ផ្នែកធ្វើតែសនៃមន្ទីរពេទ្យពហុព្យាបាល ថាញវ៉ូវ Medic បាកលីវ ខេត្តកាម៉ាវ សម្រេចបានវិញ្ញាបនបត្រ ISO ១៥១៨៩:២០២២ ស្តង់ដារអន្តរជាតិស្តីពីគុណភាពបន្ទប់ធ្វើតែសវេជ្ជសាស្ត្រ ក្នុងវិស័យជីវគីមី និងលោហិតវិទ្យា។ នេះជាចំណុចគោលដ៏សំខាន់ក្នុងដំណើរការលើកកម្ពស់គុណភាពការធ្វើតែសរបស់មន្ទីរពេទ្យ ព្រមទាំងបើកឱកាសឱ្យប្រជាជនបានកៀកជិតសេវាធ្វើតែសតាមស្តង់ដារអន្តរជាតិភ្លាមៗនៅភូមិភាគ។
តាមការវាយតម្លៃរបស់សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ត្រឹងថាញ់វីញ ប្រធានផ្នែកជីវគីមីនៃមន្ទីរពេទ្យជើរ៉ៃ នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពធ្វើតែសវេជ្ជសាស្ត្រ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យឱសថសាស្ត្រ ទីក្រុងហូជីមិញ បានឱ្យដឹង ក្នុងវេជ្ជសាស្ត្រទំនើប មានជាង ៧០% សេចក្តីសម្រេចចិត្តព្យាបាលរបស់គ្រូពេទ្យ គឺមានការពាក់ព័ន្ធនឹងព័ត៌មានលទ្ធផលធ្វើតែស។ លទ្ធផលធ្វើតែសដ៏ត្រឹមត្រូវមួយ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើរោគវិនិច្ឆ័យជំងឺប៉ុណ្ណោះទេ ថែមទាំងរួមចំណែកតម្រង់ទិសព្យាបាលបានត្រឹមត្រូវតាំងពីដំបូង បង្កើនប្រសិទ្ធភាពថែទាំសុខភាព និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលមិនគួរកើតមានចំពោះអ្នកជំងឺ។ ហេតុដូច្នេះ ការទទួលបានវិញ្ញាបនបត្រ ISO ១៥១៨៩:២០២២ មិនត្រឹមតែជាវិញ្ញាបនបត្រជំនាញប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបង្ហាញពីសមត្ថភាពគ្រប់គ្រងគុណភាព សមត្ថភាពគ្រប់គ្រងហានិភ័យ និងភាពជឿជាក់នៃប្រព័ន្ធធ្វើតែសទាំងមូល។ សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ត្រឹងថាញ់វីញ មានប្រសាសន៍៖ “ISO ១៥១៨៩:២០២២ គឺជាស្តង់ដារអន្តរជាតិដែលមានលក្ខណឯកទេសខ្ពស់ សម្រាប់បន្ទប់ធ្វើតែសវេជ្ជសាស្ត្រ ជួយធានានូវភាពជាក់លាក់ ភាពជឿជាក់ និងសមត្ថភាពដំណើរការរុករកនៃលទ្ធផលធ្វើតែស។ ការអនុវត្តនិងរក្សាស្តង់ដារនេះ មិនត្រឹមតែលើកកម្ពស់គុណភាពជំនាញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធានាសុវត្ថិភាពអ្នកជំងឺ ជំរុញការតភ្ជាប់និងការទទួលស្គាល់លទ្ធផលធ្វើតែសរវាងមូលដ្ឋានសុខាភិបាលនានាផងដែរ”។

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀងធីខាញ់ត្រឹម ប្រគល់សេចក្តីសម្រេច និងប្រគល់វិញ្ញាបនបត្រជូនផ្នែកធ្វើតែស នៃមន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ បាកលីវ ខេត្តកាម៉ាវ។
យោងតាម អនុបណ្ឌិត វេជ្ជបណ្ឌិត ឡេណា ប្រធានផ្នែកធ្វើតែសនៃមន្ទីរពេទ្យពហុព្យាបាល ថាញវ៉ូវ Medic បាកលីវ ដើម្បីសម្រេចបានវិញ្ញាបនបត្រ ISO ១៥១៨៩:២០២២ ផ្នែកធ្វើតែសបានឆ្លងកាត់ដំណើរការធ្វើឱ្យសុក្រឹតគ្រប់ជ្រុងជ្រោយ តាំងពីប្រព័ន្ធគ្រប់គ្រង ដំណើរការជំនាញ មូលដ្ឋានសម្ភារៈ គ្រឿងឧបករណ៍ រហូតដល់ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ បច្ចុប្បន្ន ផ្នែកធ្វើតែសបានបំពាក់ប្រព័ន្ធម៉ាស៊ីនធ្វើតែសស្វ័យប្រវត្តទាំងស្រុង និងទំនើប ឆ្លើយតបនឹងវិស័យជំនាញជាច្រើន ដូចជា៖ ជីវគីមី លោហិតវិទ្យា ភាពស៊ាំនឹងរោគ អតិសុខុមជីវសាស្រ្ត...។ ប្រព័ន្ធជញ្ជូនគំរូវិភាគស្វ័យប្រវត្តត្រូវបានអនុវត្តដោយព្រមគ្នាៗ ជួយធ្វើដំណើរការទទួលនិងវិភាគគំរូ កាត់បន្ថយពេលវេលាប្រគល់លទ្ធផល ព្រមទាំងកាត់បន្ថយការខុសឆ្គងក្នុងការដឹកជញ្ជូន។
