12/08/2014 - 09:54

សន្តាន​ចិត្ត​របស់​លោក​ផឹង

ជា​មួយ​នឹង​ទឹក​ចិត្ត​និង​ទង្វើ​សប្បុ​រស   ជា​និច្ច​កាល​តែង​ឧបត្ថម្ភ​អ្នក​ក្រ​លំ​បាក ម្ល៉ោះ​ហើយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​ឡឹម​វាំុង​ផឹង នៅ​ភូមិ​តាក់​យ៉ុង ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ត្រូវ​បាន​មា​មីង​កោត​សរ​សើរ​និង​គោ​រព​រាប់​អាន។

ពូឡឹម​វាំុង​ធឹង តែង​មក​សួរ​សុខ​ទុក្ខ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​ភូមិ​ភាគ។

លោក​ទ្រឿង​វាំុង​តឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង ឲ្យ​ដឹងៈ "ឆ្នាំ​២០១៣ ពូផឹង​បាន​ចែក​អង្ករ​ជូន​អ្នក​ក្រ​នៅ​ឃុំ​ថាម​ដូង ជិត​២៣​តោន ហេីយ​ជា​រៀង​រាល់​ឆ្នាំ​ពូថែម​ទាំង​ឧបត្ថម្ភ​ទឹក​ប្រាក់​ជូន​អ្នក​ក្រ​ព្យា​បាល​ជំងឺ​ប្រ​មាណ​១៥០​លាន​ដុង ម្ល៉ោះ​ហើយ​មាមីង​នៅ​ទី​នេះ​ អ្នក ណា​ក៏​គោ​រព​ស្រឡាញ់ និង​ដឹង​គុណ​លោក​ទាំង​អស់។​​

ធ្លាប់​ជា​អ្នក​ឧស្សាហ៍​ព្យា​យាម​ធ្វើ​ការ​រក​ស៊ី ម្ល៉ោះ​ហើយ​ផ្តើម​ពីដី​ស្រែ​៨ កុង​ដែល​ឪពុក​ម្តាយ​ចែក​ឲ្យ​ក្រោយ​ពី​ពេល​រៀប​ការ​មក​ដល់​សព្វ​ថ្ងៃ គ្រួ​សារ​លោក​មាន​ដី​ស្រែ​ចំនួន​៦០​កុង។ ពេល​និយាយ​ពី​សកម្ម​ភាព​សប្ប​រស​ធម៌ លោក​ផឹង ឲ្យ​ដឹងៈ" ពេល​ប្រ​ពន្ធ​ខ្ញុំ​ស្លាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ​នៅ​តូច បី​នាក់​ឪពុក​នឹង​កូន​រស់​នៅ​ដោយ​លំ​បាក។ ធ្វើ​ស្រែ​ឬ​ក៏​ដាំ​ដំ​ណាំ​មិន​សូវ​បាន​ផល​ប៉ុន្មាន ដូច្នេះ​ពេល​នេះ​ខ្ញុំ​យល់​ច្បាស់​ណាស់​នូវ​ការ​លំ​បាក​របស់​អ្នក​ក្រ។ ឥឡូវ​ពេល​កូនៗ​ធំ​ដឹង​ក្តី​មាន​ការ​ងារ​ធ្វើ​លំនឹង​ជីវភាព​គ្រួ​ សារ​បាន​ធូរ​ធារ ខ្ញុំ​ក៏​ខំរក​វិធី​ជួយ​មាមីង​ដើម្បី​រួម​គ្នា​ឆ្លង​កាត់​ការ​លំ​បាក"។ ចាប់​ពី​ពេល​នោះ​មក​លោក​ផឹង យក​ដី​ស្រែ​២​កុង​ដាំ​ដើម​ប្រេង​ខ្យល់​និង​ដី​ចម្ការ​២​កុង​ដាំ​ចេក បន្លែ​បង្ការ​ចិញ្ចឹម​ត្រី។ល។ ជាង​១០​ឆ្នាំ​មក​នេះ ពេល គ្រួ​សារ​ក្រី​ក្រ​ណា​ត្រូវ​ការ​ឈើ​សង់​ផ្ទះ លោក​ផឹង​តែង​ឲ្យ​គ្រួ​សារ​ទាំង នោះ​កាប់​ដើម​ប្រេង​ខ្យល់​ទៅ​ធ្វើ​សសរ​ផ្ទះ ឬ​ក៏​ឲ្យ​ភូមិ​កាប់​យក​ទៅ​ធ្វើ​ស្ពាន ដើម្បី​ធ្វើ​ដំ​ណើរ​ទាំង​អស់​គ្នា គ្រួ​សារ​ណា​គ្មាន​បាយ​ហូប គឺ​លោក​ឲ្យ​អង្ករ អ្នក​ក្រ​ណា​ឈឺ​ថ្កាត់ គឺ​លោក​ឲ្យ​ប្រាក់​ទៅ​ព្យា​បាល​ជំងឺ អ្នក​ណា គ្មាន​បន្លែ​បង្ការ​បរិភោគ គឺ​លោក​ហៅ​មក​ចម្ការ​បេះ ឬ​ក៏​បង់​សំ​ណាញ់​យក​ទាំង​ត្រី​ទៅ​ផ្ទះ​ធ្វើ​ម្ហូប​អា​ហារ។ល។

