ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/06/2026 - 16:12

យុវ​ជន​កឹង​ធើ បើក​ព្រមៗ​គ្នា​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល ឆ្នាំ​២០២៦ 

ចូល​រួម​បរិ​យា​កាស​ដែល​យុវ​ជន​ទូ​ទាំង​ប្រ​ទេស សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​នៅ​ទី​ក្រុង​កឹង​ធើ បាន​បើក​ព្រមៗ​គ្នា​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល ឆ្នាំ​២០២៦ ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារ​តី​ទទួល​ខុស​ត្រូវ​និង​ភាព​រវៀស​រវៃ​ដើម្បី​សហ​គមន៍។

 ពិធី​បើក​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល ឆ្នាំ​២០២៦។

គាំ​ទ្រ​ពិធី​បើក​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល ឆ្នាំ​២០២៦ អា​ស្រ័យ​សម័្ពន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​បំ​ផុស សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​ចំ​នួន ១១៨ នៅ​តាម​ឃុំ សង្កាត់​ចំ​នួន ១០៣ បាន​អនុ​វត្ត​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន សម​ស្រប​ទៅ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​និង​អង្គ​ភាព​នី​មួយៗ។ តាំង​ពី​ថ្ងៃ​ដំ​បូង សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​បាន​អនុ​វត្ត​ព្រមៗ​គ្នា ទូ​លំ​ទូ​លាយ ទាក់​ទាញ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ជា​ច្រើន​ចូល​រួម បង្ក​ការ​រីក​សាយ​ភាយ​ជា​វិជ្ជ​មាន​ក្នុង​សហ​គមន៍។

ចាប់​ពី​តំ​បន់​មជ្ឈ​មណ្ឌល​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន បាន​ផ្ដោត​លើ​ការ​អនុ​វត្ត​សំ​ណង់​និង​ផ្នែក​ការ​ងារ​ជាក់​ស្តែង ផ្សារ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម កសាង​ទី​ក្រុង​ស៊ី​វិល័យ​និង​ជន​បទ​ថ្មី។ ចំ​ណុច​សំ​ខាន់​គឺ ការ​ក​សាង​ដង​ផ្លូវ “ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត” ដោះ​ស្រាយ​ទី​តាំង​ប្រ​ឈម​នឹង​បញ្ហា​សំ​រាម ការ​ចូល​រួម​ការ​ពា​រប​រិស្ថាន គាំ​ទ្រ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​សម្រាប់​សហ​គមន៍ ទន្ទឹម​នឹង​នោះ ចាត់​តាំង​សកម្ម​ភាព​ជួយ​ឧបត្ថម្ភ​កុមារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ក្នុង​ឱ​កាស​ទិវា​កុមារ​អន្តរ​ជាតិ ថ្ងៃ​ទី​១ ខែ​មិថុ​នា។

ផ្អែក​លើ​ស្មារតី​នោះ សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡុង​ភូ បាន​ចាត់​តាំង​យុទ្ធ​នា​ការ​កម្រិត​កំ​ពូល​ចុះ​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​និង​បើក​ដំ​ណើរ​ការ​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​​និក VNeID; ការ​បញ្ចូល​ឯក​សារ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៅ​ក្នុង​កម្ម​វិធី។ ជា​មួយ​គ្នា​នេះ ក៏​បាន​ជួយ​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​និង​អត្ថ​ប្រ​យោជន៍​ឌីជី​ថល​ផ្សេងៗ។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង បំ​ណិន​ឌីជី​ថល​ដល់​ប្រ​ជា​ជន ជំ​រុញ​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល ចូល​រួម​កសាង​រដ្ឋ​បាល​ឌីជី​ថល សង្គម​ឌីជី​ថល​នៅ​មូល​ដ្ឋាន ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​យុទ្ធ​នា​ការ​កំ​ពូល​ “៦០ថ្ងៃ​/យប់ ណែ​នាំ​ប្រ​ជា​ជន បើក​ដំ​ណើរ​ការ​និង​បញ្ចូល​ព័ត៌​មាន ទិន្ន​ន័យ​លើ​VNeID កម្រិត​២“ អា​ស្រ័យ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ផ្សព្វ​ផ្សាយ​អនុ​វត្ត។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​ឃុំ​ឡុង​ភូ ចេញ​យុទ្ធ​នា​ការ​កំ​ពូល​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​និង​បើក​ដំ​ណើរ​ការ​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក VNeID។

ទន្ទឹម​នឹង​នោះ នៅ​តំ​បន់​ជាប់​ឆ្នេរ​សមុទ្រ សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ចូវ សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ភឿក និង​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ខាញ់​ហ្វា បាន​សហ​ការ​ជា​មួយ​សាខា​យុវ​ជន​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​តំ​បន់​វិញ​ចូវ ចាត់​តាំង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត “វិស្សម​កាល​ក្រ​ហម”។ អង្គ​ភាព​ទាំង​នេះ បាន​ជូន​អំ​ណោយ ២៥ ចំ​ណែក​ដល់​កុមារ​ដែល​កំ​ពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មជ្ឈ​មណ្ឌល។ សកម្ម​ភាព​នេះ បាន​រួម​ចំ​ណែក​បង្ហាញ​ពី​តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ក្នុង​ការ​ថែ​ទាំ ការ​ពារ​កុមារ​និង​យុវ​វ័យ។

តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី​ ឡឺ​ធី​ង៉ុក​អាញ់ លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល គឺ​ជា​ឱ​កាស​មួយ​ដើម្បី​លើក​កម្ពស់​ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​លើ​វិស័យ​នា​នា​ក្នុង​ជីវ​ភាព​សង្គម; តាម​រយៈ​នោះ រួម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន ធា​នា​សុខុ​មាល​ភាព​សង្គម និង​រួម​ដៃ​គ្នា​កសាង​ទី​ក្រុង​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​និង​ទំ​នើប។

បន្ត​ពង្រីក​បរិយា​កាស​សកម្ម​ភាព​នៃ​ថ្ងៃ​ដំ​បូង​បើក​យុទ្ធ​នា​ការ សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ​គ្រប់​ថ្នាក់ ប្តេជ្ញា​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវវិស្សម​កាល ឆ្នាំ​២០២៦ ដើម្បី​បញ្ជាក់​ពី​តួ​នា​ទី​ឈាន​មុខ​របស់​យុវ​ជន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ និង​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​នូវ​ទិស​ដៅ ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ៕

ហុង​ទើ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