ដោយមោះមុតអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត ព្រមទាំងរកច្រកចេញទីផ្សារបានលំ នឹងកសិករអ្នកដាំឪឡឹកនៅឃុំវិញហាយ ទីក្រុងកឹងធើ ញញឹមបិទមាត់មិនជិតដោយសារឪឡឹកផ្ដល់ទិន្នផលខ្ពស់ លក់បានថ្លៃនិងទទួលបានប្រាក់ចំណេញច្រើន។

ប្រសិទ្ធភាពពីទម្រង់ដាំឪឡឹកនៅវិញហាយ។
ឃុំវិញហាយ មានផ្ទៃដីដាំឪឡឹកជាង ២០០ ហិកតា ហើយផ្ទៃដីនេះមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រសិទ្ធភាពនៃដំណាំឪឡឹក គឺជួយឱ្យប្រជាជនមានប្រាក់ចំណូលលំនឹង។ ឪឡឹកជាប្រភេទដំណាំមានរយៈពេលលូតលាស់ខ្លី ដោយគ្រាន់តែចំណាយពេលត្រឹមតែប្រមាណពី ៦០-៧០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបាន។ បច្ចុប្បន្ន តម្លៃឪឡឹកដែលឈ្មួញចុះទិញដល់ចម្ការមានតម្លៃពី ៤.០០០-៥.០០០ ដុងក្នុងមួយគីឡូក្រាមទៅតាមប្រភេទឪឡឹក ចំពោះតម្លៃនេះកសិករធានាថាមានចំណេញ។ ដើម្បីធានាបាននូវការផ្គត់ផ្គង់និងមានទីផ្សារលក់ផលិតផលប្រកបដោយស្ថិរភាព រដ្ឋអំណាចភូមិភាគបានបំផុសចលនាឱ្យកសិករចូលរួមបង្កើតជាក្រុមសហការ។ បច្ចុប្បន្ន ក្រុមសហការដាំឪឡឹកដំបូងគេបង្អស់នៅភូមិមីថាញ់ បានបង្កើតឡើងដែលមានសមាជិកជាង ២០ នាក់ មានលោកហ្វិញថាញ់ឡុង ជាប្រធានក្រុមនិងមានផ្ទៃដីដាំដុះជាង ២ ហិកតា។ ទន្ទឹមនឹងនោះ ក្រុមសហការក៏បានចុះកិច្ចសន្យាជាមួយឈ្មួញប្រមូលទិញឪឡឹក ដើម្បីធានាទីផ្សារលក់ចេញលំនឹង ជួយដល់សមាជិកទាំងអស់ស្ងប់អារម្មណ៍ក្នុងការផលិត។ លោកហ្វិញថាញ់ឡុង ប្រធានក្រុមសហការដាំឪឡឹកភូមិមីថាញ់ បានឱ្យដឹង៖ បច្ចុប្បន្ន សមាជិកទាំងអស់នៅក្នុងក្រុមសហការ សុទ្ធតែប្រើប្រាស់ប្រព័ន្ធស្រោចស្រពទុយោស្រក់ និងប្រព័ន្ធបាញ់ទឹកសន្សើម ដើម្បីបន្ថយកម្លាំងពលកម្ម ប្រិតសំចៃទឹក តែដំណាំនៅតែលូតលាស់បានល្អ។ បច្ចុប្បន្ន តម្លៃឪឡឹកនៅលើទីផ្សារជាមធ្យមតម្លៃប្រមាណ ៥.០០០ ដុងក្នុងមួយគីឡូក្រាម ហើយមធ្យម ក្នុងមួយកុង ប្រមូលផលបានប្រមាណ ៥ តោន ក្រោយពីចំណាយរួចរាល់នៅចំណេញពី ១០-១៥ លានដុង។
បងលីថែម សមាជិកក្រុមសហការដាំឪឡឹកនៅភូមិមីថាញ់ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដាំឪឡឹក ហើយបច្ចុប្បន្នជីវភាពបានធូរធារ។ ជាមួយនឹងផ្ទៃដីជាង២កុង បងថែមបានដាំឪឡឹកក្នុងមួយឆ្នាំ ២ រដូវ ដោយដាំឆ្លាស់ជាមួយខ្ទឹមក្រហម ដើម្បីកែលម្អដីផងនិងបង្កើនចំណូលលើផ្ទៃដីតែមួយនោះផង។ បងថែម បានសម្រេចចិត្តវិនិយោគលើប្រព័ន្ធស្រោចស្រពទុយោស្រក់ ធ្វើឲ្យដំណាំលូតលាស់បានល្អ ធានាបានផ្លែធំនិងមានរសជាតិផ្អែម ហេតុនេះទើបឈ្មួញចូលចិត្តទិញនិងលក់បានតម្លៃខ្ពស់។ បងថែម ឱ្យដឹង៖ “ដោយសារការអនុវត្តប្រព័ន្ធស្រោចស្រពទុយោស្រក់ បានជួយប្រិតសំចៃទឹក បន្ថយបានសត្វល្អិតបំផ្លាញនិងកម្លាំងពលកម្ម ប៉ុន្តែដំណាំនៅតែលូតលាស់បានល្អ។ រដូវនេះ បន្ទាប់ពីប្រមូលផលឪឡឹកនិងទូទាត់ការចំណាយរួចរាល់ ខ្ញុំរកបានប្រាក់ចំណេញជាង ៤០ លានដុង”។
លោក ផាងមិញញ៉ា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ ឱ្យដឹង៖ “ប្រសិទ្ធភាពនៃក្រុមសហការ គឺកសិករមោះមុតអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកទេសក្នុងការផលិត ហេតុនេះហើយទើបផ្លែឪឡឹកមានរូបរាងស្អាត ធំនិងផ្អែម ធ្វើឱ្យឈ្មួញមានការពេញចិត្តយ៉ាងខ្លាំង។ ជាពិសេស ក្រុមសហការបានចុះកិច្ចសន្យាជាមួយឈ្មួញក្នុងការប្រមូលទិញ ដូច្នេះច្រកចេញនៃផលិតផលបានលំនឹងនិងទទួលបានប្រាក់ចំណេញខ្ពស់។ នៅពេលខាងមុខ ឃុំនឹងពង្រីកទម្រង់ក្រុមសហការនេះ និងជំនួយបច្ចេកទេស ដាំដុះតាមបែបសរីរាង្គ។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធក្នុងការលក់ផលិតផលនិងជួយឱ្យកសិករមានប្រាក់ចំណូលលំនឹង មានជីវភាពធូរធារពីផ្លែឪឡឹក”៕
យ្វីអាញ់-ដាលីន