ផ្តើមពីទឹកចិត្តស្រឡាញ់វប្បធម៌ជនជាតិ កញ្ញាឡឹមធីហូវ នៅឃុំតឹងថាញ់ ទីក្រុងកឹងធើ បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពេលបញ្ចប់ការសិក្សាមហាវិទ្យាល័យមុខជំនាញគ្រប់គ្រងវប្បធម៌ ដើម្បីបណ្តុះ "ពន្លក" សិល្បៈក្នុងស្រទាប់យុវវ័យ។ តាមរយៈថ្នាក់បង្រៀនរាំដោយឥតគិតថ្លៃ និងការបង្កើតក្លិបសិល្បៈចម្រៀង-រាំនៅតាមវត្តអារាម កញ្ញាហូវកំពុងរួមចំណែកយ៉ាងស្ងៀមស្ងាត់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
.jpg)
ឡឹមធីហូវ បង្រៀនរាំនៅវត្តបឹងក្រចាប់ថ្មី។
ជារៀងរាល់ល្ងាច នៅទីធ្លាវត្តបឹងក្រចាប់ថ្មី តែងតែអ៊ូអរទៅដោយស្នូរតន្ត្រីលាយឡំនឹងជំហានរាំយ៉ាងទន់ភ្លន់របស់កុមារា កុមារី ដែលជក់ចិត្តដិតអារម្មណ៍នឹងការហាត់រាំ។ អ្នកដែលយកចិត្តទុកដាក់ណែនាំនូវរាល់ក្បាច់រាំ និងកែតម្រូវរាល់កាយវិការ គឺកញ្ញាឡឹមធីហូវ។ ចំពោះហូវ រាល់ចង្វាក់រាំមិនត្រឹមតែជាផ្ទាំងទស្សនីយភាពសម្តែងមួយប៉ុណ្ណោះទេ ថែមទាំងជាវិធីសាស្ត្រមួយដើម្បីបញ្ជ្រាបទៅក្នុងស្រទាប់យុវវ័យឱ្យមានមោទនភាពចំពោះវប្បធម៌ជនជាតិ នៅពេលរាំម្តងៗ។ ហូវបានឱ្យដឹង៖ "កាលពីមុន នៅតំបន់របស់ខ្ញុំ មិនមានអ្នកបង្រៀនរាំឡើយ ដូច្នេះរាល់ពេលមើលកម្មវិធីកុមារ ឬកម្មវិធីចម្រៀងរាំខ្មែរតាមទូរទស្សន៍ ខ្ញុំតែងតែមើលហើយរៀនរាំតាម។ នៅពេលហាត់រាំ ខ្ញុំច្រើនតែឈរនៅមុខកញ្ចក់ ហើយច្រៀងម្នាក់ឯង ដើម្បីបំពេញក្ដីស្រឡាញ់ពេញចិត្តរបស់ខ្លួន។ ហេតុនេះហើយ ខ្ញុំមានក្តីស្រមៃចង់ចូលរៀនមហាវិទ្យាល័យផ្នែកវប្បធម៌ ហើយសន្យាក្នុងចិត្តខ្លួនឯងថា នឹងវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបង្រៀនឱ្យប្អូនៗចេះរាំនូវចង្វាក់រាំប្រពៃណីរបស់ជនជាតិយើង"។
ដោយសារតែក្តីស្រឡាញ់សិល្បៈចម្រៀងរាំខ្មែរ ដូច្នេះតាំងពីពេលរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិក គឺហូវ បានចូលរួមយ៉ាងសកម្មក្នុងក្រុមសិល្បៈ ហើយទទួលបានការបង្រៀនរាំបណ្តាចង្វាក់ប្រពៃណីរបស់ជនជាតិខ្មែរ។ ចាប់ពីពេលនោះមក ហូវតែងតែចូលរួមក្នុងការប្រឡង និងការសម្តែងសិល្បៈរបស់សាលាជនជាតិអន្តេវាសិក ព្រមទាំងសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងបុណ្យសែនដូនតា ធ្វើឱ្យចិត្តស្រឡាញ់សិល្បៈចម្រៀងរាំកាន់តែពុះកញ្ជ្រោលឡើង។ ហេតុដូច្នេះហើយ ពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ ហូវប្តេជ្ញាចិត្តប្រឡងចូលមហាវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ ដើម្បីសិក្សាមុខជំនាញគ្រប់គ្រងវប្បធម៌។ ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ហូវនៅតែបន្តចូលរួមក្រុមសិល្បៈរបស់សាលា ដើម្បីដោះដូរសិល្បៈជាមួយនឹងសាលាផ្សេងៗ ឬចូលរួមសម្តែងក្នុងឱកាសពិធីបុណ្យទាននានារបស់ជនរួមជាតិខ្មែរ។
ក្រោយពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ហូវបានបដិសេធឱកាសការងារជាច្រើននៅទីក្រុង ហើយវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ អ្វីដែលហូវតែងតែបារម្ភគឺប្រសិនបើយុវជនជំនាន់ក្រោយមិនបន្តវេនទេ នោះរាល់ក្បាច់រាំនិងសម្រស់វប្បធម៌ខ្មែរនឹងត្រូវសាបរលាបបន្តិចម្តងៗ។ គំនិតនេះហើយដែលបានជំរុញឱ្យហូវ បើកថ្នាក់បង្រៀនរាំដោយឥតគិតថ្លៃជូនដល់កូនចៅជនរួមជាតិខ្មែរនៅវត្តបឹងក្រចាប់ថ្មី។ ហូវបាននិយាយ៖ "ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅពេលមកបង្រៀននៅវត្ត មានជិត ១០០ នាក់ មានគ្រប់វ័យទាំងចាស់ក្មេង ប្រុសស្រី មកជួបជុំគ្នារៀនក្បាច់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ...។ ឃើញប្អូនៗ មាមីងនិងយុវជនជំនាន់ក្រោយចូលចិត្តក្បាច់រាំរបស់ជនជាតិ ខ្ញុំក៏ភ្លេចអស់នូវភាពនឿយហត់ទាំងឡាយ ហើយមានតែភាពសប្បាយរីករាយ សុភមង្គល និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីណែនាំ។ នាពេលនោះ ខ្ញុំគិតក្នុងចិត្តថា នឹងខិតខំរក្សាថ្នាក់រៀននេះឱ្យបានគង់វង្សជារៀងរហូត ដើម្បីឱ្យយុវជនជំនាន់ក្រោយនៅតំបន់ជនបទនេះចេះរាំគ្រប់ៗគ្នា"។ នៅក្នុងឆ្នាំ ២០១៨ ហូវក៏បានបង្កើតក្លិបសិល្បៈចម្រៀងរាំខ្មែរនៅវត្ត ក្រៅពីការបង្រៀនក្បាច់រាំប្រពៃណី ហូវនៅទាំងបង្រៀនឱ្យប្អូនៗចេះក្បាច់របាំជូនពរ របាំអប្សរា... ដើម្បីបម្រើក្នុងឱកាសពិធីបុណ្យទាន ឬពិធីសម្ពោធសំណង់នានាក្នុងវត្តនិងនៅភូមិភាគ។
