វាន់លេខ២កាលពីឆ្នាំ១៩៨១ នៅក្នុងពិធីប្រណាំងទូកងប្រពៃណីដែលបានរៀបចំឡើងនៅព្រែកញ៉ូយ៉ា ឃុំថាញ់ភូ"។
ជនរួមជាតិខ្មែរនៅថាញ់ក្វើយ សង្ឃឹមថាទូកងថ្មីនឹងនាំមកនូវជ័យលាភី ដ៏ត្រចះត្រចង់ជូនវត្ត នៅពិធីប្រណាំងទូកង បុណ្យអកអំបុកឆ្នាំនេះ៕
លីធាន-សុផន