កម្មវិធី “ទូទាំងប្រជាជនហ្វឹកហាត់កីឡាអប់រំកាយ” និងវគ្គបណ្តុះបណ្តាលហែលទឹកសង្គ្រោះមនុស្សលង់ទឹក សម្រាប់គ្រូបង្វឹក និងមគ្គុទ្ទេសក៍ហែលទឹក ឆ្នាំ២០២៦ អាស្រ័យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការអូឡាំពិកវៀតណាមចាត់តាំង បានរួមចំណែកលើកកម្ពស់គុណភាពចលនាកីឡាអបរំកាយនៅមូលដ្ឋាន បង្កទម្លាប់ហាត់ប្រាណក្នុងសហគមន៍ និងឆ្ពោះដល់ទិសដៅកសាងសហគមន៍មានសុខភាពល្អ និងសុវត្ថិ ភាព។

ដោយមានកម្មាភិបាល សិស្ស និស្សិត និងប្រជាជនជាង ១.៥០០ នាក់ ចូលរួមរត់ប្រណាំង គាំទ្រកម្មវិធី។
កម្មវិធី “ទូទាំងប្រជាជនហាត់កីឡាអប់រំកាយ” ឆ្នាំ២០២៦ បានប្រព្រឹត្តឡើងនៅទីលានឃុំតឹងហ្វា បានទាក់ទាញកម្មាភិបាល បុគ្គលិក សិស្ស និស្សិត និងប្រជាជនជាង ១.៥០០ នាក់ មកពីឃុំ សង្កាត់នានាក្នុងទីក្រុងកឹងធើចូលរួម។ ជាមួយជំហានរត់រួមគ្នា សកម្មភាពដោះដូរនិងហាត់ប្រាណសមូហភាព បានបង្កការចងសម្ព័ន្ធភាពក្នុងសហគមនៅទីលានដ៏ធំ។
ការចូលរួម របស់ប្រជាជនយ៉ាងកុះករ បានបង្ហាញឱ្យឃើញថា ការធ្វើចលនា និងហាត់ប្រាណដើម្បីសុខភាព បានក្លាយជាតួនាទីដ៏សំខាន់នៃតម្រូវការក្នុងជីវភាពរស់នៅ។ លោកង្វៀងវ៉ុាំងជីវ ប្រជាជននៅឃុំតឹងហ្វា បានចែករំលែក៖ “ ជាយូរមកហើយ ខ្ញុំតែងតែរក្សាការហាត់ប្រាណជារៀងរាល់ព្រឹក ប៉ុន្តែនេះជាលើកដំបូង ដែលបានចូលរួមក្នុងសកម្មភាពរត់ដែលមានច្រើនអ្នកចូលរួម កុះករ ដូច្នេះ ខ្ញុំមានអារមណ៍រំភើបយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា ភូមិភាគនឹងចាត់តាំងកម្មវិធីបែបនេះកាន់តែច្រើនលើកជាងទៀត ដើម្បីឱ្យប្រជាជនមានទីលានកម្សាន្តដ៏មានប្រយោជន៍”។
ផ្តើមពីព្រឹត្តិការណ៍កីឡាសហគមន៍មួយនេះ កម្មវិធី បានបង្កើតនូវឥទ្ធិពលវិជ្ជមានអំពីការយល់ដឹង ជំរុញឱ្យប្រជាជនម្ចាស់ការក្នុងការថែទាំសុខភាព ឆ្លងតាមការហាត់ប្រាណពង្រឹងរាងកាយ។ លោកឡឹមថាញ់យុង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ មានប្រសាសន៍៖ ប៉ុន្មានឆ្នាំកន្លង ចលនាអប់រំកាយ និងកីឡាមហាជននៅលើភូមិឋានទីក្រុង នៅតែបន្តការអភិវឌ្ឍន៍ ដោយមានក្លិបជាច្រើន មានទីតាំងហ្វឹកហាត់ និងការប្រកួតកីឡានៅមូលដ្ឋានបានចាត់តាំងឡើងជាប្រចាំ។ ការចាត់តាំងសកម្មភាពមានទ្រង់ទ្រាយធំ បានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីតួនាទី សារៈសំខាន់នៃការហាត់ប្រាណ ពង្រឹងកាយសម្បទា តាមរយៈនោះ អនុវត្តមានប្រសិទ្ធភាពនូវចលនា "ទូទាំងប្រជាជនហ្វឹកហាត់រាងកាយតាមគំរូ លោកប្រធានហូជីមិញដ៏អស្ចារ្យ"។
ទន្ទឹមនឹងការលើកទឹកចិត្តឱ្យប្រជាជនធ្វើចលនា គណៈកម្មាធិការអូឡាំពិកវៀតណាម បានសហការចាត់តាំងវគ្គបណ្តុះបណ្តាលហែលទឹកសង្គ្រោះជីវិត សម្រាប់គ្រូបង្វឹក និងមគ្គុទ្ទេសក៍ហែលទឹកផងដែរ។ មានសិក្ខាកាមជិត ១០០ នាក់ ជាកម្មាភិបាលទទួលបន្ទុកកីឡាឃុំ សង្កាត់ គ្រូបង្រៀនអប់រំកាយ និងបុគ្គលិកអាងហែលទឹក ត្រូវបានបំពាក់បំប៉ននូវចំណេះដឹងអំពីការកសាងកម្មវិធីហែលទឹកសុវត្ថិភាព បំណិនបង្ការ និងទប់ស្កាត់ការលង់ទឹក វិធីសាស្ត្របង្រៀនហែលទឹក និងការសង្គ្រោះដំបូងចំពោះអ្នកលង់ទឹក។
លោកផាមវ៉ុាំងហ្វី គ្រូបង្រៀនអប់រំកាយនៅសាលាបឋមសិក្សាវិញវៀង១ ឃុំវិញវៀង ឱ្យដឹង៖ យើងខ្ញុំបានណែនាំអំពីចំណេះដឹងមូលដ្ឋានអំពីការបង្ការ និងទប់ស្កាត់ការលង់ទឹក បច្ចេកទេសសង្គ្រោះដំបូង និងភាពជឿជាក់ក្នុងការអនុវត្តបំណិនផ្សេងៗក្នុងទឹក។ នេះគឺជាបទពិសោធន៍ដ៏មានប្រយោជន៍ ដើម្បីផ្សព្វផ្សាយការងារបង្រៀនហែលទឹក និងការឃោសនាបង្ការ ទប់ស្កាត់ការលង់ទឹកដល់សិស្សានុសិស្សនៅក្នុងសាលា ប្រកបដោយប្រសិទ្ធភាព។
យោងតាមគណៈកម្មាធិការអូឡាំពិកវៀតណាម ទីក្រុងកឹងធើ ត្រូវបានជ្រើសរើសជា "ទីតាំង" ទី១៦ ក្នុងចំណោមសកម្មភាពទាំង ៣០ នៃកម្មវិធី "ទូទាំងប្រជាជនហាត់កីឡាអបរំកាយ" ទូទាំងប្រទេសឆ្នាំ២០២៦។ នេះជាការទទួលស្គាល់ចំពោះលទ្ធផលដែលទីក្រុងកឹងធើសម្រេចបាន ក្នុងការអភិវឌ្ឍចលនាកីឡាមហាជន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕
ហុងញ៉ុង -ត្រឹងរ៉ូន