មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/07/2026 - 21:03

គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ ២០ ឆ្នាំ​ខិត​ខំ​ "បណ្តុះ​អក្សរ​" រក្សា​អណ្តាត​ភ្លើង​វប្ប​ធម៌​នៅ​ភូមិ​ស្រុក​ 

ស្ថិត​ក្នុង​ចង្វាក់​នៃ​ជីវ​ភាព​រូត​រះ​នៃ​យុគ​សម័យ​ថ្មី​ នៅ​សង្កាត់​វី​ថាញ​ មាន​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​លះ​បង់​ដោយ​ស្ងៀម​ស្ងាត់​៖ ទាំង​បណ្តុះ​អក្សរ​ជាតិ​នៅ​លើ​វេទិកា​បង្រៀន​ ទាំង​ខិត​ខំ​ថែ​រក្សា​ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្លួន​នៅ​ក្នុង​វត្ត​។ នោះ​គឺ​លោក​គ្រូ​ យ័ញគ្រោង​ - គំ​រូ​ភ្លឺ​ស្វាង​នៃ​ស្មារតី​សង្វាត់​រៀន​សូ​ត្រ​ និង​ការ​លះ​បង់​ដើម្បី​វិស័យ​អប់​រំ​ បាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក​គោរព​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​។

កើត​និង​ធំ​ដឹង​ក្តី​នៅ​សង្កាត់​វី​ថាញ​ បង​យ័ញគ្រោង​ មាន​សេច​ក្តី​ស្រ​ឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ស្រុក​កំ​ណើត​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​។ ដូច​យុវ​ជន​ខ្មែរ​ដទៃ​ទៀត​ដែរ​ ដើម្បី​តប​ស្នង​សង​គុណ​អ្នក​មាន​គុណ​ និង​លត់​ដំ​សីល​ធម៌​ លោក​បាន​ចូល​សាង​ផ្នួស​បួស​រៀន​នៅ​វត្ត​មហា​មង្គល​រង្សី​ឃូរ ចាប់​ពី​ឆ្នាំ​ ១៩៨៧ ដល់​ឆ្នាំ​ ១៩៩៥។ អំ​ឡុង​ពេល​ ៨ ឆ្នាំ​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ​ពុទ្ធ​សាសនា​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​លោក​លត់​ដំ​ចិត្ត​គំ​និត​ យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​ទស្សន​វិជ្ជា​ព្រះ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បំ​ពេញ​បន្ថែម​នូវ​ចំ​ណេះ​ដឹង​ទូ​លំ​ទូ​លាយ​អំ​ពី​ភា​សា​ និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង​។

លោក​យ័ញគ្រោងកំ​ពុង​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗនៅ​វត្ត​មហា​មង្គល​រង្សី​ឃូរ។

