24/06/2014 - 16:16

ចំណុចថ្មីនៃក្រុមរបាំឆៃយ៉ាំមួយ

ក្រុម​រ​បាំ​ឆៃ​យ៉ាំ​ឃុំ​ឡង​មី​ ស្រុក​តាម​ប៊ិញ​ ខេត្ត​វិញ​ឡុង​ បាន​អនុ​វត្ត​យុវ​ភាវូប​នីយ​កម្ម​ សមា​ជិក​របស់​ក្រុម​រ​បាំ​ឆៃ​យ៉ាំ​ដោយ​ជោគ​ជ័យ​ ដើ​ម្បី​ត្រៀម​បន្ត​វេន​រៀម​ច្បង​។ ​ការ​អនុ​វត្ត​ន៍​យុវ​ភាវូប​នីយ​កម្ម​នេះ​ជា​ជំ​ហាន​ដំ​បូង​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ធ្វើ​ឲ្យ​អ្នក​ទស្ស​នា​មាន​ការ​ពេញ​ចិត្ត​និង​គាំ​ទ្រ​។

ក្រុម​រ​បាំ​ឆៃយ៉ាំ​ឡង​មី​ សម្តែង​នៅ​វត្ត​នាវ​យន្ត​ ក្រុង​កឹង​ធើ​។

បច្ចុ​ប្ប​ន្ន​ ក្រុម​រ​បាំ​ឆៃ​យ៉ាំ​បាន​ហាត់​សំ​ដែង​​ ក្រោម​ការ​ឧបត្ថ​ម្ភ​ថ​វិ​ការ​បស់​ វត្ត​សាល​វន​ឧ​ទ្យាន​(ព្រែក​ឈូក​)​ ចំ​ណុះ​ឃុំ​ឡង​មី​។ ពី​មុន​នេះ​  អា​ស្រ័យ​អា​យុ​នៃ​សមា​ជិក​ទាំង​ឡាយ​ក្នុង​ក្រុម​​ភាគ​ច្រើន​ឈាន​ចូល​វ័យ​មជ្ឈិ​ម​ ម្ល៉ោះ​ហើយ​ការ​សំដែង​ឆៃ​យ៉ាំ​មាន​ការ​លំ​បាក​។ បង​ថាច់​សាង​ប្រ​ធាន​​ក្រុម​​រ​បាំ​ឆៃ​យ៉ាំ​រំ​លឹក​៖ " ប្រ​មាណ​មុន​នេះ​៣​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុម​រ​បាំ​ឆៃ​យ៉ាំ​ យើង​ខ្ញុំ​មាន​ស​មា​ជិក​១០​នាក់​ដែល​ឈាន​ចូល​មជ្ឈិម​វ័យ​ កាល​ណោះ​ ក្នុង​​ក្រុម​ខ្ញុំ​មាន​អា​យុ​តូច​ជាង​គេ​ក៏​ជាង​៣០​ឆ្នាំ​ដែរ​។ វ័យ​កាន់​តែ​ចាស់​ ផ្សំ​ជា​មួយ​​នឹង​បញ្ហា​គ្រួ​សារ​ផង​ ម្ល៉ោះ​ហើយ​ស​មា​ជិក​ភាគ​ច្រើន​មាន​បំ​ណង​ចាក​ចេញ​ពី​ក្រុម​ ហេតុ​នោះ​ស​កម្ម​ភាព​របស់​ក្រុម​ឆៃ​យ៉ាំ​នេះ​ កាន់​តែ​អន់​ទៅ​ៗ​ ។ នរ​ណា​ក៏​ដោយ​ចេះ​តែ​បារ​ម្ភ​ថា​ ក្រុម​ឆៃយ៉ាំ​ច្បាស់​​ជា​ត្រូវ​រំ​សាយ​ជា​ពុំ​ខាន​"។ សព្វ​ថ្ងៃ​នេះ​ បង​ថាច់​សាង​គឺ​ស​មា​ជិក​​ដែល​​មាន​វ័យ​ចំ​ណាស់​ជាង​គេ​ក្នុង​ក្រុម​ ហើយ​ស​មា​ជិក​ដែល​​មាន​វ័យ​ក្មេង​​ជាង​គេ​គឺ​ទើប​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នោះ​ បណ្តា​ស​មា​ជិក​ទាំង​ឡាយ​ដែល​បាន​សុំ​ចេញ​​ពី​ក្រុម​រ​បាំ​ឆៃ​​រួច​ហើយ​ក៏​ពិត​មែន​ ប៉ុន្តែ​ នៅ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​ ឆ្លង​តាម​រយៈ​ការ​បង្ហាត់​បង្រៀន​ស​មា​ជិក​​ថ្មី​ៗ​ និង​សិក្សា​ស្រាវ​ជ្រាវ​ផ្តល់​នៅ​បទ​ពិ​សោធន៍​ជូន​ក្រុម​។​ល​។ 