កេរ្តិ៍ឈ្មោះល្អបានល្បីរន្ទឺឆ្ងាយ កិត្តិនាមរបស់កញ្ញាស្ម័គ្រចិត្តបង្រៀនរាំដោយឥតគិតថ្លៃ បានរីកសាយភាយទៅគ្រប់បណ្តាវត្តខ្មែរនៅក្នុងទីក្រុង។ ជាពិសេសនៅក្នុងឆ្នាំ ២០២២ កញ្ញាឡឹមធីហូវ បានគ្រងពានរង្វាន់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡងសម្រស់នារីខ្មែរនៅខេត្តត្រាវិញចាស់ (បច្ចុប្បន្នជាខេត្តវិញឡុង) ធ្វើឱ្យឈ្មោះរបស់កញ្ញាដ៏ស្រស់ស្អាត និងមានទឹកចិត្តស្រឡាញ់វប្បធម៌កាន់តែល្បីល្បាញថែមទៀត។ ចាប់ពីពេលនោះមក ហូវបានបណ្តាវត្តអារាមនានាដូចជា៖ វត្តកោះទុង វត្តដាយតាសួស ភូមិបឹងបួយ និងបណ្តាវត្តនៅខេត្តអាងយ៉ាង... បានអញ្ជើញនាងទៅបង្រៀនរាំដល់កូនចៅជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ទោះបីជាកំពុងមមាញឹកនឹងការងារនៅមជ្ឈមណ្ឌលសេវាកម្មចម្រុៈនៃឃុំតឹងថាញ់ក៏ដោយ ប៉ុន្តែហូវនៅតែរៀបចំពេលវេលាដើម្បីមកបង្រៀនរាំ។ ព្រោះតែហូវមានចិត្តស្រឡាញ់វប្បធម៌ខ្មែរតាំងពីដើមមក ដូច្នេះឱ្យតែមានវត្តណាអញ្ជើញ មិនថានៅទីណាក៏ដោយ ហូវរៀបចំទុកដាក់និងខិតខំផ្ទេរចំណេះដឹងដោយអស់ពីចិត្ត ដោយក្តីប្រាថ្នាចង់ឱ្យមានយុវជនខ្មែរកាន់តែច្រើននាក់ចេះស្រឡាញ់និងរួមដៃគ្នាថែរក្សាវប្បធម៌របស់ជនជាតិ។ រាល់ថ្នាក់រៀនដែលហូវបង្រៀន មានសិក្ខាកាមចាប់ពី ៥០ ដល់ ១០០ នាក់ មកចូលរៀន ដែលមានគ្រប់វ័យទាំងក្មេងចាស់និងប្រុសស្រី។

ឡឹមធីហូវ រួមជាមួយក្លិបសិល្បៈចម្រៀងរាំខ្មែរវត្តបឹងក្រចាប់ថ្មី រាំរបាំបម្រើនៅក្នុងកម្មវិធីនិទាឃរដូវការពារព្រំដែនគូឡាវយ៉ុង។
មិនត្រឹមតែបង្រៀនរបាំប៉ុណ្ណោះទេ ហូវនៅទាំងជួយឱ្យសិក្ខាកាមយល់ដឹងអំពីអត្ថន័យនៃរាល់ក្បាច់រាំនិងរាល់សម្លៀកបំពាក់នៅក្នុងខឿនវប្បធម៌ខ្មែរ។ ប្អូនស្រី ថាច់ធីង៉ា សមាជិកាក្លិបសិល្បៈចម្រៀងរាំខ្មែរវត្តបឹងក្រចាប់ថ្មី បាននិយាយ៖ "ខ្ញុំបានរៀនរាំតាមបងស្រីហូវ តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន រាល់ក្បាច់រាំប្រពៃណីនិងរបាំ គឺខ្ញុំបានចេះទាំងអស់។ ឥឡូវនេះ ឱ្យតែបងស្រីហូវ ទូរស័ព្ទហៅទៅសម្តែងក្នុងព្រឹត្តិការណ៍ ឬបម្រើនៅក្នុងវត្ត គឺខ្ញុំមានវត្តមានភ្លាម។ ដោយការបង្រៀនរបស់បងស្រីហូវ ទើបខ្ញុំបានចេះនិងមានមោទនភាពចំពោះរាល់ក្បាច់រាំប្រពៃណីរបស់ជនជាតិ។ រាល់ក្បាច់របាំបសុទ្ធតែមានសម្លៀកបំពាក់ខុសៗគ្នា រាល់សម្លៀកបំពាក់គ្រងឡើងគឺស្អាតខ្លាំងណាស់ មិនខុសអ្វីពីទេពអប្សរឡើយ ដូច្នេះខ្ញុំចូលចិត្តខ្លាំងណាស់"។ ប្អូនប្រុស ថាច់ភូគ្វី នៅឃុំត្រឹងដេ បាននិយាយ៖ "ខ្ញុំបានដឹងថាបងស្រីហូវ មកបង្រៀនរបាំនៅហាងតែទឹកដោះគោលេខ ១២៣ នៅភូមិបឹងបួយ ឃុំលីវទូ ដូច្នេះក៏បានសុំឪពុកម្តាយទៅរៀន។ ដោយសារខ្ញុំចូលចិត្តក្បាច់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់... ដូច្នេះខ្ញុំខំប្រឹងរៀន ហើយឥឡូវនេះខ្ញុំចេះរាំហើយ។ ខ្ញុំមានអារម្មណ៍ថាចូលចិត្តខ្លាំងណាស់ សប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំង។
ដើម្បីរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ ហូវនៅទាំងបើកទីតាំងជួលសម្លៀកបំពាក់ប្រពៃណីខ្មែរនៅសង្កាត់សុកត្រាំង។ រាល់ឈុតសម្លៀកបំពាក់ខ្មែរដែលភ្ញៀវទេសចរបានឆ្លងកាត់ការប្រើប្រាស់ មិនត្រឹមតែបំពេញតម្រូវការជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាពេលមកទស្សនានៅវត្តសំរោង។ ហូវបានចែករំលែក៖ "ខ្ញុំមានអារម្មណ៍ថាមានមោទនភាព និងមានសុភមង្គល ព្រោះបានសម្រេចនូវក្តីស្រមៃរបស់ខ្លួន។ ទីមួយគឺខ្ញុំបានបង្រៀនរបាំដល់យុវជនជំនាន់ក្រោយដែលជាកូនចៅជនរួមជាតិខ្មែរ ដើម្បីបន្តវេនគ្នាក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ជនជាតិ។ ទីពីរគឺខ្ញុំបើកបានហាងជួលសម្លៀកបំពាក់ខ្មែរ ក្នុងគោលបំណងជួយឱ្យភ្ញៀវទេសចរបានឆ្លងបទពិសោធន៍នូវរាល់សម្រស់ដ៏ស្រស់ស្អាតនៃសម្លៀកបំពាក់ប្រពៃណីនីមួយៗរបស់ជនរួមជាតិខ្មែរ ដែលប្រើប្រាស់ក្នុងឱកាសពិធីបុណ្យទាននិងក្នុងជីវភាពរស់នៅ។ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយ និងណែនាំដល់ភ្ញៀវទេសចរ និងបណ្តាជនជាតិបងប្អូនឱ្យបានដឹងអំពីសម្លៀកបំពាក់ ក៏ដូចជាវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ដែលបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ"។
ដោយសារតែទឹកចិត្តស្រឡាញ់ស្រុកកំណើត និងការអស់ពីចិត្តចំពោះវប្បធម៌ជនជាតិ កញ្ញាឡឹមធីហូវ កំពុងតែបំផុសទឹកចិត្តស្រឡាញ់ក្នុងស្រទាប់យុវវ័យជារៀងរាល់ថ្ងៃ។ រាល់ថ្នាក់បង្រៀនរាំនៅក្នុងវត្ត នៅក្នុងភូមិស្រុករបស់កញ្ញាហូវ បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ ដើម្បីឱ្យតម្លៃប្រពៃណីទាំងនេះបន្តបានពង្រីកជានិច្ចនិរន្តរ៍ក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ន៕
យ្វីអាញ - សុផន