ក្រោយ​ពី​បាន​លា​ចាក​សិក្ខា​បទ​ត្រ​ឡប់​មក​កាន់​ជីវ​ភាព​ធម្ម​តា​វិញ​ ដោយ​មាន​គុណ​ធម៌​ល្អ​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ពី​សំ​ណាក់​មា​មីង​ក្នុង​ភូមិ​ស្រុក​ លោក​បាន​ជ្រើស​រើស​ធ្វើ​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ ៤ សង្កាត់​ ៣ ទី​ក្រុង​វី​ថាញ​ ខេត្ត​ហូវ​យ៉ាង​ (ចាស់​)។ ទោះ​បី​ស្ថិត​ក្នុង​តំ​ណែង​ណា​ក៏​ដោយ​ លោក​តែង​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ក្រោយ​ពី​រយៈ​ពេល​ ២ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​នៅ​មូល​ដ្ឋាន​ ដោយ​យល់​ឃើញ​ថា​មាន​តែ​ការ​សិក្សា​ប៉ុណ្ណោះ​ទើប​ជា​កូន​សោ​ដ៏​រឹង​មាំ​បំ​ផុត​ដើម្បី​ផ្លាស់​ប្តូរ​ជីវ​ភាព​ និង​ជួយ​ដល់​ស្រុក​កំ​ណើត​បាន​យូរ​អង្វែង​ លោក​ក៏​បាន​សម្រេច​ចិត្ត​យ៉ាង​ក្លា​ហាន​សុំ​ឈប់​ធ្វើ​ការ​ ប្រឡង​ចូល​មហា​ទ្យាល័យ​កឹង​ធើ។ នៅ​ទី​នេះ​ លោក​បាន​សិក្សា​ជំ​នាញ​គរុកោសល្យ​បឋម​សិក្សា​ ព្រម​ទាំង​រៀន​បន្ថែម​ជំ​នាញ​វិធី​សាស្ត្រ​បង្រៀន​ភា​សា​ខ្មែរ​។ ការ​សម្រេច​ចិត្ត​នេះ​បាន​បើក​នូវ​របត់​ដ៏​ធំ​មួយ​នៅ​ក្នុង​ឆាក​ជីវិត​របស់​យ័ញកោង​ ពី​ប្រ​ធាន​ភូមិ​ម្នាក់​ ក្លាយ​ជា​គ្រូ​បង្រៀន​ “បណ្តុះ​ធន​ធាន​មនុស្ស​”។ ឆ្នាំ​ ២០០៩ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ លោក​យ័ញគ្រោង បាន​ចាត់​តាំង​ឱ្យ​ទៅ​បង្រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ហីមឡា​ម។ នៅ​ទី​នេះ​ លោក​ទទួល​បន្ទុក​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ជា​ជន​រួម​ជាតិ​ខ្មែរ​។ ដោយ​វិធី​សាស្ត្រ​គរុកោសល្យ​ អស់​ពី​ចិត្ត​និង​ក្តី​ស្រ​ឡាញ់​អា​ជីព​ លោក​បាន​ជួយ​ឱ្យ​សិស្ស​ខ្មែរ​ជា​ច្រើន​ជំ​នាន់​កាន់​តែ​ស្រ​ឡាញ់​ និង​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ភា​សា​កំ​ណើត​របស់​ខ្លួន​។ រហូត​ដល់​ឆ្នាំ​ ២០១៩ តាម​បំ​ណង​ប្រាថ្នា​ផ្ទាល់​ខ្លួន​ និង​ការ​ចាត់​តាំង​របស់​ផ្នែក​ លោក​បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ វ៉​ធី​សាវ​ (សង្កាត់​វី​ថាញ​) បន្ត​បណ្តុះ​ពន្លក​សម្រាប់​ភូមិ​ស្រុក​។

អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ យ័ញគ្រោង​ គួរ​ឱ្យ​គោរព​បំ​ផុត​នោះ​គឺ​ មិន​ត្រឹម​តែ​ជា​អា​ជីព​អប់​រំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​គ្រូ​បង្រៀន​នៅ​រដូវ​វិស្សម​កាល​  ពិ​សេស​ដោយ​មិន​យក​កម្រៃ​សិក្សា​ទៀត​ផង​។ អស់​រយៈ​កាល​ជិត​ ២០ ឆ្នាំ​មក​នេះ​ ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ បរិយាកាស​នៅ​វត្ត​មហា​មង្គល​រង្សី​ឃូរ តែង​លាន់​រំ​ពង​សំឡេង​ប្រ​កប​អក្សរ​ខ្មែរ​របស់​ប្អូន​ៗ។ អ្នក​ឈរ​នៅ​លើ​វេទិកា​បង្រៀន​ មិន​មែន​នរណា​ផ្សេង​ក្រៅ​ពី​លោក​ យ័ញគ្រោង ​ឡើយ​។ ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ​ លោក​ យ័ញគ្រោង​ បាន​ឱ្យ​ដឹង​៖ “ជា​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​តែង​រួម​ជា​មួយ​ព្រះ​សង្ឃ​ បើក​ថ្នាក់​បង្រៀន​ភា​សា​ខ្មែរ​ ដើម្បី​ឱ្យ​កូន​ចៅ​បាន​ចេះ​ដឹង​នូវ​ភា​សា​ និង​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន​ ប្អូន​ៗរៀន​ក្នុង​រយៈ​ពេល​ប្រ​មា​ណ​ ៣ ខែ​ ឬ​ប្រ​សិន​បើ​មិន​គ្រប់​ ៣ ខែ​ទេ​ក៏​បាន​ ២ ខែ​កន្លះ​ដែរ​ ដើម្បី​ឱ្យ​ប្អូន​ៗបាន​រៀន​ រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ជន​ជាតិ​។ យើង​ខ្ញុំ​តែង​បើក​ថ្នាក់​រៀន​ដោយ​មិន​ដែល​រំ​លង​ឆ្នាំ​ណា​មួយ​ឡើយ​”។