​ប្រ​ការ​ដែល​អនុ​វត្ត​យុវ​ភា​វូប​នីយ​កម្ម​ស​មា​ជិក​​ក្រុម​បាន​សម្រេច​ជោគ​ជ័យ​​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​អា​កប្ប​កិ​រិ​យា​នៃ​យុវ​វ័យ​ឃុំ​ឡង​មី​ ចំ​ពោះ​ទម្រង់​សិល្បៈ​ជន​ជាតិ​មួយ​នេះ​។ បាន​ធ្វើ​ឲ្យ​ចំ​នួន​យុវ​ជន​គាំ​ទ្រ​ និង​ស្រ​ឡាញ់​ចូល​ចិត្ត​រ​បាំ​ឆៃយ៉ាំ​នៅ​ទី​នេះ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ ឲ្យ​តែ​មាន​ឱ​កាស​ទំ​នេរ​ យុវ​ជន​ទាំង​ឡាយ​នាំ​គ្នា​ហាត់​និង​​សំ​ដែង​ដោយ​សំ​ចៃ​កម្លាំង​។ ឆ្លង​កាត់​រយៈ​ពេល​ហ្វឹក​ហាត់​រ​ហូត​ដល់​សព្វ​​ថ្ងៃ​ ក្រុម​រ​បាំ​ឆៃ​យ៉ាំ​ឃុំ​ឡង​មី​បាន​ចេញ​ទៅ​សំ​ដែង​ជា​រឿយ​ៗ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទស្ស​នា​របស់​មា​មីង​នៅ​ភូមិ​ភាគ​។

