ស្ថិតនៅឃុំថ្កូវ ខេត្តវិញឡុង វត្តកេតុសំរោងទងកល្បព្រឹក កោះស្លា មិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ ដិតដាមដោយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងជំនឿផ្លូវចិត្តផងដែរ។ ដោយមានស្ថាបត្យកម្មប្រពៃណីដ៏វិចិត្រ ព្រមទាំងទស្សនាព្រះចេតិយនិងអុជធូបរំលឹកព្រះវិញ្ញាណក្ខ័ន្ធវីរសមណៈទាំងពីរព្រះអង្គ៖ យ៉ឿងសុខនិងគឹមស៊ុមន៍ ហើយវត្តនេះបានក្លាយជាអាសយដ្ឋានដ៏សំខាន់មួយ ទាក់ទាញភ្ញៀវទេសចរ និងពុទ្ធបរិស័ទមកទស្សនា សិក្សាស្វែងយល់អំពីប្រវត្តិតស៊ូបដិវត្តន៍និងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។

ជ្រុងមួយនៃព្រះវិហារវត្តកោះស្លា។
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ វត្តកេតុសំរោងទងកល្បព្រឹក កោះស្លា គឺជាវត្ត ពុទ្ធសាសនាទក្ខិណនិកាយខ្មែរដ៏លេចធ្លោមួយនៅភូមិភាគ។ ដោយមានបរិយាកាសស្ងប់ស្ងាត់ ស្ថាបត្យកម្មដ៏វិចិត្រនិងតម្លៃប្រវត្តិសាស្ត្រដ៏មានអត្ថន័យ វត្តនេះបានក្លាយជាកន្លែងទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្ត។ មកកាន់វត្តកោះស្លា ភ្ញៀវទេសចរបានទាក់ទាញដោយសម្រស់ដ៏ស្រស់ត្រកាលនៃសំណង់ស្ថាបត្យកម្ម ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ លេចធ្លោនៅកណ្តាលបរិវេណវត្តគឺព្រះពុទ្ធបដិមាទ្រង់ផ្ចាញ់មារ បង្កបរិយាកាសស័ក្តិសិទ្ធិនិងស្ងប់ស្ងាត់។ សំណង់នានាក្នុងវត្តបានកសាងតាមរចនាបថប្រពៃណីខ្មែរ ដោយមានក្បាច់ចម្លាក់យ៉ាងប្រណីតនិងលម្អដោយក្បាច់ភ្ញីវល្លិ៍ដែលជាអត្តសញ្ញាណពិសេស នៃសិល្បៈខ្មែរតំបន់ណាមបូ។
វត្តកោះស្លា មិនត្រឹមតែជាកន្លែងអភិរក្សតម្លៃវប្បធម៌និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅខាងប្រវត្តិសាស្ត្រផងដែរ។ នៅក្នុងបរិវេណវត្ត មានព្រះចេតិយរំលឹកព្រះវិញ្ញាណក្ខន្ធវីរសមណៈទាំងពីរព្រះអង្គ យ៉ឿងសុខនិងគឹមស៊ុមន៍ ជាកុលបុត្រឆ្នើមរបស់ជនរួមជាតិខ្មែរ ដែលបានពលីព្រះជន្មយ៉ាងអង់អាច ក្លាហាន តស៊ូដើម្បីបុព្វហេតុរំដោះជាតិនៅសមរភូមិ វត្តចារុ៍ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ។ ព្រះចេតិយ បានបក្សនិងរដ្ឋកសាងនៅវត្តកោះស្លា ដើម្បីរំលឹកគុណូបការៈនិងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ព្រះវីរសមណៈទាំងពីរព្រះអង្គ។ ទីនេះក៏ជាកន្លែងអប់រំ និងបណ្តុះស្មារតីស្នេហាជាតិ ព្រមទាំងពង្រឹងសាមគ្គីជនជាតិដល់គ្រប់ជំនាន់។ ជារៀងរាល់ឆ្នាំ មានគណៈប្រតិភូ កម្មាភិបាល សិស្ស និស្សិត ពុទ្ធបរិស័ទនិងភ្ញៀវទេសចរជាច្រើន មកអុជធូបគោរពវិញ្ញាណក្ខន្ធ និងរំលឹកគុណ ព្រមទាំងសិក្សាស្វែងយល់អំពីការរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរក្នុងបុព្វហេតុ តស៊ូដើម្បីឯករាជ្យជាតិ។
សម្រាប់ភ្ញៀវទេសចរ ដំណើរមកកាន់វត្តកោះស្លាមិនត្រឹមតែទស្សនាកម្សាន្តនូវសំណង់ស្ថាបត្យកម្មដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីស្វែងយល់និងទទួលអារម្មណ៍យ៉ាងជ្រាល ជ្រៅអំពីតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រនៃតំបន់ដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍។ ក្នុងបរិយាកាស ដ៏ស្ងប់ស្ងាត់របស់វត្ត អ្នកទាំងឡាយកាន់តែយល់ច្បាស់និងកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរសដើម្បីបុព្វហេតុឯករាជ្យនិងសេរីភាព របស់មាតុភូមិ។
ដោយការរួមបញ្ចូលគ្នារវាងតម្លៃវប្បធម៌ ជំនឿផ្លូវចិត្តនិងប្រវត្តិសាស្ត្របដិវត្តន៍ វត្តកោះស្លា កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ក្នុងដំណើរស្វែងយល់អំពីទឹកដីវិញឡុង រួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរណាមបូដល់ភ្ញៀវទេសចរជិតឆ្ងាយ៕
ទីទុយ