អា​ស្រ័យ​មាន​ថ្នាក់​រៀន​នេះ​ហើយ​ ទើប​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ចេះ​ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ ជាតិ​ខ្លួន​។ ហើយ​ក៏​ចាប់​ពី​ពេល​នោះ​មក​ ប្អូន​ៗកាន់​តែ​ស្រ​ឡាញ់​វប្ប​ធម៌​ជន​ជាតិ​ខ្លួន​ថែម​ទៀត​។ ប្អូន​យ័ញធី​មី​ដ្វង​ត្រាង​ នៅ​សង្កាត់​វី​ថាញ​ ទី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក​៖ “ប្អូន​រៀន​ភា​សា​ខ្មែរ​បាន​លោក​គ្រូ​គ្រោង​បង្រៀន​ ប្អូន​បាន​ចេះ​អាន​ ចេះ​សរ​សេរ​ ប្អូន​សប្បាយ​ចិត្ត​ណាស់​។ ប្អូន​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ ខណៈ​ពេល​ទៅ​ណា​មក​ណា​ជួប​ជន​ជាតិ​ខ្មែរ​ ប្អូន​អាច​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​ខ្មែរ​ជា​មួយ​អ្នក​រាល់​គ្នា​បាន​”។

មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​គំ​រូ​នៅ​លើ​វេទិកា​ និង​ជា​អ្នក​រក្សា​អណ្តាត​ភ្លើង​វប្ប​ធម៌​នៅ​ក្នុង​វត្ត​អា​រាម​ប៉ុណ្ណោះ​ទេ​ នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ លោក​ យ័ញគ្រោង​ នៅ​ទាំង​ជា​កសិ​ករ​ឧស្សា​ហ៍ម្នាក់​ និង​ជា​សសរ​ស្តម្ភសេដ្ឋ​កិច្ច​រឹង​មាំ​របស់​គ្រួ​សារ​។ លោក​តែង​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ និង​ការ​ផលិត​ ខិត​ខំ​បង្កើន​ការ​ផលិត​ដើម្បី​កែ​លម្អ​ជីវ​ភាព​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ឥត​ឈប់​ឈរ​នោះ​ហើយ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ “អ្នក​មាន​ប្រិយ​ភាព​” ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ពាក្យ​និយាយ​របស់​លោក​តែង​ បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​និង​ធ្វើ​តាម​។ វាយ​តម្លៃ​អំ​ពី​លោក​ យ័ញគ្រោង​ លោក​ ត្រឹង​វ៉ាំង​វៀត​ - អតីត​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ ៧ សង្កាត់​វី​ថាញ​ បាន​ឱ្យ​ដឹង​៖ “លោក​ យ័ញគ្រោង​ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​ល្អ​ម្នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​គំ​រូ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​សហ​គម​ន៍ទៀត​ផង​។ លោក​ទៅ​បង្រៀន​ផង​ ទាំង​សកម្ម​ក្នុង​ការ​បង្កើន​ផល​ផង​ ជា​អ្នក​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ ជា​ពិ​សេស​ លោក​ជា​បុគ្គល​ម្នាក់​មាន​ប្រ​ជា​ប្រិយ​របស់​ទី​ក្រុង​ បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ទុក​ចិត្ត​ និង​ប្រ​ជា​ជន​ស្រ​ឡាញ់​ គោរព​រាប់​អាន​”។

ផ្តើម​ពី​យុវ​ជន​ម្នាក់​សាង​ផ្នួស​បួស​រៀន​នៅ​ក្នុង​វត្ត​ ក្លាយ​ជា​ប្រ​ធាន​ភូមិ​ដ៏​អស់​ពី​ចិត្ត​ រួច​ឈាន​ជើង​ឡើង​វេទិកា​ធ្វើ​ជា​គ្រូ​បង្រៀន​ ក្នុង​តួ​នា​ទី​ណា​ក៏​ដោយ​ លោក​ យ័ញគ្រោង​ តែង​លះ​បង់​ដោយ​ទឹក​ចិត្ត​បរិសុទ្ធ​ និង​ខ្នះ​ខ្នែង​ដ៏​កម្រ​មាន​។ ដំ​ណើរ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ស្មារតី​សង្វាត់​រៀន​សូ​ត្រ​ និង​បំ​ណង​ប្រាថ្នា​លះ​បង់​ដោយ​ឥត​ឈប់​ឈរ​។ ជិត​ ២០ ឆ្នាំ​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​វត្ត​ និង​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ បា​នក​សាង​នូវ​រូប​ភាព​នៃ​គ្រូ​បង្រៀន​ម្នាក់​ អ្នក​បញ្ញវន្ត​ខ្មែរ​ម្នាក់​គំ​រូ​នៅ​ក្នុង​សហ​គម​ន៍៕

ថាញ​ហ៊ុង-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