​អ៊ំ​ស្រី​ថាច់​ធី​សង​ ព្រឹ​ទ្ធា​ចារ្យ​មួយ​រូប​ក្នុង​ឃុំ​មាន​ប្រ​សាសន៍​ទាំង​ក្តី​រីក​រាយ​៖ ឥ​ឡូវ​ក្រុម​ស​មាជិក​ទាំង​អស់​របស់​ក្រុម​រ​បាំ​ឆៃ​យ៉ាំ​សុទ្ធ​តែ​វ័យ​ក្មេង​ ទន្ទឹម​នឹង​ការ​សំ​ដែង​តាម​រ​បៀប​បុ​រាណ​ នៅ​មាន​ឈុត​សំ​ដែង​ថ្មី​ៗ​បន្ថែម​ ។   ទោះ​បី​ខ្ញុំ​មាន​វ័យ​កាន់​តែ​ចំ​ណាស់​ក្តី​ ប៉ុន្តែ​ឲ្យ​តែ​ពេល​ណា​មាន​ការ​សំ​ដែង​ឆៃ​យ៉ាំ​ខ្ញុំ​តែង​ហៅ​កូន​ឬ​ចៅ​ឌុប​ទៅ​មើល​ជា​និច្ច​។ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ ប៉ុណ្ណោះ​ ចំ​ណែក​ចាស់​ទុំ​ដ​ទៃ​ទៀត​ក៏​ដូច្នោះ​ដែរ​។ ប៉ុ​ន្មាន​ឆ្នាំ​មុន​ នរ​ណា​ក៏​ដោយ​ បើ​ចង់​មើល​ឆៃយ៉ាំ​គឺ​ត្រឹម​តែ​មើល​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​​ប៉ុណ្ណោះ​"​។ ប្រ​សាសន៍​របស់​អ៊ំ​សង​ គឺ​ជា​ការ​ពិត​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ឡង​មី​មុន​នេះ​ ប៉ុន្តែ​សព្វ​ថ្ងៃ​នរ​ណា​ក៏​មាន​មោទ​ន​ភាព​ចំ​ពោះ​ក្រុម​រ​បាំ​ឆៃយ៉ាំ​របស់​ឃុំ​ដែរ​ ពី​ព្រោះ​ក្រុម​ឧស្សាហ៍​ទៅ​ចូល​រួម​សំ​ដែង​កំ​ដរ​ពិ​ធី​បុណ្យ​ នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។ ចំ​ណែក​មា​មីង​ជន​ជាតិ​កិញ​ ក៏​បង្ហាញ​ពី​ភាព​​ពេញ​ចិត្ត​ចំ​ពោះ​រ​បាំ​ឆៃ​យ៉ាំ​ដែល​សម្តែង​នា​ឱ​កាស​ពិ​ធី​បុណ្យ​ផ្សេង​ៗ​​ផង​ដែរ​។ បង​​ង្វៀន​វ៉ាំង​ជុក​ នៅ​ឃុំ​ដុង​ថាំង​ ស្រុក​កើ​ដ​ ក្រុង​កឹង​ធើ​ឲ្យ​ដឹង​៖ ​"​ លើក​ដំ​បូង​បាន​ទស្ស​នា​​រ​បាំ​ឆៃ​យ៉ាំ​ ខ្ញុំ​មាន​ចំ​ណាប់​អា​រម្ម​ណ៍​យ៉ាង​ខ្លាំង​ មិន​ចេះ​ភា​សា​ខ្មែរ​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​យល់​ដឹង​អំ​ពី​អត្ថ​ន័យ​ឆៃ​យ៉ាំ​បាន​។ បណ្តា​ឱ​កាស​ដូច្នេះ​ បាន​ជួយ​យើង​ខ្ញុំ​កាន់​តែ​បាន​យល់​អំ​ពី​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​គ្នា​ទៅ​វិញ​ទៅ​មក​"​។

​កម្រិត​អា​យុ​មធ្យម​របស់​ស​មា​ជិក​ក្រុម​រ​បាំ​ឆៃយ៉ាំ​សព្វ​ថ្ងៃ​គឺ​២៥​ឆ្នាំ​ ប៉ុន្តែ​យោង​តាម​ប្រ​សាសន៍​របស់​បង​សាង​ ក្រុម​រ​បាំ​ឆៃ​យ៉ាំ​នេះ​នឹង​បន្ត​ការ​អនុ​វត្ត​យុ​វភា​វូប​នីយ​កម្ម​ស​មា​ជិក​ជា​បន្ត​ទៀត​។ គោល​ដៅ​របស់​ក្រុម​គឺ​បង្កើន​​ចំ​នួន​ស​មា​ជិក​វ័យ​ក្មេង​ ដើម្បី​ចែក​ក្រុម​នេះ​ចេញ​ជា​២​ក្រុម​ សំ​ដៅ​ចូល​រួម​បម្រើ​ជូន​មា​មីង​នៅ​ភូមិ​ភាគ​និង​កន្លែង​ដ​ទៃ​ទៀត​៕

ថាញ់​ភូ​-សេ​រី

ចែករំលែកអត្ថបទ