ជាមួយស្មារតីព្យាយាម វាងវៃ និងមិនបង្អង់ច្នៃប្រឌិត ពូដាំងថាញវៀត នៅមណ្ឌល៥ សង្កាត់កៃរាំង ទីក្រុងកឹងធើ បានកសាងសម្រេចជោគជ័យទម្រង់ដាំត្រសក់អនុវត្តបច្ចេកទេសធ្វើទ្រើងសំណាញ់គួបផ្សំផ្ទាំងគ្របកសិកម្ម។ ទម្រង់នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្លាយជាទម្រង់លេចធ្លោដើម្បីកសិករដទៃទៀតទស្សនានិងរៀនសូត្រតាម។

ចំការត្រសក់របស់ពូដាំងថាញ់វៀត (អ្នកអង្គុយ) តែងខៀវស្រស់ ផ្តល់ទិន្នផលខ្ពស់។
មុននេះ ក៏ដូចជាគ្រួសារកសិករជាច្រើនទៀតនៅសង្កាត់កៃរាំង ពូវៀតធ្វើស្រែ៣រដូវក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែតែងជួបការ “បានផលមិនបានថ្លៃ” រួមជាមួយថវិកាផលិតកើនខ្ពស់ បណ្តាលឱ្យប្រាក់ចំណូលមិនស្ថិរភាព។ ឆ្លងតាមការទស្សនា ស្វែងយល់បណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពនៅភូមិភាគនានា ពូវៀតឃើញត្រសក់ជាប្រភេទដំណាំខ្លីថ្ងៃ ងាយដាំ តម្លៃក៏លំនឹង ម្ល៉ោះហើយនៅឆ្នាំ២០១០ ពូចាប់ផ្តើមពិសោធន៍ទម្រង់នេះ។
សព្វថ្ងៃ ផ្ទៃដី ៨,៥ កុងរបស់គ្រួសារ ពូវៀតដាំត្រសក់៣រដូវក្នុងមួយឆ្នាំ។ ដោយអនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងការថែទាំមត់ចត់ ចំការត្រសក់រីកលូតលាស់ល្អ រាល់ថ្ងៃផ្គត់ផ្គង់ឱ្យទីផ្សារពី ២០០ គីឡូក្រាមដល់ជាង ១ តោន តម្លៃលក់ផ្ទាល់នៅចំការប្រហែល ៦.០០០-១០.០០០ ដុង/គីឡូក្រាម។ ទម្រង់នាំមកប្រភពចំណូលស្ថិរភាពដល់គ្រួសារខ្ពស់ជាងច្រើនដងប្រៀបនឹងផលិតស្រូវ។
ជោគជ័យរបស់ពូវៀត គឺស្មារតីហ៊ានគិត ហ៊ានធ្វើ ពេលប្តេជ្ញាអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការដាំដុះ។ ជំនួសឱ្យការដាំត្រសក់តាមបែបប្រពៃណី ធ្វើទ្រើងពីដើមបបុស គឺពូវៀតប្រើប្រាស់ផ្ទាំងគ្របកសិកម្មគួបផ្សំធ្វើទ្រើងដោយសំណាញ់។
ពូវៀតចែករំលែក៖ “ផ្ទាំងគ្របជួយរក្សាសំណើមឱ្យដី បន្ថយស្មៅនិងការហូរជី ឯសំណាញ់ជួយត្រសក់ច្បាមជាប់ ទទួលបានពន្លឺព្រះអាទិត្យច្រើនជាង។ តាំងពីនោះ ផ្លែត្រសក់ត្រង់ស្អាត។ សំខាន់ដាំត្រសក់តាមវិធីថ្មី ទិន្នផលកើនឡើងគួរកត់សម្គាល់ មិនសូវបង់កម្លាំងថែទាំ ប្រឹតសំចៃថវិកាវិនិយោគ”។
ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំដាំត្រសក់នៅដីស្រែ តាមពូវៀត ដើម្បីត្រសក់សម្រេចទិន្នផលខ្ពស់ ត្រូវជ្រើសពូជត្រសក់គុណភាពខ្ពស់ ជំនះជំងឺដង្កូវ ទ្រាំបានកម្ដៅនិងផ្តល់ផ្លែច្រើន។ មុនពេលចុះពូជ ត្រូវធ្វើដីនិងហាលដីដើម្បីកម្ចាត់ពន្លកជំងឺ ក្រោយមកលើករងឱ្យខ្ពស់ បាច់ជីធម្មជាតិ ក្រាលផ្ទាំងគម្រប ចោះរន្ធចុះពូជ។
តាមពូវៀត ដំណាំត្រសក់ច្រើនមានជំងឺមួយចំនួនដូច ផ្សិតស ស្វិតទង និងបណ្តាប្រភេទសត្វបំផ្លាញដូចទ្រីប ដង្កូវគូរយន្ត ទើបអ្នកដាំត្រូវឧស្សាហ៍មើលថែចំការ ប្រទះឃើញទាន់ពេលនិងវិនិច្ឆ័យជំងឺដង្កូវឱ្យបានឆាប់ ទន្ទឹមនោះធានាមត់ចត់រយៈពេលផ្តាច់ប្រើថ្នាំ មុនពេលប្រមូលផល ដើម្បីផលិតផលដល់ដៃអ្នកប្រើប្រាស់តែងជ្រះស្អាត សុវត្ថិភាព។
ជោគជ័យរបស់ពូដាំងថាញវៀត មិនត្រឹមជាអំណោយផលនៃការព្យាយាម ថែមទាំងជាសក្ខីភាពនៃការផ្លាស់ថ្មី ច្នៃប្រតិដ្ឋរបស់កសិករកឹងធើក្នុងសម័យថ្មី។ ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ស្ថិរភាព ពូវៀតមានបំណងអនុវត្តការផលិតទៅតាមអភិក្រមស្តង់ដារសុវត្ថិភាពជីវសាស្ត្រ ទន្ទឹមនោះពូតែងជំនួយបច្ចេកទេសដល់កសិករណាដែលចង់បង្វែរពូជដំណាំ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាព៕
ខាកវៀត- ចន្ថា