ចុងខែឧសភាកន្លងហើយ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដាក់ចេញនូវផែនការអនុវត្តការរៀបចំ និងចាត់តាំងឡើងវិញនូវភូមិ មណ្ឌល នៅលើភូមិដ្ឋានទីក្រុង ឆ្នាំ២០២៦។ នៅឃុំថាញថើយអាង ការងារនេះកំពុងបានអនុវត្តយ៉ាងមមាញឹក ប្រជាធិបតេយ្យ និងទទួលបានការឯកភាពខ្ពស់ពីសំណាក់ប្រជាជន។
ឆ្លងកាត់ការត្រួតពិនិត្យជំហានដំបូង ប្រជាជនភាគច្រើនបានសម្តែងនូវការឯកភាពខ្ពស់ចំពោះវិធានការរៀបចំនេះ។ នេះជាលក្ខខណ្ឌងាយស្រួលដ៏សំខាន់ ដើម្បីភូមិភាគបន្តអនុវត្តជំហានបន្ទាប់ឱ្យត្រូវតាមល្បឿនពេលវេលាដែលបានកំណត់។ តាមការពិនិត្យឡើងវិញរបស់ឃុំថាញថើយអាង នៅលើភូមិដ្ឋានឃុំមាន ១៧ ភូមិ ហើយរំពឹងថានឹងបន្ថយមកនៅត្រឹម ១២ ភូមិ តែប៉ុណ្ណោះ។ ដើម្បីអនុវត្តភារកិច្ចនេះ គណៈកម្មាធិការប្រជាជនឃុំបានបង្កើតគណៈចង្អុលការ និងក្រុមជំនួយការជំនាញ។ ទន្ទឹមនឹងនោះ ប្រគល់ភារកិច្ចជូនផ្នែកវប្បធម៌-សង្គម ធ្វើជាអង្គភាពប្រចាំការ និងធ្វើសេនាធិការក្នុងការកសាងគម្រោងមេ និងចាត់តាំងអនុវត្តជំហានបន្ទាប់ស្របតាមបទប្បញ្ញត្តិ។ លោក ផាងវិញទុង លេខាបក្សឃុំ ប្រធានក្រុមប្រឹក្សាប្រជាជនឃុំថាញថើយអាង បានឱ្យដឹង៖ “ដើម្បីការប្រមូលមតិយោបល់ពីគ្រួសារប្រជាជនប្រព្រឹត្តទៅដោយបរានុម័ត និងត្រឹមត្រូវតាមបទប្បញ្ញត្តិ ឃុំថាញថើយអាង បានបង្កើតក្រុមក្តាប់យកមតិចំនួន ១០ ក្រុម ដោយប្រធានគណៈការងាររណសិរ្សភូមិធ្វើជាប្រធានក្រុម; ព្រមទាំងបង្កើតគណៈប្រតិភូការងារចំនួន ៥ ក្រុម ដើម្បីណែនាំ ត្រួតពិនិត្យ និងឃ្លាំមើលដំណើរការអនុវត្ត។ ចំពោះការក្តាប់យកមតិយោបល់ គឺយើងខ្ញុំអនុវត្តត្រឹមត្រូវតាមផែនការ និងបូកសរុបមតិយោបល់របស់ប្រជាជន។ បន្ទាប់មក យើងខ្ញុំរបាយការណ៍ជូនគណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការបក្ខភាគឃុំតាមលក្ខន្តិកៈការងារ ដើម្បីត្រៀមនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ឬថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនឃុំដាក់ចេញនូវសេចក្តីសម្រេចតាមសមត្ថកិច្ច ហើយរហូតដល់ថ្ងៃទី ៣០ យើងខ្ញុំនឹងប្រកាសជាសាធារណៈ បន្ទាប់មកធ្វើរបាយការណ៍ជាផ្លូវការផ្ញើទៅកាន់ទីក្រុងតាមកិច្ចចង្អុលការ ដើម្បីសម្រេចការងារបញ្ចូលភូមិនៅលើភូមិដ្ឋាន”។

គណៈប្រជាជនភូមិតៀងកឿង ១ ចែកសន្លឹកឆ្នោតយកមតិយោបល់របស់ប្រជាជនអំពីការបញ្ចូលភូមិ។
គោលការណ៍រៀបចំ និងចាត់តាំងឡើងវិញនូវភូមិ ទទួលបានការឯកភាពយ៉ាងឆាប់រហ័សពីប្រជាជន។ លោក ថាច់សិល អាយុជិត ៨០ ឆ្នាំ នៅភូមិថាញញ៉ាង បានឱ្យដឹង៖ “ក្រោយពីកិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ខ្ញុំបានថ្នាក់ដឹកនាំឃុំផ្សព្វផ្សាយ និងពន្យល់ពីខ្លឹមសារគោលការណ៍របស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋស្តីពីការអនុវត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ក៏ដូចបើកទូលាយទំហំគ្រប់គ្រង