ចំពោះអ្នកជំងឺ ការដែលបន្ទប់ធ្វើតែសដំណើរការតាមស្តង់ដារ ISO ១៥១៨៩:២០២២ មានន័យថា ការដំណើរការទាំងស្រុងចាប់ពីការទទួលនិងវិភាគគំរូ រហូតដល់ការប្រគល់លទ្ធផល សុទ្ធតែបានគ្រប់គ្រងតាមប្រព័ន្ធគុណភាពយ៉ាងម៉ឺងម៉ាត់។ ជាពិសេស ក្នុងករណីជំងឺត្រូវធ្វើរោគវិនិច្ឆ័យ និងអន្តរាគមន៍ឱ្យបានឆាប់ ដូចជា៖ ជំងឺមហារីក ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ឬការឆ្លងមេរោគធ្ងន់ធ្ងរ ការទទួលបានលទ្ធផលធ្វើតែសដ៏ជាក់លាក់ និងទាន់ពេលវេលា គឺមានអត្ថន័យសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពព្យាបាល និងការព្យាករណ៍សម្រាប់អ្នកជំងឺ។
.jpg)
មជ្ឈមណ្ឌលតម្រងនោម និងបន្សុទ្ធឈាម របស់មន្ទីរពេទ្យ ក៏សម្រេចបានវិញ្ញាបនបត្រ ISO ៩០០១:២០១៥ បម្រើការបានល្អដល់អ្នកជំងឺតម្រងនោម។
អនុបណ្ឌិត វេជ្ជបណ្ឌិត ដាំងង៉ុកថេ នាយកមន្ទីរពេទ្យពហុព្យាបាល ថាញវ៉ូវ Medic បាកលីវ ខេត្តកាម៉ាវ បានចែករំលែក៖ ការទទួលបានវិញ្ញាបនបត្រ ISO ១៥១៨៩:២០២២ មិនត្រឹមតែជាមោទនភាពរបស់ផ្នែកធ្វើតែសប៉ុណ្ណោះទេ ថែមទាំងជារបត់ដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍គុណភាពគ្រប់ជ្រុងជ្រោយរបស់ ថាញវ៉ូវ Medic។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យក៏សម្រេចបានវិញ្ញាបនបត្រ ISO ៩០០១:២០១៥ សម្រាប់មជ្ឈមណ្ឌលតម្រងនោម និងបន្សុទ្ធឈាម ទទួលបានរង្វាន់មាស ESO/WSO Angels Awards ក្នុងការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ហើយកំពុងជាជំហានៗ អនុវត្តស្តង់ដារគុណភាពតាមទិសដៅរបស់ ACHSI។ បណ្តាមូលដ្ឋានគ្រឹះទាំងនេះ រួមចំណែកបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពព្រមៗគ្នា ឆ្ពោះទៅរកការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងប្រសិទ្ធភាពព្យាបាល។
នាពេលខាងមុខ មន្ទីរពេទ្យពហុព្យាបាល ថាញវ៉ូវ Medic បាកលីវ នឹងបន្តវិនិយោគបច្ចេកវិទ្យាទំនើប អភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការជំនាញ និងរក្សាការកែលម្អជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មឥតឈប់ឈរ។ ផ្អែកលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងគុណភាពដែលបានអនុវត្ត មន្ទីរពេទ្យកំពុងអនុវត្តជាជំហានៗដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍តាមបទដ្ឋានអន្តរជាតិ ឱ្យក្លាយជាមន្ទីរពេទ្យសម្រេចស្តង់ដារអន្តរជាតិ បំពេញតម្រូវការថែទាំសុខភាពរបស់ប្រជាជនពីមួយថ្ងៃកាន់តែល្អប្រសើរឡើង៕
យ្វីអាញ-ត្រឹងរ៉ូន