​បង​ស្រី​ត្រឹង​ធី​សា​រឿន រៀប​រាប់ៈ" កន្លង​មុន​នេះ​៣​ឆ្នាំ នាង​ខ្ញុំ​វះ​កើត​កូនក្រៅ​ស្បូន ផ្ទះ​គ្មាន​អង្ករ​ដណ្តាំ​បាយ​ហូប វះ​បាន​៥​ថ្ងៃ​នាង​ខ្ញុំ​ទៅ​ដឹក​អញ្ចង ។ ពេល​ឃើញ​នាង​ខ្ញុំ​ចុះ​ទឹក ពូផឹង​ហៅ​ឡើង​រួច​យក​អង្ករ១​កា​រុង ព្រម​ទាំង​ទឹក​ប្រាក់ ត្រី​ទៅ​ឲ្យ​ដល់​ផ្ទះ។ ថ្មីៗ​នេះ ពូ​នៅ​ទាំង​ឲ្យ​ដើម​ប្រេង​ខ្យល់ សង់​ផ្ទះ​ទៀត​ផង"។ ចំ​ណែក​បង​ស្រី​ឡឹម​មា៉រី​កា ឲ្យ​ដឹងៈ" ថ្មីៗ​នេះ​ដឹង​ថា កូន​នាង​ខ្ញុំ​កើត​រោគ​កញ្រ្ជឹល ហើយ​គ្មាន​ប្រាក់​ព្យា​បាល ពូ​បាន​មក​ដល់​ផ្ទះ​ឲ្យ​ប្រាក់​នាង​ខ្ញុំ​៣០០.០០០​ដុង ដើម្បី​នាំ​កូន​ទៅ​ព្យា​បាល។ បច្ចុប្បន្ន កូន​នាង​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ គ្រួ​សារ​នាង​ខ្ញុំ​ដឹង​គុណ​ពូផឹង​ខ្លាំង ណាស់​"។

លោក​ផឹង ជា​អ្នក​ខ្នះ​ខ្នែង​ក្នុង​ការ​ចល​នា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​កសាង​ជន​បទ​ថ្មី។ ជា​ច្រើន​ឆ្នាំ​កន្លង លោក​បាន​ចល​នា​ប្រ​ជា​ជន​និង​វង្ស​ត្រ​កូល​របស់​លោក​រួម​វិភាគ​ទាន​រាប់​រយ​លាន​ដុង ដើម្បី​កសាង​ផ្លូវ​និង​ស្ពាន​ជន​បទ។ ជាក់​ស្តែង​សព្វ​ថ្ងៃ​លោក​បាន​រួម​វិភាគ​ទាន​កសាង​ផ្លូវ​ជន​បទ​១០០០​ម៉ែត្រ ស្ពាន​បេតុង​៣​កន្លែង។ មិន​ត្រឹម​តែ​ដូច្នេះ លោក​នៅ​ទាំង​ចេញ​មុខ​កសាង​បង្គោល​ទង់​ចំនួន​៨០​ដើម នៅ​ភូមិ​តាក់​យ៉ុង ដើម្បី​អប​អរសា​ទរ​ថ្ងៃ​បុណ្យ​ធំៗ រួម​ចំ​ណែក​ស្អិត​ស្អាង​លំ​អភូមិ​ស្រុក។ លោក​ផឹង មាន​ប្រ សាសន៍ៈ​"មា​មីង​ទុក​ចិត្ត​ទើប​ជ្រើស​ខ្ញុំ​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ម្ល៉ោះ ​ហើយ​ការ​ងារ​ណា​ជួយ​មា​មីង គឺ​ខ្ញុំ​ខិត​ខំ​ដោយ​អស់​ពី​សមត្ថ​ភាព។ ប្រ​សិន​មាមីង​មាន​ក្តី​សប្បាយ​រីក​រាយ និង​មាន​សុភមង្គល គឺ​ខ្ញុំ​ក៏​មាន​សេច​ក្តី​សប្បាយ​រីក​រាយ​ជា​មួយ​ដែរ"។

ចំ​ពោះ​គ្រួ​សារ លោក​ផឹង​គឺ​ជា​ឪពុក​គំ​រូ។ កូនៗ​របស់​លោក សុទ្ធ​តែ​សុ​ភាព​រាប​សា រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង។ ពូផឹង​ឲ្យ​ដឹងៈ" ឃើញ​កូនៗ​បាន​សម្រេច​ផល​និង​មាន​ជីវភាព​ធូរ​ធារ ម្ល៉ោះ​ហើយ​ខ្ញុំ​ពេញ​ចិត្ត​ណាស់។ សព្វ​ថ្ងៃ​ខ្ញុំកំ​ពុង​ត្រៀម​បម្រុង​កសាង​ស្ពាន​ជន បទ​មួយ​ខ្សែ​ប្រ​វែង​២០​ម៉ែត្រ និង​ផ្លូវ​ដាន​មួយ​ប្រ​វែង​ជាង​២៥០​ម៉ែត្រ​តភ្ជាប់​រវាង​ភូមិ​ស៊ុង​កាយ​និង​តាក់​យ៉ុង។ ពេល​កសាង​បាន​សម្រេច​ជា​ស្ថា​ពរ មាមីង​សិស្សា​នុសិស្ស​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ជួញ​ដូរ​ទំ​និញ​បាន​ងាយ​ ស្រួល"។ ជា​មួយ​នឹង​ទង្វើ​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ ដើម្បី​ជួយ​អ្នក​ក្រ និង​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​រីក​ចម្រើន លោក​ផឹង ទើប​តែ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ជូន​ប័ណ្ណ​សរ​សើរ ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រួម​វិភាគ​ទាន​កសាង​ជន​បទ​ថ្មី៕

លី​ធាន​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផឹង​គឺ​ជា