ព្រមទាំងវិនិយោគកសាងផ្លូវ សាលារៀន មណ្ឌលសុខភាព និងអនុវត្តអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចផ្សេងៗ បានមាមីងគាំទ្រយ៉ាងខ្លាំង។ កាលពីដំបូង ពេលឮថានឹងត្រូវបញ្ចូលភូមិ មាមីងក៏មានការបារម្ភ ខ្លាចថាទៅថ្ងៃមុខការធ្វើលិខិតស្នាមនឹងមានភាពស្មុគស្មាញ។ ប៉ុន្តែពេលបានកម្មាភិបាលឃុំ ភូមិ ចុះមកពន្យល់ណែនាំច្បាស់លាស់ គឺរដ្ឋអំណាចនឹងជួយជ្រោមជ្រែងជាអតិបរមា ម្យ៉ាងទៀតឃើញថាការបញ្ចូលភូមិជួយឱ្យភូមិកាន់តែអភិវឱ្ឍ ការវិនិយោគធ្វើផ្លូវថ្នល់ ស្ពានក៏ងាយស្រួលជាង ហេតុនេះខ្ញុំនិងក្រុមគ្រួសារឯកភាពគាំទ្រ ១០០%”។
តាមវិធានការដែលបានគ្រោងទុក ភូមិទៀងកឿង ១ នឹងបញ្ចូលជាមួយភូមិទៀងកឿង ២ ដើម្បីបង្កើតជាភូមិថ្មីមួយឈ្មោះថា ភូមិទៀងកឿង។ ដើម្បីត្រៀមលក្ខណៈឱ្យការងារយកមតិម្ចាស់ឆ្នោត និងគណៈប្រជាជនភូមិ។ ភូមិទៀងកឿង ១ បានធ្វើការពិនិត្យឡើងវិញនូវចំនួនគ្រួសារប្រជាជន ត្រៀមឆ្នោតយកមតិនិងជំរុញខ្លាំងក្លាការផ្សព្វផ្សាយដើម្បីឱ្យប្រជាជនយល់ច្បាស់ពីគោលបំណង និងអត្ថន័យនៃការរៀបចំនេះ។ លោក ហ្វិញវ៉ាំងភឿង ប្រធានប្រជាជនភូមិតៀងកឿង១ បានមានប្រសាសន៍៖ “យើងខ្ញុំបានត្រៀមរៀបចំសន្លឹកឆ្នោត ពិនិត្យឡើងវិញដើម្បីឱ្យមាមីងជ្រើសរើស យល់ព្រម ឬមិនយល់ព្រម បន្ទាប់មកទើបប្រគល់ជូនឃុំដើម្បីឱ្យឃុំធ្វើការវាយតម្លៃ។ តាមការណែនាំរបស់ឃុំ គឺត្រូវសម្រេចពី ៥០% ឡើងទៅ ទើបគ្រប់លក្ខខណ្ឌតាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ យោងតាមមតិយោបល់ដែលមាមីងទើបពិនិត្យជ្រើសរើស ឃើញថាមាមីងឯកភាពគាំទ្រ ១០០%”។

គណៈប្រជាជនភូមិថាញញ៉ាង ស្ទង់មតិយោបល់របស់ប្រជាជនអំពីការបញ្ចូលភូមិ។
លោក ផាងវិញទុង បានឱ្យដឹងបន្ថែម គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ បានកំណត់ថានេះជាភារកិច្ចនយោបាយស្នូល។ យើងខ្ញុំបានចង្អុលការដល់កម្លាំងនានាឱ្យច្បាមមូលដ្ឋាន យកចិត្តទុកដាក់ស្ដាប់មតិនិងបំណងប្រាថ្នារបស់មាមីង។ ក្រោយពីបញ្ចូលរួច ឃុំនឹងផ្តោតលើវិធានការរៀបចំផែនការបុគ្គលិក ព្រមទាំងបង្កលក្ខណៈងាយស្រួលបំផុត មិនទុកឱ្យការផ្លាស់ប្តូរលិខិតស្នាមប៉ះពាល់ដល់ជីវភាព និងការផលិតរបស់ប្រជាជនឡើយ។
ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់ពីប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការឯកភាពពីប្រជាជន ការងាររៀបចំនិងចាត់តាំងឡើងវិញភូមិនានានៅឃុំថាញថើយអាង កំពុងបានអនុវត្តត្រឹមត្រូវតាមដំណើរការ។ គោលការណ៍រៀបចំភូមិ និងមណ្ឌលឡើងវិញនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋនៅមូលដ្ឋាន បង្កជាមូលដ្ឋានគ្រឹះដើម្បីភូមិភាគអភិវឌ្ឍន៍ឆាប់ និងប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី៕
ដាលីន-វ៉ាន់តឹន