ដើម្បីជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកខាងលំនៅឋានមានជីវភាពស្ថិរភាព ឃុំផុងថាញ់ ខេត្តវិញឡុងបានអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ប្រកបដោយប្រសិទ្ធភាព ជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកខាងលំនៅឋាន "មានផ្ទះរឹងមាំ រស់នៅសុខសាន្ត"។
លោកផាមត្វឹងកៀត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងថាញ់ បានឱ្យដឹង៖ " អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឆ្នាំ ២០២៦ ឃុំផុងថាញ់ បានខេត្តបែងចែកឱ្យអនុវត្តគម្រោងសង់ផ្ទះចំនួន៦ខ្នងជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកខាងលំនៅឋានក្នុងឃុំ ដោយថវិកាសរុប ៣៦០ លានដុង"។

អ្នកមីងថាច់ធីសារៀង រីករាយពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។
អ្នកមីងថាច់ធីសារៀង នៅភូមិកិញឆាង បានឱ្យដឹង៖ "ពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោម។ ដោយសារគ្រួសារក្រីក្រ ជីវភាពលំបាកខ្លាំង រស់នៅទាំងបារម្ភខ្លាចតែផ្ទះរលំ ជាពិសេសនៅរដូវភ្លៀងខ្យល់។ ឥឡូវបានរដ្ឋអំណាចភូមិភាគស្នើទៅថ្នាក់លើ ហើយទទួលបានការឧបត្ថម្ភ ៦០ លានដុងពីប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ព្រមទាំងការជួយជ្រោមជ្រែងពីសាច់ញាតិ គ្រួសារខ្ញុំក៏សង់បានផ្ទះសមរម្យ។ សព្វថ្ងៃ ខ្ញុំលែងបារម្ភពេលដល់រដូវភ្លៀងខ្យល់ទៀតហើយ ខិតខំតែពលកម្មផលិតដើម្បីរកប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ"។
ដើម្បីធានាថាគម្រោងបានអនុវត្តដោយសមធម៌ និងតម្លាភាព ភូមិភាគបានអនុវត្តការងារយ៉ាងម៉ត់ចត់ចាប់តាំងពីវគ្គពិភាក្សាវាយតម្លៃមុខសញ្ញាទទួលបានការឧបត្ថម្ភ។ លោកផាមត្វឹងកៀត បានចែករំលែក៖ "យើងខ្ញុំបានសហការជិតស្និទ្ធជាមួយប្រធានគណៈប្រជាជនភូមិនីមួយៗ ដើម្បីប្រជុំពិភាក្សាវាយតម្លៃ ដោយផ្តល់អាទិភាពដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានជីវភាពលំបាកបំផុត។ ក្នុងដំណើរការសាងសង់ កម្មាភិបាលភូមិភាគ និងបណ្តាអង្គការមហាជនបានចុះត្រួតពិនិត្យគុណភាពសំណង់ជាប្រចាំ ធានាថាប្រភពទុនបានប្រើប្រាស់ចំគោលដៅ និងដល់ដៃគ្រួសារទទួលការឧបត្ថម្ភ"។ មកដល់ពេលនេះ គម្រោងទាំងមូលក៏បានសម្រេចដោយគ្មានការបណ្តឹងតវ៉ាណាមួយអំពីភាពយុត្តិធម៌ក្នុងការបែងចែកឧបត្ថម្ភឡើយ។
ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះគម្រោងឧបត្ថម្ភសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកខាងលំនៅឋាននៅលើភូមិឋានឃុំផុងថាញ់ មិនត្រឹមតែជួយឱ្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកខាងលំនៅឋានមានជីវភាពស្ថិរភាពប៉ុណ្ណោះទេ។ ប្រការនេះនៅទាំងបង្ហាញពីស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ចែករំលែកការលំបាកក្នុងជីវភាពនិងដិតដាមដោយលក្ខណៈនៃសហគមន៍។ តាមការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បានធ្វើឱ្យស្ថានភាពជីវភាព សេដ្ឋកិច្ច វប្បធម៌ - សង្គមតំបន់ជនរួមជាតិខ្មែរនៅឃុំផុងថាញ់ នឹងមានការវិវឌ្ឍន៍ជាវិជ្ជមានបន្ថែមទៀតនាពេលខាងមុខ ជួយឱ្យជនជាតិភាគតិចមានជីវភាពរស់នៅសុខសាន្ត លំនឹងចិត្តប្រកបរបរចិញ្ចឹមជីវិតនិងមានសុភមង្គលជាង៕
ម៉ាល័យ - សុផន