ជាមួយនឹងបរិយាកាសបៃតងស្រស់ត្រកាល សកម្មភាពលេងកម្សាន្តជាច្រើន និងសេវាកម្មលម្ហែកាយដ៏សម្បូរបែប តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរនៅពេលមកដល់ខេត្តវិញឡុង។ នៅទីនេះនាំមកនូវបទពិសោធន៍លម្ហែកាយយ៉ាងស្រស់ស្រាយបែបធម្មជាតិដ៏បរិសុទ្ធ សមស្របសម្រាប់ដំណើរកម្សាន្ត សម្រាកលម្ហែកាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
ស្ថិតនៅសង្កាត់ឡុងឌឹក ខេត្តវិញឡុង តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា គឺជាគោលដៅធ្លាប់ដឹងឮរបស់ភ្ញៀវទេសចរជាច្រើនទាំងក្នុងនិងក្រៅខេត្ត។ ជាមួយបរិវេណដ៏ធំទូលាយ មានដើមឈើនិងទេសភាពជាច្រើន ដែលត្រូវបានវិនិយោគយ៉ាងសមស្រប ទីនេះបង្កបានបរិយាកាសស្រស់ស្រាយ ត្រជាក់ស្រួល ពិសេសគឺសមស្របសម្រាប់ថ្ងៃរដូវក្តៅស្អុះស្អាប់។


ភ្ញៀវទេសចរមកទស្សនាកម្សាន្តតំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា។
នៅពេលឈានជើងចូលទៅក្នុងតំបន់ទេសចរណ៍ ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ទទួលបាននូវបរិយាកាសដ៏បរិសុទ្ធ និងស្ងៀមស្ងាត់។ ជួរដើមឈើចោលម្លប់ត្រឈឹងត្រឈៃ រួមជាមួយទេសភាពដែលបានថែទាំយ៉ាងយកចិត្តទុកដាក់ បាននាំមកនូវអារម្មណ៍ធូរស្រាលក្នុងចិត្ត ជួយឱ្យភ្ញៀវទេសចរបំបាត់នូវក្តីកង្វល់ក្នុងជីវភាពការងារប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ហ្វិញខា ក្លាយជាជម្រើសរបស់គ្រួសារជាច្រើន ក្រុមយុវជន និងភ្ញៀវទេសចរដែលចង់ស្វែងរកបរិយាកាសសម្រាកលម្ហែកាយ នៅថ្ងៃចុងសប្តាហ៍ ឬក្នុងឱកាសឈប់សម្រាករយៈពេលខ្លី។
ចំណុចលេចធ្លោនៃតំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា គឺការរួមបញ្ចូលរវាងទម្រង់កម្សាន្តសប្បាយ ម្ហូបអាហារ និងការសម្រាក លម្ហែកាយ។ ភ្ញៀវទេសចរអាចនឹងចូលរួមសកម្មភាពជាច្រើនដែលសមស្របនឹងគ្រប់វ័យ រីករាយសប្បាយជាមួយសាច់ញាតិនិងមិត្តភក្តិ។ បរិយាកាសដ៏ធំទូលាយគឺជាឱកាសងាយស្រួល ដើម្បីចាត់តាំងសកម្មភាពជួបជុំសមូហភាព លើទីលាន ឬរាល់កម្មវិធីដោះដូរនៅខាងក្រៅ។



ជ្រុងមួយនៃបរិយាកាសហាងកាហ្វេ ម្ហូបអាហារបម្រើភ្ញៀវទេសចរតំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា។
ទន្ទឹមនឹងសកម្មភាពទស្សនាកម្សាន្ត តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា នៅមានប្រព័ន្ធអាងហែលទឹកសម្រាប់អ្នកពេញវ័យនិងកុមារ ឆ្លើយតបនឹងតម្រូវការលេងកម្សាន្តក្នុងថ្ងៃរដូវក្តៅ។ តំបន់ទេសចរណ៍ក៏មានចាត់តាំងថ្នាក់បង្រៀនហែលទឹកសម្រាប់កុមារ និងអ្នកដែលមានតម្រូវការរៀនហែលទឹក រួមចំណែកពីលទ្ធភាពការពារ និងប្រឆាំងការលង់ទឹក។ ក្រៅពីនេះ ភោជនីយដ្ឋាននៅក្នុងតំបន់ទេសចរណ៍មានបម្រើមុខម្ហូបយ៉ាងសម្បូរបែប ដែលមានរសជាតិប្រកបដោយលក្ខណៈតំបន់ភាគខាងលិច។ បន្ទាប់ពីទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ភ្ញៀវទេសចរអាចនឹងភ្លក់រសជាតិមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសដ៏ត្រជាក់ស្រួល ជិតស្និទ្ធនឹងធម្មជាតិ ព្រមទាំងទទួលបានអារម្មណ៍ដែលប្រកបដោយលក្ខណៈដ៏ពិសេសនៃវប្បធម៌ម្ហូបអាហារណាមបូ។


អាងហែលទឹកនៅតំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា ទាក់ទាញភ្ញៀវមកលេងកម្សាន្ត បំបាត់ភាពស្អុះស្អាប់ក្នុងថ្ងៃដែលក្តៅខ្លាំង។
មិនត្រឹមតែឆ្លើយតបនឹងតម្រូវការទស្សនាក្នុងមួយថ្ងៃប៉ុណ្ណោះទេ តំបន់ទេសចរណ៍អេកូឡូស៊ី ហ្វិញខា នៅមានតំបន់សម្រាកលម្ហែកាយដែលមានបរិយាកាសស្ងប់ស្ងាត់ សមស្របសម្រាប់អ្នកដែលចង់ស្វែងរកភាពស្ងប់រម្ងាប់ និងបំពេញថាមពលឡើងវិញ។ ការរួមបញ្ចូលយ៉ាងសមស្របរវាងធម្មជាតិ សេវាកម្មលេងកម្សាន្ត និងសម្រាកលម្ហែកាយ បានបង្កើតជាកម្លាំងទាក់ទាញដោយឡែក រួមចំណែកធ្វើឱ្យ ហ្វិញខា ក្លាយជាគោលដៅទេសចរណ៍អេកូឡូស៊ីមួយក្នុងចំណោមគោលដៅដែលបានអ្នកជាច្រើនជ្រើសរើស។
ជាមួយឧត្តមភាពនៃទេសភាព បរិស្ថានបរិសុទ្ធ និងប្រព័ន្ធសេវាកម្មសម្បូរបែប តំបន់ទេសចរណ៍អេកូឡូស៊ីហ្វិញខា មិនត្រឹមតែនាំមកនូវបទពិសោធន៍ដ៏ជក់ចិត្តសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យផលិតផលទេសចរណ៍របស់ខេត្តវិញឡុងកាន់តែមានភាពសម្បូរបែបថែមទៀតផង។ ទីនេះគឺជាកន្លែងសំចតគួរជាទីចាប់អារម្មណ៍ សម្រាប់អ្នកដែលចង់រួមរស់ជាមួយធម្មជាតិ រីករាយសម្រាកលម្ហែកាយ និងស្វែងយល់ពីសម្រស់នៃទឹកដីភាគខាងលិចដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌៕
ទីទុយ - លីសៀ